(អត្ថបទចុះ ផ្សាយនៅថ្ងៃ 04-09-2012, 11:51 am) | ដោយ សេង សេរីរត្ន័
ភ្នំពេញ៖ អង្គការសិទិ្ធមនុស្សនៅទីក្នុងតូក្យូប្រទេសជប៉ុន អំពាវនាវអោយរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការបណ្តេញប្រជាពលរដ្ឋចេញពី លំនៅដ្ឋាន ដោយប្រើប្រាស់កងកម្លាំងប្រដាប់អាវុធប្រឆាំងនឹងពលរដ្ឋសាមញ្ញដែលការពារ ដីរបស់ខ្លួន។
របាយការណ៍របស់អង្គការសិទិ្ធមនុស្សជប៉ុនបានបង្ហាញថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជាទៅអោយក្រុមហ៊ុន ឯកជនបានបណ្តាលអោយមានការបណ្តេញប្រជាពលរដ្ឋចេញពីសហគមន៍នានា ទូទាំងប្រទេស ដែលប្រជាពលរដ្ឋជាច្រើនក្នុងចំណោមនោះ ត្រូវបានបង្ខំអោយចេញពីដីរបស់ខ្លួន ឫត្រូវជាប់ពាក់ព័ន្ធក្នុងជម្លោះដីធ្លីដីអូសបន្លាយជាមួយក្រុមហ៊ុន ជួល ដីទាំងនោះ។
ប៉ុនែ្ត របាយការណ៍បន្តថា នៅពេលអ្នកភូមិតស៊ូតវ៉ាប្រឆាំងនឹងនយោបាយដីធ្លីបែបនេះ រដ្ឋាភិបាលកម្ពុជាតែងតែចាត់វិធានការដោយប្រើកម្លាំងដែលជាការរំលោភសិ ទិ្ធមនុស្សយ៉ាងធ្ងន់រួមទាំងការដាក់ពង្រាយទ័ព ការសង្កត់សង្កិនដោយអំពើហិង្សា ការចាប់ខ្លួនមនុស្ស និងការផ្តន្ទាទោស ព្រមទាំងការវាយប្រហារ និងគំរាមកំហែងមកលើសកម្មជនការពារសិទិ្ធមនុស្សទៀតផង។
ហេតុការណ៍មួយដែលធ្ងន់ជាងគេបំផុតមួយគឺការសម្លាប់កេ្មងស្រីឈ្មោះ ហេង ចន្ថា អាយុ១៤ឆ្នាំ កាលពីថៃ្ងទី១៦ ខែឧសភា នៅក្នុងខេត្តក្រចះ អំឡុងប្រតិបតិ្តការរបស់ទាហាននិងនគរបាលរាប់រយនាក់ ដើម្បីបណេ្តញប្រជាពលរដ្ឋចេញ។ ប៉ុន្តែ អ្នកនាំំពាក្យក្រសួងមហាផៃ្ទ លោក ខៀវ សុភ័គ មានប្រសាសន៍ប្រាប់កាសែតខេមបូឌា ដេលី ថា ការបាញ់សម្លាប់ក្មេងស្រីវ័យជំទង់ក្នុងខេត្តក្រចេះនោះ គឺជាឧបទ្ទវហេតុចៃដន្យប៉ុណ្ណោះ។
អង្គការសិទិ្ធមនុស្សជប៉ុនក៏បានវាយតម្លៃពីជម្លោះដីធ្លីនៅឯសហគមន៍ បឹងកក់ និងសហគមន៍បុរីកីឡា ក្នុងរាជធានីភ្នំពេញផងដែរ។ អង្គការដដែលកត់សម្គាល់ថា គ្មានហេតុផលដែលត្រូវប្រើកម្លាំងបាយលើប្រជាពលរដ្ឋឡើយ ៕
No comments:
Post a Comment