ដោយ នួន បូរិន
ថ្ងៃព្រហស្បតិ៍ ទី05 កក្កដា ឆ្នាំ2012 ម៉ោង10:26
សហភាពអឺរ៉ុប
បានបង្ហាញការព្រួយបាម្ភជាខ្លាំងកំណើនជំលោះដីធ្លីនៅ
កម្ពុជា ដោយបានសង្កេតឃើញថា ករណីជំលោះដីធ្លីនៅកម្ពុជា
បានក្លាយជាការរំលោភសិទិ្ធមនុស្សមួយនៅកម្ពុជា។នៅក្នុងលិខិតមួយឆ្លើយតបនឹងការស្នើសុំបំភ្លឺរបស់កម្មវីធី ព័ត៌មាននៃសំឡេងប្រជាធិបតេយ្យ VOD លោកឯករដ្ឋទូតសហភាពអឺរ៉ុប Jean-Francois Cautain ប្រចាំនៅកម្ពុជា បានលើកឡើងថា បញ្ហាជំលោះដីធ្លីនៅកម្ពុជាអាចបណ្ដាលមកពីការអនុវត្តនូវក្រម ខ័ណ្ឌច្បាប់ ស្ដីពីការគ្រប់គ្រងដីធ្លីរបស់រដ្ឋាភិបាល ហើយម្យ៉ាងវិញទៀត ការប្រើកងកំលាំងប្រដាប់អាវុធក៏ជាផ្នែកមួយនៃការបង្ករជំលោះឲ្យ រឹតតែរីករាលដាលផងដែរ ។
លោកឯករដ្ឋទូតសហភាពអឺរ៉ុប Jean-Francois Cautain បានបន្តទៀតថា ការចាប់ខ្លួនសកម្មជនដីធ្លី ការបណ្ដេញចេញដោយហិង្សា ហើយការកាត់ទោសជនជាប់ពាក់ព័ន្ធ នៅពេលប្រព័ន្ធតុលាការនៅមានគុណវិបត្តិ ពោលគឺមិននាំមកយុត្តិធម៌ ចំពោះអ្នកតវ៉ាដោយសន្តិវិធី ក៏រឹតតែបង្ករអោយមានជំលោះកាន់តែកើនឡើង ដែលជាហេតុប៉ះពាល់ ដល់ការគោរពសិទិ្ធមនុស្ស ខណៈដំណោះស្រាយមួយមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
ក្នុងន័យនេះ ករណីដែលសហភាពអឺរ៉ុប ជាអ្នកបញ្ជាទិញស្ករសពីកម្ពុជា មិនមែនជាបញ្ហាតែមួយនោះទេ ដែលសហភាពអឺរ៉ុបមានការព្រួយបារម្ភ ពីការរំលោភសិទិ្ធមនុស្ស នៅក្រោមរូបភាពចេញពីជំលោះដីធ្លីនៅកម្ពុជា គឺករណីជំលោះដីធ្លីកើតជាប្រព័ន្ធនេះហើយ ដែលជាការព្រួយបារម្ភទូទៅរបស់សហភាពអឺរ៉ុប ។
សហភាពអឺរ៉ុប សន្យាបន្តកិច្ចពិភាក្សាជាមួយរដ្ឋាភិបាល លើករណីនេះបន្តទៀត ដែលធ្វើយ៉ាងណាអោយការគ្រប់គ្រងដីធ្លីនៅកម្ពុជា មានភាពត្រឹមត្រូវ និងឈានដល់ការកាត់បន្ថយជំលោះ ដែលកើតចេញពីការគ្រប់គ្រងដីធ្លី។
សូមជំរាបថា ការឆ្លើយតបរបស់លោកឯករដ្ឋទូតសហភាពអឺរ៉ុប Jean-Francois Cautain បានធ្វើឡើងស្របពេលសមាគមសិទិ្ធមនុស្សជាច្រើន បានទាមទារអោយសហភាពអឺរ៉ុប បញ្ឈប់ការទិញស្ករសពីកម្ពុជារបស់ លោកឧកញ៉ា លី យ៉ុងផាត់ ដែលមានវិវាទជំលោះដីធ្លីជាមួយប្រជាពលរដ្ឋនៅស្រុងថ្ពង ខេត្តកំពង់ស្ពឺ ៕
No comments:
Post a Comment