ដោយ កែវ រតនៈ និង អ៊ឹង ប៊ុនថន ថ្ងៃច័ន្ទ ទី03 កញ្ញា ឆ្នាំ2012 ម៉ោង11:20
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ការពារនិងបញ្ចប់ភាពភ័យខ្លាចចំពោះអ្នកសារព័ត៌មាន និងអ្នកសរសេរប្លុកដែលហ៊ានរិះគន់រដ្ឋាភិបាល។នៅក្នុងរបាយការណ៍ស្តីពីគោលនយោបាយសង្ខេបលទ្ធផលនៃ កិច្ចពិភាក្សាតុមូល ស្តីពីសេរីភាពបញ្ចេញមតិ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចំនួន៦ទំព័រ ដែលចេញផ្សាយនៅពេលថ្មីៗនេះ បានសរសេរថា អ្នកសារព័ត៌មាន និងអ្នកសរសេរប្លុក មានភាពភ័យខ្លាច ក្នុងការសរសេរអត្ថបទរិះគន់រដ្ឋាភិបាល នៅពេលដែលក្រុមអ្នកទាំងនោះ ត្រូវបានចាប់ខ្លួន ឬរំលោភបំពានលើរូបរាងកាយ។
របាយការណ៍ដដែលនេះ បានផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលថា គួរតែបញ្ចប់វប្បធម៌ភ័យខ្លាច និងការពារក្រុមអ្នកទាំងនោះ ជាជាងធ្វើទុក្ខបុកម្នេញលើបុគ្គលដែលហ៊ានរិះគន់ រដ្ឋាភិបាល។ អង្គការសិទ្ធិមនុស្សមួយនេះ ទាមទារឲ្យផ្តន្ទាទោសចំពោះបុគ្គលណាដែលគំរាមកំហែង និងរំលោភបំពានលើអ្នកសារព័ត៌មាន ឬអ្នកសរសេរប្លុក។ តែទោះជាយ៉ាងណា របាយការណ៍ដដែលបន្ថែមថា រដ្ឋាភិបាលអាចធ្វើបែបនេះបាន លុះត្រាតែធានាថា តុលាការឯករាជ្យនិងមិនមានអំពើពុករលួយ។
យោងតាមរដ្ឋធម្មនុញ្ញ មាត្រា ៤១ ចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការ បញ្ចេញមតិ សិទ្ធិសេរីភាពខាងព័ត៌មាន សេរីភាពខាងការបោះពុម្ភផ្សាយ និងសេរីភាពខាងការជួបប្រជុំ៕
No comments:
Post a Comment