ប្រធានសមាគមមន្រ្តីរាជការ ឯករាជ្យចាប់ផ្តើមធ្វើកូដកម្មអត់អាហារ
សៅរ៍ 23 មិថុនា 2012 - 10:59 am | 612 views

លោក ភួង សុវណ្ណ ប្រធានសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជាបានចាប់ផ្តើមធ្វើកូដកម្ម អត់អាហារហើយនៅព្រឹកមិញនេះ ឯទីលានប្រជាធិបតេយ្យក្នុងក្រុងភ្នំពេញ ដើម្បីទាមទារទៅរដ្ឋាភិបាលកម្ពុជាឲ្យរៀបចំប្រាក់បៀវត្សរ៍សមរម្យ ជូនមន្ត្រីរាជការ។
ការធ្វើកូដកម្មអត់អាហាររបស់ លោក ភួង សុវណ្ណ គឺធ្វើឡើងចំថ្ងៃនៃទិវាមន្រ្តីរាជការសាធារណៈអន្តរជាតិ ដែលតែងប្រារព្ធឡើងជារៀងរាល់ឆ្នាំនាថ្ងៃទី២៣ មិថុនានេះ។
លោក ភួង សុវណ្ណ ដែលជាប្រធានសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជាបាននិយាយប្រាប់ ក្រុមអ្នករាយការណ៍ព័ត៌មានថា ការធ្វើកូដកម្មបង្អត់អាហាររបស់លោកនេះ គឺដើម្បីជំរុញឲ្យរដ្ឋាភិបាលជួយរកដំណោះស្រាយឲ្យប្រជាពលរដ្ឋ ប្រើប្រាស់សេវាសាធារណៈឲ្យងាយស្រួល។ ព្រោះថា គ្រប់ស្ថាប័នរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជា តែងតែធ្វើការរិះគន់ និងរអ៊ូរទាំថា សេវាសាធារណៈរបស់រដ្ឋមិនមានប្រសិទ្ធិភាព ហើយមន្រ្តីរាជការទទួលបានប្រាក់បៀវត្សរ៍ទាប ថែមទាំងបើកយឺតយ៉ាវ និងកាត់កងទៀតផង។
ជាមួយគ្នានេះ សមាគមមន្រ្តីរាជការឯករាជ្យកម្ពុជា ក៏បានដាក់លិខិតទៅកាន់រាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ផងដែរ ដើម្បីស្នើឲ្យរដ្ឋាភិបាលរកដំណោះស្រាយចំពោះលក្ខខណ្ឌផ្សេងៗ ដែលមន្រ្តីរាជការសាធារណៈកំពុងប្រឈម ដើម្បីធ្វើយ៉ាងណាឲ្យមន្រ្តីរាជការអាចមានធនធាន មានជីវភាពរស់នៅសមរម្យ និងមានភាពថ្លៃថ្នូរ។
តាមគម្រោង លោក ភួង សុវណ្ណ នឹងធ្វើកូដកម្មបង្អត់អាហារចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៥រសៀលថ្ងៃទី២៣ មិថុនា ឆ្នាំ២០១២នេះ៕
The Free Press Magazine » ប្រធានសមាគមមន្រ្តីរាជការឯករាជ្យចាប់ផ្តើមធ្វើកូដកម្មអត់អាហារ
No comments:
Post a Comment