ដោយ វិជ័យ អានន្ទ
2012-09-11
មន្ត្រីនៃក្រសួងយុត្តិធម៌ ទទួលយកញត្តិរបស់អ្នកបឹងកក់ និងអ្នកបុរីកីឡា ដែលសុំឲ្យក្រសួងយុត្តិធម៌ជួយធ្វើកិច្ចអន្តរាគមន៍ដោះលែងលោកស្រី យ៉ោម បុប្ផា សកម្មជនតវ៉ាដីធ្លីនៅតំបន់បឹងកក់ និងលោកស្រី ទឹម សាក់មុន្នី សកម្មជនតវ៉ាឲ្យក្រុមហ៊ុនផានអ៊ីមិច សង់អគារពីរខ្នងបន្ថែម នៅតំបន់បុរីកីឡានោះហើយ។តំណាងអ្នកបឹងកក់ និងអ្នកបុរីកីឡា ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត នៅទល់មុខក្រសួងយុត្តិធម៌ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២។
តំណាងឲ្យអ្នកភូមិបឹងកក់ និងបុរីកីឡាពីរនាក់ ឲ្យដឹងទល់មុខក្រសួងយុត្តិធម៌ថា មន្ត្រីនៃក្រសួងយុត្តិធម៌ដែលមិនប្រាប់ឈ្មោះម្នាក់ ទទួលយកញត្តិរបស់អ្នកបឹងកក់ និងអ្នកបុរីកីឡា ហើយ នៅព្រឹកថ្ងៃទី១១ កញ្ញា។ អ្នកភូមិទាំងអស់នោះអះអាងថា មន្ត្រីរូបនោះនិយាយថា គាត់នឹងនាំយកឯកសារទៅថ្នាក់លើ តាមការសំណូមពររបស់អ្នកភូមិ តែគាត់មិនធានាថា បញ្ហានេះនឹងត្រូវគេដោះស្រាយ ឬយ៉ាងណានោះទេ។
លោកស្រី ហេង មុំ តំណាងអ្នកបឹងកក់ ដែលបានចូលជួបមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍ថា ទាក់ទងនឹងការយកញត្តិមកដាក់នៅក្រសួងយុត្តិធម៌នេះ លោកស្រីហាក់មិនប្រាកដក្នុងចិត្តថា ក្រសួងនឹងជួយធ្វើកិច្ចអន្តរាគមន៍ដោះស្រាយនោះទេ តែយ៉ាងនេះក្ដី លោកស្រីគិតថា ក្រែងលោមន្ត្រីយុត្តិធម៌ទាំងនោះ មានមនសិការឈរលើគោលការណ៍យុត្តិធម៌ ជួយរកដំណោះស្រាយជូនអ្នកភូមិទាំងនេះ។
ជាមួយគ្នានេះ លោកស្រី ឆាយ គឹមហ៊ន តំណាងអ្នកបុរីកីឡា ដែលយកញត្តិដាក់ជូនមន្ត្រីក្រសួងយុត្តិធម៌ដែរនោះ ឲ្យដឹងថា ទោះបីលោកស្រីមានសង្ឃឹមតិចតួចចំពោះចំណាត់ការនៃកិច្ចអន្តរាគមន៍ របស់មន្ត្រីក្រសួងនេះក៏ដោយ តែលោកស្រីមិនអាចនៅស្ងៀម ដោយមិនធ្វើសកម្មភាពអ្វីនោះទេ ដូច្នេះ លោកស្រីចាំបាច់ដើរដាក់ញត្តិគ្រប់ស្ថាប័នពាក់ព័ន្ធ ដែលលោកស្រីគិតថាពួកគេអាចជួយដោះស្រាយបញ្ហាស្ត្រីទាំងពីរនាក់ ដែលគេឃុំខ្លួននេះបាន លោកស្រីនឹងធ្វើជាបន្តរហូតគេដោះលែងអ្នកទាំងពីរនាក់នេះ។
ទាក់ទងនឹងករណីនេះដែរ មន្ត្រីព័ត៌មាននៃអង្គការសិទ្ធិលំនៅឋាន កញ្ញា ឡុង គឹមហ៊ាង ដែលតាមដានព្រឹត្តិការណ៍នៃអ្នកបឹងកក់ និងអ្នកបុរីកីឡា ចាត់ទុកការចាប់ខ្លួនលោកស្រី យ៉ោម បុប្ផា និងលោកស្រី ទឹម សាក់មុន្នី នេះថា ជាការប្រឌិតរឿងឡើង ដើម្បីបង្វែរសាច់រឿង។ តាមពិត ទិសដៅសំខាន់នៃការចាប់ខ្លួននេះ គេចង់ធ្វើយ៉ាងណា ដើម្បីបំបាក់ស្មារតីសកម្មជនតវ៉ាដីធ្លីប៉ុណ្ណោះ។
កញ្ញា ឡុង គឹមហ៊ាង បញ្ជាក់ថា ចំពោះករណីលោកស្រី យ៉ោម បុប្ផា វាជារឿងចម្លែកមួយដែលធ្វើឲ្យគេសង្ស័យ។ លោកស្រី យ៉ោម បុប្ផា និងស្វាមី ត្រូវអាជ្ញាធរចាប់ខ្លួនតាមដីកាចោទក្នុងសាច់រឿងតែមួយ គឺបទល្មើសព្រហ្មទណ្ឌប្រើអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប៉ុន្តែតុលាការបានដោះលែងលោក លួស សាខន ជាស្វាមីលោកស្រី យ៉ោម បុប្ផា ទៅវិញ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក តែ សំអាង បានទេ នៅថ្ងៃទី១១ កញ្ញា ដោយទូរស័ព្ទចូលគ្មានអ្នកលើក។
ទោះយ៉ាងណា អ្នករាយការណ៍ពិសេសសិទ្ធិលំនៅឋាននៃអង្គការសហប្រជាជាតិ និងអង្គការជាតិចំនួន១០ ចេញសេចក្ដីថ្លែងការណ៍រួមគ្នា កាលពីថ្ងៃទី៧ កញ្ញា ឆ្នាំ២០១២ សុំឲ្យតុលាការពិចារណាឡើងវិញ និងសុំឲ្យមានការដោះលែងលោកស្រី យ៉ោម បុប្ផា និងលោកស្រី ទឹម សាក់មុន្នី សិន ដើម្បីផ្ដល់ឱកាសឲ្យពួកគាត់អាចរកមេធាវីការពារក្ដីរបស់ខ្លួនឲ្យ បានត្រឹមត្រូវ។
លោកស្រី យ៉ោម បុប្ផា ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៤ កញ្ញា ឆ្នាំ២០១២ និងបញ្ជូនខ្លួនភ្លាមៗទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ និងសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស។ តុលាការបានចោទលោកស្រី យ៉ោម បុប្ផា និងស្វាមី គឺលោក លួស សាខន ពីបទប្រើអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់។ ចំណែកលោកស្រី ទឹម សាក់មុន្នី ត្រូវតុលាការចេញដីកាកោះហៅ កាលពីថ្ងៃទី២៤ សីហា ឆ្នាំ២០១២ និងឲ្យចូលខ្លួនមកបំភ្លឺ កាលពីថ្ងៃទី៥ កញ្ញា និងសម្រេចឃុំខ្លួន នៅថ្ងៃនោះតែម្ដង ដោយតុលាការចោទពីបទប្រកាសព័ត៌មានមិនពិត៕
No comments:
Post a Comment