Friday, August 24, 2012

UN៖ កម្ពុជា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​លើ​ស្ត្រី

Friday, 24 August 2012

120824_13
លោកស្រី Heyzer ជួបជាមួយសហគ្រិនស្រ្តីកាល​ពីថ្ងៃពុធនៅ​រាជធានីភ្នំពេញ។ រូបថត ហុង មិនា
ភ្នំពេញៈ អគ្គលេខាធិការ​រង​អង្គការ​សហ​ប្រជា​ជាតិ លោក​ស្រី Noeleen Heyzer បាន​ឲ្យ​ដឹង​ថា កម្ពុជា​ចាំ​បាច់​ត្រូវ​វិនិយោគ​លើ​ស្ត្រី​ដើម្បី​ជួយ​ដល់​ការ អភិវឌ្ឍ និង​ធ្វើ​សមាហ​រណ​កម្ម​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។
លោកស្រី Heyzer អគ្គលេខា​ធិការ​គណៈ​កម្មាធិការ​សេដ្ឋកិច្ច​សង្គម​ប្រចាំ​តំបន់​អាស៊ី ប៉ាស៊ីហ្វិក (ESCAP) បាន​ជួប​ប្រជុំ​ជាមួយ​លោក​ស្រី​ អ៊ឹង កន្ថាផាវី រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​នារី និង​សមាជិក​សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា កាល​ពីថ្ងៃ​ពុធ ដើម្បី​ពិភាក្សា​ពី​ការ​វិវត្ត របស់​វិស័យ​ឯកជន និង​រដ្ឋាភិបាល​ដើម្បី​លើក​កម្ពស់​តួនាទី​របស់​ស្រ្តី​ក្នុង​វិស័យ​ សេដ្ឋកិច្ច។
លោកស្រី Heyzer បាន​កោត​សរសើរ​ចំពោះ​ការ​អភិវឌ្ឍ​នានា ដែល​អង្គការ និង​រដ្ឋាភិបាល បាន​អនុវត្ត​នាពេល​កន្លង​មក ដើម្បី​លើក​កម្ពស់​ជីវភាព​របស់​ស្រ្តី​នៅ​កម្ពុជា តែ​លោក​ស្រី​បាន​អំពាវ​នាវ​ឲ្យ​មាន​សកម្ម​ភាព​បន្ថែម​ទៀត ដោយ​សារ​តែ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ក្នុង​រយៈ​ពេល​ដ៏ខ្លី​ខាង​មុខ​នេះ នឹង​ត្រូវ​ការ​ការងារ​ជា​ច្រើន​ដើម្បី​ធានា​ឲ្យ​កម្ពុជា នៅ​តែ​មាន​លទ្ធភាព​ប្រកួត​ប្រជែង។
លោកស្រី មាន​ប្រសាសន៍​បន្ត​ថា៖ ​«ដំណើរ​ការ​ធ្វើ​សមាហរណ​កម្ម​ទាំង​មូល​នឹង​ជួយ​បង្កើត​ហេដ្ឋា​រចនា សម្ព័ន្ធ​នេះ​ឡើង។ ដូច្នេះ វា​ពិត​ជា​ហេដ្ឋារចនា​សម្ព័ន្ធ ដែល​គេ​ចាត់​ទុក​ថា​ជា​ផ្នែក​រឹង​នៃ​ការ​ភ្ជាប់​ទំនាក់​ទំនង តែ​យើង​ក៏​ចាំបាច់​ត្រូវ​ពិនិត្យ​មើល​កម្ម​វិធី​ក្នុង​ការ​ភ្ជាប់​ទំនាក់ ទំនង​ផង​ដែរ»។
តួនាទី​របស់​ស្ត្រី​ក្នុង​នាម​ជា​សហគ្រិន និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សមាគម​សហ​គ្រិន​ស្រ្តី​កម្ពុជា ក្នុង​ការ​បង្កើន​ឱកាស​ធ្វើ​ការ​រួម​គ្នា ដើម្បី​ផ្តល់​ឱកាស​ដល់​ស្រ្តី ប្រមូល​កម្លាំង​គ្នា​អភិវឌ្ឍ​អាជីវកម្ម​របស់​ខ្លួន និង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ដែល​គេ​មើល​ឃើញ​ថា​ជាកិច្ច​ខិត​ខំ​ប្រឹង ប្រែង​មួយ​ក្នុង​ចំណោម​កិច្ច​ខិ​តខំ​ប្រឹង​ប្រែង​សំខាន់ៗ​ជា​ច្រើន ក្នុង​ការ​ផ្តល់​លទ្ធភាព​ដល់​កម្ពុជា ត្រៀម​ខ្លួន​សម្រាប់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដោយ​ធានា​ថា ពលរដ្ឋ​កម្ពុជា​មាន​ជំនាញ​ចាំ​បាច់​ដើម្បី​ធ្វើ​អាជីវកម្ម គឺ​មាន​សារៈ​សំខាន់ ដូច​មាន​មធ្យោ​បាយ​ធ្វើ​អាជីវកម្ម​ដែរ។
លោកស្រី Heyzer ក៏​បាន​សម្តែង​ក្តី​បារម្ភ​ផង​ដែរ​ដោយ​បាន​លើក​ឡើង​ថា កម្ពុជា ចាំ​បាច់​ត្រូវ​ខិតខំ​ពង្រឹង​ខ្លួន​ឯង​បន្ថែម​ទៀត តាម​រយៈ​ការ​ធ្វើ​ពិពិធកម្ម​៖ ​«ខ្ញុំ​យល់ថា អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ត្រូវ​ក្រឡេក​មើល​ថា​តើ​សមាហរណ​កម្ម សេដ្ឋកិច្ច នឹង​ចាប់​ផ្តើម​កើត​ឡើង​ដោយ​របៀប​ណា? អ្នក​មាន​វិស័យ​ផលិតកម្ម​ទាំង​មូល ដែល​បាន​ផ្តោត​លើ​ការ​ផលិត​សម្លៀក​បំពាក់ តែ​ទន្ទឹម​នឹង​នោះ​ដែរ អ្នក​ក៏​ចាំ​បាច់​ត្រូវ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ទាំង​មូល​ផង​ដែរ»។ លោក​ស្រី បាន​បន្ត​ថា វិស័យ​ទេសចរណ៍ គឺ​ជា​វិស័យ​សំខាន់​មួយ​ទៀត​នៅ​កម្ពុជា ដូច្នេះ ការ​ផ្តល់​សេវា​កម្ម​ជា​ច្រើន​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ក៏​នឹង​ក្លាយ​ជា កត្តា​សំខាន់​ផង​ដែរ។
រដ្ឋមន្ត្រីក្រសួង​កិច្ច​ការនារី លោក​ស្រី អ៊ឹង កន្ថាផាវី បាន​មាន​ប្រសាសន៍​ថា៖ «​រាល់​ការ​វិវត្ត​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា នឹង​ចុះ​ខ្សោយ នៅ​ពេល​ដែល​យើង​នៅ​តែ​មិន​អាច​ទាញ​យក​ផល​ប្រយោជន៍​ពី​សក្តានុពល​របស់ ស្រ្តី​រាប់​ពាន់​នាក់​បាន​នោះ»។
ដំណើរទស្សនកិច្ច​របស់​លោក​ស្រី Heyzer មក​កម្ពុជា ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ផ្នែក​នៃ​ការ​វិវត្ត​ស្ថាន​ភាព​យេនឌ័រ ក្នុង​ការ​សម្រេច​ឲ្យ​បាន​គោល​ដៅអភិវឌ្ឍន៍​សហស្សវត្ស៍៕BP

No comments:

Post a Comment