រដ្ឋាភិបាល កែសម្រួលក្រុមដោះស្រាយកូដកម្ម-បាតុកម្ម
- Thursday, 20 September 2012
- ម៉ៃ ទិត្យថារ៉ា
យោងតាម សៀវភៅរាជកិច្ច ដែលចេញផ្សាយពីទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០១២ ដែលភ្នំពេញ ប៉ុស្តិ៍ទើបតែទទួលបាន កាលពីម្សិលមិញ ក្នុងអនុក្រឹត្យ មាត្រាទី ១ បានចែងថា ត្រូវបានកែសម្រួលគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា ដែលសរសេរជាអក្សរកាត់ថា គ.ក.ប ជាយន្តការដោះស្រាយ និងផ្តល់យោបល់ ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មគ្រប់មុខសញ្ញា។
នៅ ក្នុងអនុក្រឹត្យ ត្រង់ជំពូកទី ៣ ស្តីអំពីតួនាទី ភារកិច្ច និងរចនា សម្ព័ន្ធ មាត្រាទី ៣ បានចែងថា គ.ក.ប មានតួនាទី និងភារកិច្ចតាមដានប្រមូលព័ត៌មាន លើកវិធានការទប់ស្កាត់ និងធ្វើអន្តរាគមន៍ដោះស្រាយតាមផ្លូវច្បាប់ នូវរាល់បញ្ហាកូដកម្ម បាតុកម្ម ដែលកើតមានឡើង។ ធ្វើរបាយការណ៍ និងលើកសំណើជូនរដ្ឋាភិបាល សុំវិធានការដោះស្រាយ។ ចុះដោះស្រាយ កូដកម្ម បាតុកម្ម ដល់មូលដ្ឋានជាក់ស្តែង តាមការចាំបាច់។ សហការជាមួយអង្គការដៃគូពាក់ព័ន្ធ និងនិយោជក។
លោក កែ សុខសិទ្ធិនី ទីប្រឹក្សាលោក អ៊ិត សំហេង និងជាសមាជិកគណៈកម្មការចម្រុះ ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម ថ្លែងថា វាជាការកែសម្រួលតែរចនាសម្ព័ន្ធប៉ុណ្ណោះ គឺពីមុនមានតែលេខាធិការដ្ឋាន តែឥឡូវមានអគ្គលេខាធិការដ្ឋានបន្ថែមទៀត។ លោកបន្ថែមថា៖«ការកែសម្រួលនោះ គឺមានភាពងាយស្រួលដល់បាតុករ និងកូដករក្នុងការដោះស្រាយព្រោះយើងមានមន្ត្រីច្រើនធ្វើការ»៕
No comments:
Post a Comment