Friday, June 22, 2012
កូនអ្នកភូមិបឹង កក់បន់ស្រន់នៅមុខព្រះអង្គដងកើកាលពីថ្ងៃចន្ទសូមឲ្យដោះលែង ម្តាយរបស់ពួកគេ។ រូបថត ជីវ័ន |
Kep Chuktema (in white shirt) cozying up with land-grabber Choeng Sopheap (in burgundy skirt) , Lao Meng Khin's wife (Photo: Koh Santepheap) |
21 June 2012
ឃុត សភចរិយា
The Phnom Penh Post
ភ្នំពេញៈ ពលរដ្ឋក្នុងតំបន់បឹងកក់ ដែលរួមទាំងគ្រួសារ នៃក្រុមស្ត្រីជាប់ឃុំទាំង ១៣ នាក់ បានបន្ទោសការបន្តអូសបន្លាយនៃជម្លោះដីធ្លី ដែលកាន់តែឡើង កម្តៅ នៅក្នុងសហគមន៍នេះ ទៅលើអាជ្ញាធរពាក់ព័ន្ធរាជធានី ដែលមិនបានបែងចែកដីទំហំ ១២,៤៤ ហិកតា ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានផ្ដល់ជាប្រទានកម្មជូនពួកគាត់នោះ ដោយតម្លាភាព។
បើតាមអ្នកភូមិ ដីទំហំជាង ១២ ហិកតានេះ អាចចែកជូនពលរដ្ឋរងគ្រោះទាំង ៧០០ គ្រួសារ បានគ្រប់ៗគ្នា ហើយនៅសល់ដីថែម ទៀតផងប៉ុន្តែអាជ្ញាធររាជធានី បែរជាកាត់ពលរដ្ឋជិត ១០០គ្រួសារចេញពីគម្រោងទទួលបានដីទៅវិញ ទើបការតវ៉ាចេះតែបន្ត។
លោកចាន់ រិទ្ធិស័ក្ដិ ពលរដ្ឋក្នុងសហគមន៍បឹងកក់ម្នាក់ ដែលនៅមិនទាន់ទទួលបានដំណោះស្រាយពីសាលារាជធានី បាននិយាយថា អំពើពុករលួយ និងការមិនទទួលខុសត្រូវរបស់ អាជ្ញាធរភូមិ សង្កាត់ ខណ្ឌ រួមទាំង អាជ្ញាធររាជធានី បានធ្វើឲ្យពួកគាត់ ដែលជាពលរដ្ឋមានលំនៅដ្ឋានពិតប្រាកដ ក្នុងសហគមន៍បឹងកក់ ទទួលរងនូវការរំលោភបំពាន គ្រប់បែបយ៉ាង រួមទាំងសិទ្ធិក្នុងការនិយាយស្ដីផងដែរ។ លោកបន្តថា៖«ពលរដ្ឋរបស់យើង ត្រូវបានគេចាប់ដាក់គុក ដោយចោទប្រកាន់ថា ប្រឆាំងបទបញ្ជាមន្ត្រីសាធារណៈ នៅពេលដែលពួកយើងតវ៉ា ទាមទារឲ្យមានដំណោះស្រាយ ចំពោះការរំលោភបំពានផ្ទះរបស់យើង»។
ពលរដ្ឋក្នុងតំបន់បឹងកក់ម្នាក់ទៀត អ្នកស្រី បូ ឆវី បាននិយាយថា ការពិត ទំនាស់ដីធ្លី នៅក្នុងតំបន់បឹងកក់ ត្រូវបានបញ្ចប់ ចាប់តាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់ដី ១២,៤៤ ហិកតា ក្នុងតំបន់នេះ សម្រាប់ផ្ដល់ជាប្រទានកម្ម ជូនដល់ពលរដ្ឋ ដែលនៅសេសសល់ និងបានស្នើសុំអភិវឌ្ឍន៍នៅនឹងកន្លែងចំនួនជិត ៧០០ គ្រួសារ កាលពីដើមខែសីហា ឆ្នាំ២០១១ មក បើសិនជាអាជ្ញាធររាជធានី ធ្វើការដោះស្រាយនិងបែងចែកដីនោះ ជូនពលរដ្ឋដោយតម្លាភាពនោះ។
អ្នកស្រីបន្តថា អនុក្រឹត្យលេខ ១៨៣ បានបញ្ជាក់ច្បាស់ណាស់ថា ដី ១២,៤៤ ហិកតា សម្រាប់ផ្ដល់ជូនពួកគាត់ ហើយជាង ១១០ ហិកតាផ្សេងទៀត ផ្ដល់ជូនក្រុមហ៊ុនស៊ូកាគូអ៊ីន សម្រាប់អភិវឌ្ឍន៍តាមគម្រោងរបស់រាជរដ្ឋាភិបាល។ ប៉ុន្តែមិនទាន់បានបោះបង្គោលកំណត់ព្រំប្រទល់ដីទាំងពីរ ឲ្យបានច្បាស់លាស់ផង អាជ្ញាធររាជធានី បានកាត់ពលរដ្ឋជិត ១០០ គ្រួសារ ចេញពីគម្រោងទទួលបានចំណែកដី១២,៤៤ ហិកតា ដោយអះអាងថា ផ្ទះរបស់ពួកគាត់ ស្ថិតនៅលើដីក្រុមហ៊ុនទៅវិញ។ អ្នកស្រីថ្លែងថា៖«នេះជាមូលហេតុ ដែលពលរដ្ឋក្នុងសហគមន៍បឹងកក់យើងខ្ញុំ ធ្វើការតវ៉ា ដើម្បីទាមទារដំណោះស្រាយ ប្រកបដោយតម្លាភាព ពីសាលារាជធានី»។
ទោះជាបែបណា អ្នកស្រីបានទទួលស្គាល់ថា ពលរដ្ឋភាគច្រើន បានទទួលប័ណ្ណសំគាល់អចលនៈវត្ថុពីអាជ្ញាធររាជធានីហើយ រួមទាំងរូបគាត់ផងដែរ។ ប៉ុន្តែគាត់និងអ្នកភូមិមួយចំនួនទៀត នៅតែចូលរួមតវ៉ា ដើម្បីទាមទារឲ្យអាជ្ញាធររាជធានី ដាក់បញ្ចូលពលរដ្ឋរងគ្រោះជាច្រើនគ្រួសារ ដែលត្រូវបានកាត់ចេញពីគម្រោងទទួលបានចំណែកដីនេះមកវិញ។
អ្នកស្រីថ្លែងថា៖«យើងមិនអាចនៅស្ងៀម ទ្រាំមើលនូវភាពអយុត្តិធម៌នេះបានទេ យើងត្រូវតែចេះជួយគាំទ្រនិងការពារគ្នាទៅវិញទៅមក ពីព្រោះយើងជាពលរដ្ឋក្នុងសហគមន៍តែមួយ»។
អ្នកស្រីក៏បានបដិសេធផងដែរថា រាល់ការតវ៉ារបស់ពួកគាត់ មិនមែនធ្វើឡើង ក្រោមការញុះញង់ពី អង្គការក្រៅរដ្ឋាភិបាល ឬក្រុមជនបរទេសណាមួយឡើយ គឺពួកគាត់ធ្វើឡើងតាមឆន្ទៈផ្ទាល់របស់ខ្លួន។ អ្នកស្រីថ្លែងថា៖«ដីនិងផ្ទះរបស់យើង មិនមែនជារបស់អង្គការក្រៅរដ្ឋាភិបាល ឬជនបរទេសណានោះទេ ដូច្នេះគ្មានអ្នកណាមកញុះញង់យើងឲ្យតវ៉ានោះទេ គឺយើងតវ៉ា ដើម្បីការពារដី និងផ្ទះរបស់យើងដោយខ្លួនឯង»។
ការលើកឡើងរបស់អ្នកភូមិបឹងកក់បែបនេះ បានធ្វើឡើង បន្ទាប់ពីសាលារាជធានី បានចេញផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា៖«តើអង្គការក្រៅ រដ្ឋាភិបាល ពួកជនបរទេស និងជនជ្រុលនិយម គាំទ្រ «សិទ្ធិមនុស្ស» និង «ជើងឯកខាងប្រជាធិបតេយ្យ ដែលប៉ិនខាងឡូឡា នឹងទុកឲ្យស្ត្រីទាំងនោះឯកោឬ?»។
អត្ថបទនោះ បានចោទប្រកាន់អ្នកភូមិបឹងកក់ ដែលបានធ្វើការតវ៉ាការពារសិទ្ធិលំនៅដ្ឋានរបស់ខ្លួនថា ស្ថិតក្រោមស្លាបនៃអង្គការក្រៅរដ្ឋាភិបាល និងជនបរទេសមួយចំនួន។
លោក កើត ឆែ នាយករដ្ឋបាលសាលារាជធានីភ្នំពេញមិនអាចទំនាក់ទំនងសុំការពន្យល់បាន ទេកាលពីម្សិលមិញ៕
No comments:
Post a Comment