Tuesday, September 25, 2012

អ្នក​ភូមិ​បឹងកក់​និង​អ្នក​បុរីកីឡា​ដាក់​បណ្ដាសា​ មន្ត្រី​ពុករលូយ

អ្នកភូមិបឹងកក់ និងអ្នកភូមិបុរីកីឡា ជិត ២០០នាក់ ដង្ហែក្បួនទៅកាន់រដ្ឋសភា និងទីស្នាក់ការរបស់អង្គការសហប្រជាជាតិ នៅកម្ពុជា ព្រមទាំងស្ថានទូតចំនួនពីរ គឺស្ថានទូតប្រទេសដាណឺម៉ាក (Denmark) ស្ថានទូតប្រទេសអាល្លឺម៉ង់ (Germany)។
តំណាងអ្នកបឹងកក់ លោកស្រី ទេព វន្នី ឲ្យដឹងនៅថ្ងៃទី២៤ កញ្ញា ថា ការដង្ហែគ្នាទៅកាន់រដ្ឋសភាជាតិក្នុងបំណងដាស់ស្មារតីរបស់មន្ត្រីរដ្ឋាភិបាល ដែលបានប្រព្រឹត្តល្មើសនឹងច្បាប់ សុំឲ្យពួកគេភ្ញាក់ខ្លួនឡើង និងងាកដើរផ្លូវត្រូវ និងគោរពច្បាប់ឡើងវិញ។ រីឯការដាក់ញត្តិនៅទីស្នាក់ការនៃអង្គការសហប្រជាជាតិ និងស្ថានទូតពីរទៀតនោះ គឺទិសដៅសុំឲ្យស្ថាប័នទាំងនោះ ជួយធ្វើកិច្ចអន្តរាគមន៍ដោះលែងលោកស្រី យ៉ោម បុប្ផា សកម្មជនតវ៉ាដីធ្លីនៅតំបន់បឹងកក់ និងលោកស្រី ទឹម សាក់មុន្នី សកម្មជនតំបន់បុរីកីឡា។
លោកស្រី ទេព វន្នី៖ «ពេលទៅរដ្ឋសភា យើងអត់ដាក់ញត្តិទេ ព្រោះថ្ងៃហ្នឹងថាគេអត់ធ្វើការទេ គ្រាន់តែថាចេញពីរដ្ឋសភាហ្នឹង ពួកខ្ញុំដង្ហែទៅយូ.អិន (UN) ចេញពីរដ្ឋសភាចូលយូ.អិន សិន ចេញពីយូ.អិន ហើយ យូ.អិន យើងដាក់ញត្តិ ដាក់ញត្តិដូចអាញត្តិខ្ញុំដាក់រាល់ដងអ៊ីចឹង។ មានរឿងសុំឲ្យមានការដោះលែងលោកស្រី យ៉ោម បុប្ផា ហើយមួយទៀត យើងសុំឲ្យគាត់ជួយធ្វើអន្តរាគមន៍ដីចំនួន ១២.៤៤ហិកតារ ឲ្យបានបោះព្រំឲ្យបានឆាប់ ដើម្បីបញ្ចប់ជម្លោះ ហើយនិងកុំឲ្យកាត់គ្រួសារណាចេញមួយ ហើយនិងសុំផ្ដល់ប្លង់កម្មសិទ្ធិជូន ៦៤គ្រួសារ ដែលមិនទាន់បាន ហើយដាក់ទៅន័យដូចគ្នា។ ប៉ុន្តែ ចេញពីយូ.អិន ហ្នឹងហើយ ខ្ញុំទៅស្ថានទូតដាណឺម៉ាក តែបីហ្នឹងទេ គ្រាន់តែថា ៤កន្លែង តែគ្រាន់ថាជាញត្តិដែលយើងដាក់ យើងដាក់បានបី»
អ្នកបឹងកក់ និងអ្នកបុរីកីឡា បានដង្ហែក្បួនដើរដាក់ញត្តិស្ថានទូតនានាជាបន្តបន្ទាប់ ក្រោយពីតំណាងរបស់ពួកគេត្រូវតុលាការសម្រេចឃុំខ្លួនបន្តបន្ទាប់គ្នានោះរួចមក។ លោកស្រី យ៉ោម បុប្ផា ត្រូវតុលាការសម្រេចឃុំខ្លួន កាលពីថ្ងៃទី៤ សីហា ឆ្នាំ២០១២ ដោយតុលាការចោទលោកស្រីថា បានប្រព្រឹត្តល្មើសទាក់ទងនឹងការប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ រីឯលោកស្រី ទឹម សាក់មុន្នី ត្រូវតុលាការសម្រេចឃុំខ្លួន ក្រោយលោកស្រី យ៉ោម បុប្ផា បាន ១ថ្ងៃ ដោយតុលាការចោទលោកស្រីថា បានប្រព្រឹត្តបទល្មើសប្រកាសព័ត៌មានមិនពិត៕
ប្រភពព័ត៌មានពី៖ អាស៊ីសេរី
*** សួម Share អត្ថបទខាងលើនេះ ទៅក្នុងបណ្តាញសង្គមរបស់អ្នក៖

No comments:

Post a Comment