Wednesday, August 1, 2012

រាជធានីពិនិត្យលើការគ្រប់គ្រងគ្រោះអាសន្ននៅក្នុង និងជុំវិញ អាកាសយានដ្ឋាន

Saturday, 23 Apr 2011 13:19
ដើម្បីសម្រេចឱ្យបាន ​ តាម​សារាចរណែនាំរបស់រាជរដ្ឋាភិបាល​លេខ០៣ សរណន ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១១ ដែលបានដាក់ចេញ​ស្តី​អំពី ការគ្រប់គ្រងគ្រោះអាសន្ននៅក្នុង និងក្បែរអាកាសយានដ្ឋាន នៅព្រឹក​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១១ នៅសាលារាជធានីភ្នំពេញ មានបើកកិច្ច​ប្រជុំពិភាក្សាជាបន្ទាន់មួយក្រោមការដឹកនាំរបស់ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានវត្តមាន​ចូលរួមពី​អភិបាល​ខណ្ឌ​ទាំង​៨ និងមន្ទីរជំនាញ អង្គភាព​ពាក់ព័ន្ធក្រោមឱវាទសាលារាជធានី។

នៅខណៈនោះ លោក កើត ឆែ នាយករងរដ្ឋបាល សាលារាជធានី​ភ្នំពេញបានអាន បទបញ្ជាណែនាំរបស់ ​រាជ​រដ្ឋាភិបាល​លេខ០៣ សរណន សី្តពីការគ្រប់គ្រងគ្រោះអាសន្ននៅក្នុង និងក្បែរអាកាសយានដ្ឋាន ជូនអង្គប្រជុំ ដើម្បីចូលរួមក្នុងការអនុវត្ត និង​ពិភាក្សា​ស្វែងយល់រកយុទ្ធសាស្ត្រចម្បង ក្នុងគោល​បំណងគ្រប់គ្រង និងសង្គ្រោះបន្ទាន់​ចំពោះគ្រោះអាសន្នដែល​អាច​កើត​មាន​ឡើងនៅក្នុង និងក្បែរយានដ្ឋាន សំដៅកាត់បន្ថយផលប៉ះពាល់ ទៅលើ​អាយុ​ជីវិតមនុស្ស អ្នកដំណើរ ឋបណីភ័ណ្ឌអាកាសយានដ្ឋាន និងប្រតិបត្តិករ​ក្រុមហ៊ុន​អាកាសចរណ៍​នៅព្រះរាជា​ណាចក្រ​កម្ពុជា ក្នុងនោះផ្តោតលើ​ការទទួលខុសត្រូវតាមយន្តការ​ដែលបាន​បង្កើត​ឡើង លើការគ្រប់គ្រងដឹកនាំពេលធ្វើ​លំហាត់​សមយុទ្ធ និងសង្គ្រោះ​បន្ទាន់​ពេលមានគ្រោះ​អាសន្នកើត​ឡើង​ជាយថា​ហេតុ​។ ក្នុងអង្គប្រជុំនា​ខណៈនោះ ​ក៏បានលើក​ឡើង​ពីបញ្ហា លំនៅដ្ឋាន ការសង់សំណង់ខ្ពស់ អង់តែន បង្គោលខ្ពស់នានា និងសំណង់បណ្តោះ​អាសន្ន លើ​ដីរដ្ឋ​នៅ​ក្បែរ​បរិវេណ តំបន់​ព្រលានអាកាសយានដ្ឋានផងដែរ។

នាឱកាសនោះ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ក៏បានជម្រុញឱ្យ​មន្ត្រីទទួលបន្ទុក​ជំនាញ​ទាំង​អស់​ត្រូវយកចិត្តដាក់ និងទទួលខុសត្រូវខ្ពស់លើភារៈកិច្ចបានបែងចែក តាមការបង្កើត​ឱ្យមានគណៈឯកភាព​គ្រប់គ្រង​គ្រោះ​អាសន្នក្នុង និងក្បែរអាកាសយានដ្ឋាននៅរាជធានីភ្នំពេញ (ដែលមានចែងក្នុងបទបញ្ជាលេខ ០៣សរណន)។ ស្របជាមួយនេះ ឯកឧត្តម បានចាត់ឲ្យលោកនាយក និងនាយករង រដ្ឋបាលសាលារាជធានី សហការជាមួយនឹង ជំនាញពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរគ្រប់គ្រងអាកាសយានដ្ឋាន រៀបចំជាផែនទីទីតាំង និងតំបន់ព័ន្ធជុំវិញអាកាសយានដ្ឋាន ក្នុងរង្វង់ ៨គីឡូម៉ែត្រ ឲ្យបានល្អិតល្អន់ ព្រមទាំងបង្កើតជាគោលការណ៍ស្នូលមួយ(Guidelines) ដើម្បីអនុវត្ត នៅពេលមានគ្រោះអាសន្នកើតមានឡើង ដោយចែកជាជំហាន និងបែងចែកភារកិច្ច នៃផ្នែកពាក់ព័ន្ធឲ្យបានច្បាស់លាស់។ ហើយ ឯកឧត្តមអភិបាល ​ក៏បានចាត់ឱ្យលោកអភិបាល​ខណ្ឌ​ដង្កោ ដែលអាកាសយានដ្ឋាន ឋិតក្នុងទឹកដីរបស់ខ្លួននោះ ត្រូវរៀបចំលក្ខណៈសម្បត្តិ ឱ្យគ្រប់​គ្រាន់ក្នុងការទប់ស្កាត់​ក្នុង​ករណី​មាន​គ្រោះអាសន្ន កើតឡើងជាមួយគ្នានោះ ត្រូវស្រង់ស្ថិតិចំនួនខ្នងផ្ទះ ដែលបានតាំង​នៅជាបណ្តោះអាសន្ន​លើដីរដ្ឋ​ក្បែរ​ព្រលាន​អាកាសយានដ្ឋាន ដើម្បីងាយស្រួល ក្នុងការគ្រប់គ្រង និងរៀបចំគោលការណ៍ដើម្បីដោះស្រាយ។

No comments:

Post a Comment