ដោយ ណាត សុភាព និងស៊ុន ណារិន
ថ្ងៃព្រហស្បតិ៍ ទី02 សីហា ឆ្នាំ2012 ម៉ោង17:04
អ្នកភូមិបឹងកក់ប្រមាណជាង ៣០នាក់
អំពាវនាវឲ្យមានការអន្តរាគមន៍ស្វែងរកយុត្តិធម៌ពីភរិយាលោកនាយក
រដ្ឋមន្រ្តី លោក ជំទាវ ប៊ុនរ៉ានី ហ៊ុនសែន
ទាក់ទងនឹងរឿងក្តីនៃការរលូតកូន។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន និងក្នុងសន្និសីទកាសែត
នាព្រឹកថ្ងៃព្រហស្បតិ៍ទី០២ ខែសីហានេះ ជនរងគ្រោះរលូតកូន អ្នកស្រី បូវ
ស្រីស្រស់ ស្នើសុំប្រមុខរដ្ឋាភិបាល និងលោកជំទាវ
ជួយរកយុត្តិធម៌ឲ្យគាត់
ដែលកំពុងរំលោភបំពានក្នុងនាមជាស្រ្តី។អ្នកភូមិបឹងកក់ ក៏បានប្រតិកម្ម ទៅលើពាក្យសម្តីរបស់ស្នងការរងរាជធានីភ្នំពេញលោក ភួង ម៉ាឡៃ នៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ដែលពួកគេលើកឡើងថា ជាពាក្យអសីលធម៌ធ្វើឲ្យប៉ះពាល់ដល់ជន អ្នកស្រី បូវ ស្រីស្រស់ យ៉ាងធ្ងន់ធ្ងរ។ អ្នកស្រី ទេព វន្នី មានប្រសាសន៍ថា លោក ភួង ម៉ាឡៃ ស្នងការរងរាជធានីភ្នំពេញ មិនសាកសមកាន់តួនាទីបំរើប្រជាពលរដ្ឋនោះទេ ៖ “ព្រោះគាត់បានសារភាពហើយ ហើយគាត់បានឆ្លើយយ៉ាងទាំងបំពានហើយប្រមាថមើលងាយ បង្ហាញពីអត្ថចរិត មិនសាកសមជាមន្ត្រីរដ្ឋាភិបាល ជាមន្រី្តការពារប្រជាពលរដ្ឋ ហើយមើលទៅគាត់ជាមនុស្សគ្មានការអប់រំ គ្មានចំណេះដឹង ដែលសាកសមក្នុងការធ្វើការ តួនាទីនេះទេ។”
ជនរងគ្រោះ អ្នកស្រី បូវ ស្រីស្រស់ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែកក្កដា ដើម្បីស្វែងរកយុត្តិធម៌ក្នុងករណីដែលអ្នកស្រីត្រូវបានអាជ្ញាធរវាយ ដល់ថ្នាក់រលូតកូន កាលពីថ្ងៃទី២៧ ខែមិថុនា កន្លងទៅ។
ទាក់ទងនឹងបញ្ហានេះ នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន ពន្យល់ទៅលើការវាយដំនោះថា ប្រសិនបើសមត្ថកិច្ចមិនបានដឹងថាស្រ្តីនោះមានកូនទេ គឺមានន័យថាសមត្ថកិច្ច មិនត្រូវមានទោសទេ តែជនល្មើសនោះត្រូវសងសំណងរដ្ឋប្បវេណីមកឲ្យជនរងគ្រោះ តាមផ្លូវច្បាប់ ៖ “បានទារក្នុងនាមអាដែង រឿងរដ្ឋប្បវេនី រឿងថាយើងចង់ឲ្យគេជាប់គុក លុះត្រាតែអ្នកធ្វើហ្នឹង មានចេតនាច្បាស់លាស់ ដូចថាដឹងអ្នកហ្នឹងទំងន់ហើយ ធាក់គេឲ្យរលូតកូន យល់នូវ។”
គួរបញ្ជាក់ថា អ្នកស្រី បូវ ស្រីស្រស់ បានរលូតកូននៅក្នុងផ្ទៃអាយុ ២ខែ នៅពេលដែលអ្នកស្រី ប៉ះទង្គិចជាមួយនឹងកម្លាំងចម្រុះរបស់រដ្ឋាភិបាលក្នុងរឿង ជម្លោះដីធ្លីកន្លងមក៕
No comments:
Post a Comment