ដោយ ជន ស្រីណុច និងស៊ុន ណារិន
ថ្ងៃសុក្រ ទី03 សីហា ឆ្នាំ2012 ម៉ោង17:52
ប្រជាពលរដ្ឋ ដែលមានផ្ទះសម្បែង
ប៉ះពាល់ដល់គម្រោងពង្រីកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្នុង
ខណ្ឌពោធិ៍សែនជ័យ បានអះអាងថា អាជ្ញាធរ
ចុះវាស់វែងដីរបស់ប្រជាជន មិនមានឯកសារត្រឹមត្រូវ
និងបានគំរាមពួកគាត់។
តំណាងពលរដ្ឋម្នាក់សុំមិនឲ្យបញ្ចេញឈ្មោះ បានប្រាប់ VOD
នៅរសៀលថ្ងៃសុក្រ ទី០៣ ខែសីហានេះថាពួកគាត់
មិនសុខចិត្តនឹងការចុះវាស់ដីធ្លីរបស់សមត្ថកិច្ច មន្ត្រីសូរិយោដី
និងកងកម្លាំងជាច្រើននាក់ នៅថ្ងៃទី៣ ខែសីហានេះ
ដោយអាជ្ញាធរទាំងអស់នោះ មិនមានលិខិតច្បាស់លាស់
ធ្វើឲ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់។ អ្នកស្រីបន្តថា
ប្រជាពលរដ្ឋមានឈ្មោះឲ្យគេវាស់ដី មានចំនួនប្រមាណជា
២០០គ្រួសារ ក្នុងចំណោម ៤០០គ្រួសារ ៖
“តែពួកបងនៅតែមិនសុខចិត្ត មិនអស់ចិត្តនឹងអារឿងគេធ្វើអី
គ្មានលាក់លៀមជាអក្សរមកអោយយើង គេនិយាយមាត់ផ្ទាល់មាត់
វាអញ្ចឹងឥឡូវបងកំពុងតែមន្ទិលសង្ស័យខ្លាំងណាស់
អញ្ចឹងបងនៅតែមិនយល់ថា អាជ្ញាធរដែនដីជាឪពុកម៉ែឪយើងនេះ
មិនដឹងជាគាត់មានគំនិតបែបណាចំពោះយើង”។ពលរដ្ឋម្នាក់ទៀតបានអះអាងថា នៅពេលដែលប្រជាជននាំគ្នាថតរូប អាជ្ញាធរ ដែលកំពុងវាស់វែងដីនោះ ស្រាប់តែគំរាមមិនឲ្យថតរូបទេ ៖ “កំពុងតែចុះវាស់វែង ប៉ុន្តែគ្រាន់ថាខាងពួកខ្ញុំ គ្រាន់តែថតតាមទូរស័ព្ទហ្នឹង មន្ត្រីខាងវាស់វែងហ្នឹងគេឆក់ទូរស័ព្ទពីដៃ អត់អោយថតទេ ហើយគេឆក់ទូរស័ព្ទពីដៃ យកមកលប់ចោលទៀត ហើយគេគំរាម”។
ស្តាប់សម្លេង៖
អាជ្ញាធរពាក់ព័ន្ធករណីវាស់ដីធ្លីនេះ ដូចជា អភិបាលខណ្ឌពោធិ៍សែនជ័យ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ដោយពួកគាត់ថា មិនដឹងពីបញ្ហានេះទេ។ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ដែលបានឃ្លំាមើលបញ្ហានេះ មានប្រសាសន៍ថា អាជ្ញាធរគួរតែផ្តល់ដំណឹងដល់ប្រជាពលរដ្ឋជាមុន មិនគួរមកដល់អនុវត្តភ្លាមៗទេ។ លោកថា អាជ្ញាធរ មិនព្រមប្រាប់ឈ្មោះ ឬតួនាទីដល់ប្រជាពលរដ្ឋទេ ៖ “អភិវឌ្ឍន៍បើយើងអត់បង្ហាញពីតម្លាភាពអញ្ចឹង កាលណាតែអត់មានតម្លាភាពហើយ យើងចេះតែធ្វើៗ អាងតែយើងជាអាជ្ញាធរ ហើយយើងមានអំណាច យើងធ្វើស្រេចតែចិត្តអី អត់បានគិតអំពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ អាហ្នឹងវាធ្វើអោយអាការងារគេហៅថាខ្វះសមត្ថភាព នៅក្នុងការចាត់ចែងការងារ ឬក៏ធ្វើការងារ សហការជាមួយប្រជាពលរដ្ឋអោយរលូន”។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១២ ប្រជាពលរដ្ឋ ដែលរស់នៅជាប់របងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ម្តុំរោងចក្រដែកគោល ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានតវ៉ានៅសាលារាជធានីភ្នំពេញ ដើម្បីឲ្យមានការពន្យារពេលរុះរើផ្ទះសម្បែងរបស់ពួកគាត់។ គម្រោងពង្រីកព្រលានយន្តហោះនោះ បានប៉ះពាល់ភូមិចំនួនបី គឺមានភូមិព្រៃជីស័ក្ត ភូមិគោកចំបក់ និងភូមិថ្មគោល ដែលមានប្រជាពលរដ្ឋរស់នៅប្រមាណជា៤០០ គ្រួសារ៕
No comments:
Post a Comment