Wednesday, June 13, 2012

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជំរុញ​តុលាការក្រុង ពិនិត្យ​សើរើ​រឿងក្តី​អ្នកភូមិ​បឹងកក់ - Minister of justice pushed Phnom Penh court to review the trial of BKL residents

Wednesday, June 13, 2012

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជំរុញ​តុលាការក្រុង ពិនិត្យ​សើរើ​រឿងក្តី​អ្នកភូមិ​បឹងកក់ - Minister of justice pushed Phnom Penh court to review the trial of BKL residents

លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌
លោក សន ម​គ្គិន​ថស្ស (Sean McIntosh) ហៅ​សំណាង​ មន្ត្រី​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា
 ថ្ងៃទី 12 មិថុនា 2012
ដោយ: រតនា
Cambodia Express News

ភ្នំពេញ: មន្ត្រី​រាជរដ្ឋាភិបាល​ទទួលបន្ទុក​កិច្ច​យុត្ថាធិការ បាន​និយាយថា ក្រសួងយុត្តិធម៌​បានស្នើ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ពិនិត្យ​សើរើ​សំណុំ​រឿងក្តី​ពលរដ្ឋ​បឹងកក់​ឡើងវិញ​។ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានស្នើ​បែបនេះ​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១២ បន្ទាប់ពី​លោក​បានទទួល​លិខិត​សុំ​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ​តំបន់​បឹងកក់ ដែល​ស្នើសុំ​ឲ្យ​ជួយ​ដោះលែង​តំណាង​ពួកគាត់​ចំនួន ១៥​នាក់ ពី​ពន្ធនាគារ​។

​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់ថា “​ខ្ញុំ​បាន​បញ្ជូន​លិខិត​ហ្នឹង​ទៅខាង​តុលាការ​ក្រុងភ្នំពេញ​ហើយ ពីព្រោះ​អី​រឿង​ហ្នឹង​ជា​រឿង​របស់​តុលាការ​ទេ​។ ខ្ញុំ​បានទទួល​ពាក្យបណ្តឹង​លិខិត​នេះហើយ ដែល​ខាង​បឹងកក់​គេ​សំណូមពរ​ឲ្យ​មានការ​ដោះលែង​ពួកគាត់​។ ខ្ញុំ​បាន​បញ្ជូនទៅ​ឲ្យ​ខាង​តុលាការ​គេ​ពិនិត្យឡើងវិញ​ហើយ​”​។

​លោក​រដ្ឋមន្ត្រី​បន្តថា “​ការពិនិត្យ​ឡើងវិញ​នៅ​សាលាដំបូង​ រាជធានី​ភ្នំពេញ ពិនិត្យ​តាម​នីតិវិធី​សម្រេច​យ៉ាងម៉េច គឺ​ស្ថិតនៅលើ​តុលាការក្រុង​”។​

​ ​លោក សន ម​គ្គិន​ថស្ស (Sean McIntosh) ហៅ​សំណាង​ មន្ត្រី​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃទី​១២ ខែមិថុនា បាន​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា “​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន ទទួល​ញត្តិ​របស់​ប្រជាពលរដ្ឋ​បឹងកក់​ហើយ ដែល​សុំ​ឲ្យ​សា្ថ​ន​ទូត​អាមេរិក​ជួយ​ធ្វើ​ អន្តរាគមន៍ ឲ្យ​មានការ​ដោះលែង​ពួកគាត់​ចំនួន ១៥​នាក់ ចេញពី​ពន្ធនាគារ

​លោក​បាន​បន្តថា “​យើង​បានទទួល​លិខិត​សុំ​ឲ្យ​មានការ​អន្តរាគមន៍​ យើង​មានការ​បារម្ភ​អំពី​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា ទាក់ទង​ដល់​ការកាត់ទោស ដែល​តុលាការ​កាត់ទោស​អ្នក​បឹងកក់​ទាំង ១៣ នាក់​ហ្នឹង ដែល​ចាប់​ពួកគេ​ដាក់​ក្នុង​ពន្ធនាគារ​ហ្នឹង យើង​មានការ​បារម្ភ​អំពី​ការកាត់ទោស និងអំពី​ប្រព័ន្ធ​ច្បាប់​ដែល​ប្រើប្រាស់​ទៅលើ​ពួកគេ​។ ការអនុវត្តន៍​ទៅតាម​ច្បាប់​មាន​សារៈសំខាន់​ណាស់​ក្នុងសង្គម​ប្រជាធិបតេយ្យ ដូច្នេះ​ការអនុវត្តន៍​ទៅតាម​ច្បាប់​ទាក់ទង​ទៅនឹង​ប្រព័ន្ធតុលាការ​ហ្នឹង គឺជា​រឿង​មួយ​សំខាន់ ដើម្បី​ចោទ ប្រកាន់​ទៅលើ​អ្វីមួយ​”​។


​កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១២ អ្នកស្រី យ៉ោ​ម បុ​ប្ជា តំណាង​ពលរដ្ឋ​បឹងកក់ ដែល​បាន​ចូលទៅ​ប្រគល់​ញត្តិ​ជូន​មន្ត្រី​ក្រសួងព្រះបរមរាជវាំង បន្ទាប់ពី​ចេញមក​វិញ បាន​និយាយប្រាប់​ក្រុម​អ្នក​រាយ​ការ​ព័ត៌មាន​ថា
​មន្ត្រី​ក្រសួងព្រះបរមរាជវាំង​បាន​ទទួលយក​ញត្តិ​ហើយ បន្ទាប់មក​មន្ត្រី​រូបនោះ​សន្យាថា នឹង​ជួយ​អ្នកភូមិ​បឹងកក់​ឲ្យ​អស់ពី​លទ្ធភាព​។

​អ្នកស្រី​បញ្ជាក់ “​ពួក​ខ្ញុំ​សង្ឃឹម​ជឿជាក់ថា ប្រជាពលរដ្ឋ​ដែល​ទទួលរង​នូវ​ភាពអយុត្តិធម៌​ទាំង ១៥​នាក់ នឹងមាន​អន្តរាគមន៍​ដោះលែង​ក្នុងពេល​ឆាប់ៗ​នេះ ពីព្រោះ​ព្រះមហាក្សត្រ​ជា​ម្លប់​ត្រជាក់​ដល់​កូនចៅ ឥឡូវ​កូនចៅ​កំពុង​ជួប​ទុក្ខវេទនា ប្រឈម​នឹង​សេចក្តីស្លាប់​ហើយ អ៊‌ីចឹង​ព្រះមហាក្សត្រ​នឹង​អាណិតអាសូរ​ដល់​កូនចៅ​របស់​ព្រះអង្គ​”​។​

​អ្នកស្រី យ៉ោ​ម បុ​ប្ជា ក៏បាន​បន្តថា ស្ត្រី​អ្នកភូមិ​បឹងកក់​ជាប់ពន្ធនាគារ ៤​នាក់ កំពុង​ធ្វើ​កូដកម្ម​បង្អត់អាហារ ក្នុងចំណោម ១៥​នាក់ គឺ​អ្នកស្រី ទេព វ​ន្នី​, គង់ ចន្ថា​, ស៊ុន ស្រី​លាភ និង​អ្នកស្រី ឆេង លាភ បានធ្វើ​កូដកម្ម​បង្អត់អាហារ​តាំងពី​ថ្ងៃអាទិត្យ ទី​១០ ខែមិថុនា​មកម្ល៉េះ​។ អ្នកស្រី​បន្តថា “​អ្នក​ដែល​ធ្វើ​កូដកម្ម​នោះ គឺ​ពួកគាត់​អាណិតកូនៗ និង​ប្រជាពលរដ្ឋ​ដែល​ចេញ​ធ្វើការ​តវ៉ា​នៅ​គ្រប់​ទីកន្លែង មិនមាន​លទ្ធផល​អី អ៊‌ីចឹង​ពួកគាត់​មិនអាច​នៅ​ស្ងៀម​បានទេ ទោះបីជា​ពួកគាត់​ស្លាប់​ក្នុង​ពន្ធនាគារ​នោះ ក៏ត្រូវ​តែ​ធ្វើ​អ្វីមួយ​ដែរ​”​។​

​ជាការ​កត់សម្គាល់ ការស្វែងរក​អន្តរាគមន៍​របស់​អ្នកភូមិ​បឹងកក់ និង​កុមារ​ដែលជា​កូនចៅ​របស់​អ្នកជា​ប់ព​ន្ធា​នាគា​រទាំង ១៥ នាក់​នោះ បាននាំគ្នា​ទៅគ្រប់​ទីកន្លែង ដូចជា តាម​ស្ថានទូត​បរទេស ម្ចាស់ជំនួយ​នៅ​កម្ពុជា រដ្ឋសភា ស្ថាប័ន​ព្រះមហាក្សត្រ ជាដើម​។​

​សូមបញ្ជាក់ថា អ្នកភូមិ​បឹងកក់​ចំនួន ១៣​នាក់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ បើកសវនាការ​កាត់ទោស​កាលពី​ថ្ងៃទី​២៤ ខែឧសភា ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ​រយៈពេល ២​ឆ្នាំ ៦​ខែ​។ រីឯ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ឯមុខ​តុលាការ​នៅថ្ងៃនោះ​ដែរ បន្ទាប់ពី​ហៅចូល​ធ្វើ​សក្ខីកម្ម ហើយ​បញ្ជូន​ទៅកាន់​ពន្ធនាគារ​ព្រៃ​ស​៕

No comments:

Post a Comment