Friday, June 29, 2012
RFA/Hum Chamrouen
ដោយ ហ៊ុំ ចំរើន 2012-06-29
ឯកអគ្គរដ្ឋទូតថ្មីនៃសហរដ្ឋអាមេរិកប្រចាំនៅ
កម្ពុជា លោក  វីល្លៀម ថត (William Todd)  
បានជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ  
កាញារីទ្ធ ហើយបានលើកអំពីការបិទវិទ្យុអាស៊ីសេរី (RFA)  
និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA)  
មិនឲ្យផ្សាយក្នុងពេលបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី២ ទី៣  
មិថុនា កន្លងទៅ។ ឯកអគ្គរដ្ឋទូតថ្មីនៃសហរដ្ឋអាមេរិក លោក  វីល្លៀម ថត 
(William Todd) (ឆ្វេង)  
ជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក ខៀវ  
កាញារីទ្ធ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២។ 
នៅក្នុងជំនួបរយៈពេលជិត ៣០នាទី រវាងលោក ខៀវ កាញារីទ្ធ  
និងឯកអគ្គរដ្ឋទូតថ្មី នៅឯក្រសួងព័ត៌មានកម្ពុជា កាលពីថ្ងៃទី២៨  
ខែមិថុនា ឆ្នាំ២០១២ នេះ គឺដើម្បីសំដែងការគួរសមផង  
និងដើម្បីរឹតចំណងទាក់ទងរវាងកម្ពុជា និងសហរដ្ឋអាមេរិក  
ឲ្យកាន់តែល្អថែមទៀតផង។ ទន្ទឹមនឹងនេះដែរ លោក វីល្លៀម ថត  
បានលើកឡើងនូវសំណួរមួយចំនួន  
ជាពិសេសគឺបញ្ហាការបិទមិនឲ្យចាក់ផ្សាយកម្មវិធីរបស់វិទ្យុ 
អាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ចំនួន ២ថ្ងៃនោះ។ 
ទាក់ទងទៅនឹងសំណួរនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា គឺលោក ខៀវ  
កាញារីទ្ធ មានប្រសាសន៍ថា វិទ្យុអាស៊ីសេរី  
និងវិទ្យុសំឡេងសហរដ្ឋអាមេរិក អាចផ្សាយតាមរលកធាតុអាកាស អេអឹម (AM)  
បានប៉ុន្តែបិទចំពោះការផ្សាយបន្តរបស់វិទ្យុ អេហ្វអឹម (FM)  
ក្នុងស្រុកប៉ុណ្ណោះ។ លោករដ្ឋមន្ត្រីបន្តថា 
ការបិទមិនឲ្យផ្សាយបន្តចំនួន ២ថ្ងៃនេះ  
គឺដើម្បីរក្សាឲ្យមានភាពស្ងប់ស្ងាត់  
និងដើម្បីឲ្យប្រជាពលរដ្ឋលោកបានសម្រេចចិត្តជ្រើសរើសអ្នកដឹកនាំ 
របស់ខ្លួននៅថ្ងៃបោះឆ្នោត។ លោករដ្ឋមន្ត្រីបន្ថែមថា ក្នុង ៣៦៥ថ្ងៃ 
គឺលោកសុំតែចំនួន  ២ថ្ងៃប៉ុណ្ណោះ 
ដើម្បីកុំឲ្យមានការចាក់ផ្សាយរបស់វិទ្យុអាស៊ីសេរី  
និងវិទ្យុសំឡេងសហរដ្ឋអាមេរិក  
ក្រៅពីនោះវិទ្យុអន្តរជាតិទាំងពីរនេះ  
អាចចាក់ផ្សាយបន្តដូចដើមឡើងវិញបាន គឺបន្ទាប់ពីម៉ោង៥  
នៃថ្ងៃចុងក្រោយនៃការបោះឆ្នោតនោះ។ តែយ៉ាងណាក៏ដោយ 
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក  
នៅតែបន្តមានចម្ងល់ទៅលើបញ្ហានេះនៅឡើយ។  
ក្នុងន័យនេះបញ្ជាក់ឲ្យឃើញថា សហរដ្ឋអាមេរិកមានការសោកស្ដាយ  
និងទទូចចង់ឲ្យវិទ្យុ២នេះ  
ដំណើរការផ្សាយបន្តតាមវិទ្យុក្នុងស្រុកឲ្យបានជាប្រចាំ  
និងកុំឲ្យមានការរអាក់រអួលដោយប្រការណាមួយនោះ៕

 
No comments:
Post a Comment