អ្នកបឹងកក់និងបុរីកីឡាដាក់ញត្តិទៅប្រទេស ម្ចាស់ជំនួយជួយអន្តរាគមន៍ ដោយ វិជ័យ អានន្ទ 2012-09-26 អ្នកភូមិបឹងកក់ និងអ្នកភូមិបុរីកីឡា ជាង ១០០នាក់ នាំគ្នាយកញត្តិទៅជូនប្រទេសម្ចាស់ជំនួយ សុំឲ្យប្រទេសទាំងនោះ ជួយធ្វើកិច្ចអន្តរាគមន៍ទៅរដ្ឋាភិបាល ឲ្យដោះលែងសកម្មជនតវ៉ាដីធ្លីទាំងពីរនាក់របស់ពួកគេ គឺលោកស្រី យ៉ោម បុប្ផា សកម្មជននៅតំបន់បឹងកក់ និងលោកស្រី ទឹម សាក់មុន្នី សកម្មជននៅតំបន់បុរីកីឡា។
RFA/Vichey Anandh
សកម្មភាពអ្នកបឹងកក់ តវ៉ាសុំប្រទេសម្ចាស់ជំនួយធ្វើអន្តរាគមន៍ ឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លី និងបញ្ហាឃុំខ្លួនអ្នកតំណាងរបស់ពួកគេ នៅមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្បែរវត្តភ្នំ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២។
អ្នកទាំងពីរនាក់ ត្រូវសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន កាលពីថ្ងៃទី៤ និង៥ កញ្ញា។ ក្រុមអ្នកតវ៉ា បានសុំឲ្យប្រទេសម្ចាស់ជំនួយទាំងនោះ ជំរុញរដ្ឋាភិបាល ដោះស្រាយបញ្ហាដីធ្លីតំបន់បឹងកក់ និងគោរពកិច្ចសន្យាសង់អគារពីរខ្នងបន្ថែម នៅតំបន់បុរីកីឡា ឲ្យពួកគាត់។
តំណាងអ្នកភូមិបឹងកក់ លោកស្រី ទេព វន្នី មានប្រសាសន៍កណ្ដាលហ្វូងនៃបាតុករ ដែលឈរស្រែកអំពាវនាវនាមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្បែរវត្តភ្នំ រាជធានីភ្នំពេញ ថា ការប្រមូលគ្នារបស់អ្នកបឹងកក់ និងបុរីកីឡា មកឈរស្រែកអំពាវនាវនេះ ដោយលោកស្រីសង្ឃឹមថា ប្រទេសម្ចាស់ជំនួយឮពាក្យពេចន៍របស់ក្រុមពលរដ្ឋរងគ្រោះនៃតំបន់ទាំង ពីរ ដែលដង្ហោយហៅរកអ្នកជួយដោះស្រាយបញ្ហារបស់ពួកគាត់ កំពុងតែជួបប្រទះ និងទទួលរងនូវទុក្ខលំបាកគ្រប់បែបយ៉ាង ពីសំណាក់មន្ត្រីរដ្ឋាភិបាលមួយចំនួន ជាពិសេស មន្ត្រីសាលារាជធានីភ្នំពេញ។
លោកស្រី ទេព វន្នី៖
«ត្រូវការឲ្យមន្ត្រីអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ ដែលមានតួនាទីជាអ្នកការពារជាតិ ការពារប្រជាពលរដ្ឋនេះឲ្យគាត់ធ្វើការបម្រើពួកខ្ញុំ ប៉ុន្តែ ជាក់ស្ដែងគេទុកពួកខ្ញុំចោលដូចកូនតែលតោលគ្មានម៉ែគ្មានឪ ថ្ងៃណាត្រូវគេចង់វ៉ៃ គេវ៉ៃពួកខ្ញុំ គេចាប់ គេចាប់ពួកខ្ញុំ» ។
លោកស្រី ទេព វន្នី រៀបរាប់ថា មន្ត្រីសាលារាជធានីភ្នំពេញ មិនត្រឹមតែមិនគោរពតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ដែលបានផ្ដល់ដី ១២,៤៤ហិកតារ ដល់អ្នកភូមិបឹងកក់ នោះទេ តែមន្ត្រីទាំងនោះតែងព្យាយាមប្រើមធ្យោបាយផ្សេងៗ ធ្វើទុក្ខបុកម្នេញអ្នកភូមិទៀតផង។ ជាក់ស្ដែង សកម្មជនពីរនាក់ ត្រូវតុលាការសម្រេចឃុំខ្លួនជាបន្តបន្ទាប់។
ហេតុនេះ លោកស្រីជឿថា បន្ទាប់ពីប្រទេសម្ចាស់ជំនួយឮសូរសព្ទរៀបរាប់ពីទុក្ខកង្វល់ទាំង នេះហើយ ពួកគេទទួលយកញត្តិរបស់អ្នកភូមិទាំងពីរយកទៅពិចារណា និងជំរុញរដ្ឋាភិបាលឲ្យបញ្ជាមន្ត្រីក្រោមឱវាទរបស់ខ្លួន ដោះស្រាយបញ្ហារបស់ពលរដ្ឋទៅតាមអនុក្រឹត្យ និងកិច្ចសន្យាដែលបានដាក់ចេញ និងព្រមព្រៀងគ្នានាពេលកន្លងមក ព្រមទាំងបញ្ឈប់មន្ត្រីក្រោមឱវាទ និងក្រុមហ៊ុនប្រើប្រព័ន្ធតុលាការជាឈ្នាន់ ចាប់សកម្មជនរបស់ពួកគេដាក់ពន្ធនាគារ។
ជាមួយគ្នានេះ អ្នកភូមិបុរីកីឡា ឈ្មោះ ឆាយ គឹមហ៊ន មានប្រសាសន៍ថា ការជួបប្រជុំគ្នានៃប្រទេសម្ចាស់ជំនួយ នៅថ្ងៃទី២៦ កញ្ញា ជាឱកាសល្អសម្រាប់អ្នកភូមិបឹងកក់ និងបុរីកីឡា ក្នុងការសុំឲ្យប្រទេសទាំងនោះជួយធ្វើកិច្ចអន្តរាគមន៍ទៅ រដ្ឋាភិបាល ឲ្យដោះលែងលោកស្រី ទឹម សាក់មុន្នី និងលោកស្រី យ៉ោម បុប្ផា។ បន្ថែមលើនេះ លោកស្រីបញ្ជាក់ថា បើទោះបីលោកស្រីខំដើរស្រែកតវ៉ាជារៀងរាល់ថ្ងៃយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលហាក់ធ្វើមិនដឹង មិនឮនឹងទុក្ខលំបាករបស់អ្នកភូមិឡើយ ហេតុនេះ លោកស្រីគិតថា ប្រទេសម្ចាស់ជំនួយទំនងជាអាចជួយជំរុញរដ្ឋាភិបាលដោះស្រាយបញ្ហាអ្នក ភូមិទាំងពីរ ដើម្បីបញ្ចប់ជម្លោះ។
ទោះយ៉ាងណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ប្រទេសកម្ពុជា ជាប្រទេសដែលមានអធិបតេយ្យភាព ដូច្នេះ រឿងរ៉ាវនៃប្រទេសនេះ គ្មានប្រទេសណា ឬអង្គការណាមួយអាចដោះស្រាយជំនួសបានឡើយ។ បន្ថែមលើនេះ លោកអះអាងបន្តថា បញ្ហារបស់អ្នកបឹងកក់ និងបុរីកីឡា នេះ ចាំបាច់ត្រូវដោះស្រាយតាមផ្លូវតុលាការ។
ចំណែកឯបញ្ហាអ្នកបឹងកក់ កន្លងមក មន្ត្រីសាលារាជធានីភ្នំពេញ បានដោះស្រាយជាហូរហែ ហើយអ្នកភូមិដែលនៅសេសសល់ចំនួន ៦៤គ្រួសារ ដែលមិនទាន់បានដោះស្រាយនោះ មន្ត្រីសាលាក្រុងនឹងដោះស្រាយជាបន្តទៀត៖
«អ្វីដែលចង្អុលបង្ហាញ តាមរដ្ឋធម្មនុញ្ញ គឺចង្អុលបង្ហាញទៅតាមអ្វីដែលយើងធ្លាប់ប្រតិបត្តិទៅតាមតុលាការ កម្ពុជា ដូច្នេះ នៅក្នុងន័យនេះ គ្មានប្រទេសណាមួយ អង្គការណាមួយ ដែលអាចរកខុសត្រូវឲ្យប្រជាពលរដ្ឋខ្មែរនៅក្នុងរឿងអ្វីៗទាំងឡាយ ទាំងពួង ក្រៅពីតុលាការខ្មែរ» ។
ផ្ទុយនឹងការលើកឡើងរបស់មន្ត្រីនាំពាក្យ នៃទីស្ដីការគណៈរដ្ឋមន្ត្រីនេះ ក្រុមអង្គការឃ្លាំមើល និងសង្កេតការណ៍ផ្នែកសិទ្ធិមនុស្សអន្តរជាតិចំនួន៨ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី២៥ កញ្ញា សុំឲ្យប្រទេសផ្ដល់ជំនួយធ្វើយ៉ាងណា ជំរុញរដ្ឋាភិបាលដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ជាពិសេស ជំរុញឲ្យរដ្ឋាភិបាលដោះលែងលោកស្រី យ៉ោម បុប្ផា លោកស្រី ទឹម សាក់មុន្នី ដែលតុលាការបានសម្រេចឃុំខ្លួន កាលពីថ្ងៃទី៤ និង៥ កញ្ញា។ ព្រោះការចាប់ខ្លួនអ្នកទាំងពីរនេះ ជាការរំលោភសិទ្ធិមនុស្ស។
អង្គការអន្តរជាតិទាំង៨ នោះ មានអង្គការវេទិកាអាស៊ីសម្រាប់សិទ្ធិមនុស្សនិងការអភិវឌ្ឍ (Asian Forum for Human Rights and Development) អង្គការការពារសិទ្ធិពលរដ្ឋ (Civil Rights Defenders) អង្គការហ្រ្វីដឹម ហោស (Freedom House) និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ជាដើម។
ស្របគ្នានេះដែរ អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ លោក សុរិយ៉ា ស៊ូប៊ែរឌី (Soriya, P.Subedi) បានបង្ហាញរបាយការណ៍របស់ខ្លួន ស្ដីពីផលប៉ះពាល់ដោយសារការផ្ដល់សម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៥ នៅក្រុងហ្សឺណែវ ប្រទេសស្វីស ថា ពលរដ្ឋដែលទទួលផលប្រយោជន៍ពីការផ្ដល់ដីទៅឲ្យក្រុមហ៊ុនធ្វើ វិនិយោគនោះ មានតិចតួច តែពលរដ្ឋរងផលប៉ះពាល់វិញ គឺមានច្រើន។
បន្ថែមលើនេះ របាយការណ៍នេះបង្ហាញទៀតថា កត្តាដែលនាំឲ្យមានបញ្ហានេះ បណ្ដាលមកពីមន្ត្រីរបស់រដ្ឋាភិបាលប្រព្រឹត្តអំពើពុករលួយដល់ឆ្អឹង ចាប់តាំងពីថ្នាក់លើដល់ថ្នាក់មូលដ្ឋាន ដោយពួកគេមិនបានដោះស្រាយបញ្ហាដីធ្លីតាមគោលនយោបាយ និងច្បាប់របស់រដ្ឋាភិបាលបានដាក់ចេញនោះឡើយ៕
No comments:
Post a Comment