Thursday, June 7, 2012

Boeung Kak Lake residents pray for the release of BKL-15 and curse Shukaku Inc.


http://www.youtube.com/watch?v=gTnrS1-prFE

2012-06-07
អ្នក​ភូមិ​បឹង​កក់​ប្រមាណ ១០០​នាក់ បាន​ជួប​ប្រជុំ​គ្នា ក្នុង​ភូមិ​២២ ក្នុង​តំបន់​បឹង​កក់ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៦ ខែ​មិថុនា។ ពួក​គេ​បាន​អុជ​ធូប​បន់ស្រន់ ដាក់​បណ្ដាសា ដល់​ជន​ដែល​បាន​រំលោភ​យក​ដី​ធ្លី​ផ្ទះ​សម្បែង និង​មន្ត្រី​ពាក់​ព័ន្ធ​ទាំង​អស់ ដែល​បាន​ផ្ដន្ទាទោស​អ្នក​តំណាង​ពួក​គេ​ចំនួន ១៥​នាក់ អោយ​ជាប់​ពន្ធនាគារ។
RFA/So Chivy
អ្នក​ភូមិ​បឹង​កក់​បន់​ស្រន់ និង​ដាក់បណ្ដាសា​ជន​រំលោភ​យក​ដី​ធ្លី ផ្ទះ​សម្បែង អោយ​វិនាស​អន្តរាយ នៅ​ខ្ទម​អ្នក​តា និង​ទីតាំង ដែល​គេ​ជឿ​ថា​ស័ក្តិសិទ្ធិ នៅ​ក្នុង​ភូមិ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១២។

ក្រុម​អ្នក​ភូមិ​បឹង​កក់ បាន​ដាក់​បណ្ដាសា​អោយ​អ្នក​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​រំលោភ​យក​ដីធ្លី ផ្ទះ​សម្បែង និង​ការ​កាត់​សេចក្ដី​ដោយ​អយុត្តិធម៌ ទៅ​លើ​តំណាង​ពួក​គេ​ទាំង ១៥​នាក់ អោយ​ជួប​នឹង​ក្តី​វិនាស​ហិន​ហោច​​ខ្លោច​ផ្សា​ក្នុង​ជីវិត។
ក្រុម​អ្នក​ភូមិ​បាន​នាំ​យក​ចំណី​អាហារ មាន់​ស្ងោរ ផ្លែ​ឈើ​គ្រប់​មុខ ទៀន​ធូប និង​ផ្កា​ឈូក ទៅ​ថ្វាយ​ដល់​បារមី​សក្ដិសិទ្ធិ​ក្នុង​ភូមិ ជា​ច្រើន​កន្លែង។ ជា​ចុង​ក្រោយ បាន​យក​អំបិល​ដែល​មាន​លាយ​ម្ទេស​ទុំ ទៅ​ដុត​នឹង​ភ្លើង​ជើង​ក្រាន​​អោយ​ឆេះ​សន្ធោ​សន្ធៅ។
ក្រុម​អ្នក​ភូមិ​បាន​និយាយ​ប្រហាក់​ហែល​គ្នា​​នៅ​មុខ​ភ្លើង​ថា ពួក​គេ​អស់​សង្ឃឹម​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច ក៏​ដូច​ជា​តុលាការ​នៅ​កម្ពុជា ក្នុង​ការ​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ​រង​គ្រោះ​ដូច​ជា​ពួក​គេ។ ពួក​គេ​ក៏​បាន​បន់​ស្រន់​អោយ​បារមី​ក្នុង​ផ្លូវ​ងងឹត ផ្ដន្ទា​ដោយ​ប្រការ​អាក្រក់​ផ្សេងៗ ចំពោះ​អ្នក​ទាំង​ឡាយ​ដែល​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​ភូមិ​បឹង​កក់​ទាំង​ អស់។
ក្រុម​អ្នកភូមិ​ក៏​បាន​លែង​ចាប ចំនួន ១៥​ក្បាល ក្នុង​ន័យ​បន់​ស្រន់​អោយ​អ្នក​តំណាង​ទាំង ១៥​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស បាន​រួច​ទោស និង​មាន​សេរីភាព​មក​វិញ។
មន្ត្រី​​នៃ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មាន​ប្រសាសន៍​ថា ពិត​មែន​ថា ជំនឿ​តាម​បែប​បុរាណ​ខ្មែរ​យើង មាន​ការ​បន់ស្រន់ ការ​ដាក់​បណ្ដាសា ជា​ដើម ពុំ​មាន​ការ​បញ្ជាក់​ថា​មាន​ប្រសិទ្ធ​ភាព ឬ​ពុំ​មាន​ប្រសិទ្ធភាព កម្រិត​ណា​នៅ​ឡើយ ក៏​អាច​រំពឹង​ថា នឹង​មាន​លទ្ធផល​ខ្លះៗ​ដោយ​ចៀស​ពុំ​រួច។
មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា ការ​បន្ត​​បណ្ដែត​បណ្ដោយ​អោយ​ភាព​អយុត្តិធម៌​នៅ​តែ​កើត​មាន នឹង​ធ្វើ​អោយ​ប៉ះពាល់​ទៅ​ដល់​ផ្លូវ​ចិត្ត​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស នៅ​ខណៈ​ដែល​ពួក​គេ​ធ្លាប់​ប៉ះ​ពាល់​ផ្លូវ​ចិត្ត​រួច​ទៅ​ហើយ ដោយ​សារ​ទុក្ខ​លំបាក​នៅ​ក្នុង​របប​ខ្មែរ​ក្រហម៕

No comments:

Post a Comment