Monday, July 16, 2012

ប៉ូលិស​នាំខ្លួន​លោក ម៉ម សូណង់ដូ ទៅកាន់​តុលាការ​ ភ្នំពេញ នា​ព្រឹក​ម៉ោង ១០ និង ២០ នាទី

(ថ្ងៃទី 16 កក្កដា 2012, ម៉ោង 12:21:PM) | ដោយ: លីនណា
ក- ក+ | Print
Give our kids a better deal
ប៉ូលិស​នាំខ្លួន​លោក ម៉ម សូណង់ដូ ទៅកាន់​តុលាការ​ភ្នំពេញ នា​ព្រឹក​ម៉ោង ១០ និង ២០ នាទី​ (រូបថតៈ ឆាយា)
1 of 4  
ភ្នំពេញ: លោក ម៉ម សូណង់ដូ ត្រូវបាន​បញ្ជូន​ខ្លួនពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ទៅដល់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ម៉ោង ១០ និង ២០ នាទី ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១២​។​

​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ត្រូវបាន​ឃាត់ខ្លួនកាលពី​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១២ ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះដីធ្លី នៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ​។

​នៅ​ក្រៅរបង​តុលាការ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា​នេះ ក្រុម​សមាជិកសមាគម​អ្នកប្រជាធិបតេយ្យ​ប្រមាណ ៣០​នាក់ រួមទាំង​សកម្មជន​សិទ្ធិមនុស្ស និង​អ្នកកាសែត បាន​ឈរ​ត្រៀបត្រាដើម្បី​ឃ្លាំមើល​ករណីបញ្ជូន​លោក​ម៉ម សូណង់ដូ ឡើង​តុលាការ​។​

​សមាជិកសមាគម​អ្នកប្រជាធិបតេយ្យ នៅមុខ​តុលាការសាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើក​រូបថត​លោក ម៉ម សូណង់ដូ និង​ស្រែក​ទាមទារឲ្យ​មានការ​ដោះលែង​លោក ម៉ម សូណង់ដូ​។​

​សំណុំរឿង និង​ភស្ដុតាង ករណី​លោក​ម៉ម​សូណង់ដូ ត្រូវបាន​ផ្ទេរ​ពី​ខេត្តក្រចេះ មក​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយសារ​សំណុំរឿង​មាន​ភាពស្មុគស្មាញ និង​ជា​ករណី​ពិសេស​។​

​ភរិយា​លោក ម៉ម សូ​ណង់​ដូ លោកស្រី ឌិន ផា​ណា​រ៉ា បាន​ឲ្យ​ដឹងថា នៅពេលនេះ លោកស្រី និង​មេធាវី​កំពុង​រង់ចាំ​ស្ដាប់​ដំណឹងតាមរយៈ​ការឆ្លើយបំភ្លឺ​របស់លោក​ម៉ម សូណង់ដូ ដោយនៅ​មិនទាន់​អាចសន្និដ្ឋាន​បាន​នៅឡើយ​ទេ គ្រាន់តែ​យើង​ដឹងថា លោក ម៉ម សូណង់ដូ ដែល​ត្រូវ​អាជ្ញាធរ​ចោទប្រកាន់​នោះ មិនមាន​ប្រព្រឹត្ត​អ្វី​ខុស ហើយ​សង្ឃឹមថាតុលាការ​នឹង​ផ្ដល់​ភាពយុត្តិធម៌​ដល់​លោក ម៉ម សូណង់ដូ​។

​ លោកស្រី បញ្ជាក់ថា “​បើ​តុលា​ការរក​យុត្តិធម៌តាមផ្លូវ​ច្បាប់​ត្រឹមត្រូវ គឺថាអត់​មាន​បញ្ហា​អី​ទេ គឺ​ត្រូវតែ​ដោះលែង​គាត់​។ គាត់​អត់​មាន​ជាប់​ពាក់​ពិន​អី​ទាំងអស់​”​។

​លោកស្រី ឌិន ផា​ណា​រ៉ា បាន​ឲ្យ​ដឹងថា ករណី​ឃាត់ខ្លួន​លោក ម៉ម សូណង់ដូ លោកស្រី​បាន​ស្នើសុំ​ការអន្តរាគមន៍​ទៅ​ស្ថានទូត​បារាំងប្រចាំ​កម្ពុជា កាលពី​ម្សិល ប៉ុន្តែ​នៅពេលនេះមិន​ទាន់​ដឹងថា​យ៉ាងណា​នៅឡើយ​ទេ​។ រង់ចាំ​ការឆ្លើយតប​ពី​ស្ថានទូត​វិញ​។ តែ​ធម្មតា​គេ​នឹង​ជួយ​យើង ពីព្រោះ​លោក ម៉ម សូណង់ដូ គាត់​មាន​សញ្ជាតិ​បារាំង​មួយទៀត​។

​លោកស្រី​ភរិយា​លោក ​ម៉ម​ សូណង់ដូ ក៏បាន​ស្វែងរក​អន្តរាគមន៍ តាមរយៈ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រមទាំង​គ្រប់​ស្ថាប័ន​អន្តរជាតិ ដើម្បី​ដោះលែង​លោក ម៉ម សូណង់ដូ ឲ្យ​មាន​សេរីភាព​។

​សូម​រម្លឹកថា សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល និង​ឯកសណ្ឋាន​ប៉ូលិស បាន​ចូលដល់​ក្នុងផ្ទះ ដែលជា​ស្ថានីយវិទ្យុ​សំបុក​ឃ្មុំ នៅ​ភូមិ​ត្នោតជ្រំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​នាំខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជានា​យក​វិទ្យុ​សំបុក​ឃ្មុំ FM ១០៥ MHz នា​ព្រឹក​ម៉ោង​ជិត ៩ ថ្ងៃអាទិត្យ ទី​១៥ ខែកក្កដា ឆ្នាំ​២០១២​។​

​ ដីកា​របស់​ចៅក្រម​ស៊ើបសួររបស់​តុលាការ​ខេត្តក្រចេះ លោក ចុក ងួន ចុះ​ថ្ងៃទី​២​កក្កដា ឆ្នាំ​២០១២ បាន​បង្ហាញថា លោក ម៉ម សូណង់ដូ ត្រូវបាន​ចោទប្រកាន់ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ ក្នុងករណី​ជម្លោះ​ដី​នៅ​ខេត្តក្រចេះ​។​

​តាម​ដីកា លោក ម៉ម សូណង់ដូ ត្រូវបាន​ចោទប្រកាន់ ជា​អ្នក​ផ្តួ​ម​ផ្តើមគំនិត​ប្រឆាំង​អ្នករាជការ​សាធារណៈ ធ្វើ​កុបកម្ម ជ្រៀតជ្រែក​ខុសច្បាប់នៅក្នុង​ការបំពេញ​មុខ​ងារ​សាធារណៈ របស់​អាជ្ញាធរ និង​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋកាន់​អាវុធ​ខុសច្បាប់ ដែលមាន​កំណត់​ក្នុង​មាត្រា​២៨, ៥០៤, ៤៥៦, ៤៥៧, ៥០៩ និង​មាត្រា ៤៦៤ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ដីកា​បង្ហាញថា បទល្មើស​ព្រហ្មទណ្ឌ ប្រឆាំង​លោក​ម៉ម​ សូណង់ដូ ត្រូវ​ផ្តន្ទាទោស​ពន្ធនាគារ ហើយ​ចៅក្រម​ក៏មាន​តម្រុយដែល​បង្ហាញ​ពី​ពិរុទ្ធភាព​គ្រប់គ្រាន់ប្រឆាំងនឹង លោក ម៉ម សូណង់ដូ​។​

​កាលពី​ព្រឹក​ថ្ងៃអាទិត្យ សមត្ថកិច្ចបាន​នាំខ្លួនលោក​ម៉ម ​សូណង់ដូ ពី​ផ្ទះ​របស់លោក ទៅ​​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​សាកសួរ​៕​

No comments:

Post a Comment