ដោយ អៀត ដារ៉ាវុធ ថ្ងៃច័ន្ទ ទី10 កញ្ញា ឆ្នាំ2012 ម៉ោង09:32
អ្នកភូមិបឹងកក់ប្រមាណជា ២០០នាក់ បាននាំគ្នាទម្លុះរនាំងហាមឃាត់របស់សមត្ថកិច្ច នៅខាងមុខវិហារចាម ស្ថិតក្នុងសង្កាត់ស្រះចក ដើរឆ្ពោះទៅកាន់ក្រសួងយុត្តិធម៌ដើម្បីសុំឲ្យដោះលែងអ្នក ស្រី យ៉ោម បុប្ផា ។លោក ញឹម សុខន អ្នកយកព័ត៌មានរបស់ VOD ដែលតាមដានព្រឹត្តិការណ៍នេះ បានឲ្យដឹងថា នៅម៉ោងប្រមាណជា៨ព្រឹក ថ្ងៃច័ន្ទនេះ អ្នកភូមិបឹងកក់ និងអ្នកបុរីកីឡាប្រមាណជា២០០នាក់ នាំគ្នាដង្ហែជាក្បួនចេញពីភូមិ ឆ្ពោះទៅកាន់ក្រសួងយុត្តិធម៌ ដើម្បីដាក់ញ្ញាតិសុំឲ្យដោះលែងអ្នកស្រីយ៉ោម បុប្ឋា ដែលត្រូវតុលាការចាប់ខ្លួនកាលពីសប្តាហ៍មុន ប៉ុន្តែត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញប្រមាណ ជិត១០០នាក់ ប្រដាប់ដោយខែល និងដំបង បានដាក់បារ៉ាស់ ស្ទាក់ផ្លូវ អ្នកភូមិនៅខាងមុខវិហារចាម ស្ថិតនៅក្នុងសង្កាត់ស្រះចក។ ក្រោយពីមានការតវ៉ាគ្នាដោយពាក្យសម្តីខ្លាំងៗ រវាងអ្នកភូមិនិងសមត្ថកិច្ច អស់ជិតមួយម៉ោង អ្នកភូមិបាននាំគ្នាបុកទម្លុះរនាំងបាំងផ្លូវ រួចហើយធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស ឆ្ពោះទៅកាន់ក្រសួងយុត្តិធម៌។
ទោះជាយ៉ាងណា នៅតាមមហាវិថីព្រះមុនីវង្ស ប៉ូលីសបានដាក់បារ៉ាស់ នៅកន្លែងជាច្រើនទៀត ដើម្បីស្ទាក់អ្នកភូមិបឹងកក់ មិនឲ្យដង្ហែតទៅមុខទៀត។
កាលពីសប្តាហ៍មុន សាលាដំបូងរាជធានីភ្នំពេញ បានចាប់ខ្លួន អ្នកស្រី យ៉ោម បុប្ផា ដោយចោទពីបទបង្កហិង្សាដោយចេតនា និងចាប់ខ្លួនអ្នកស្រី ទឹម សាក់មុន្នី ពីបទញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋ៕
No comments:
Post a Comment