Friday, June 22, 2012

ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ​ចោទ​ប្រកាន់​អាជ្ញា​ខេត្ដព្រះវិហារ​បណ្ដេញ​គាត់​ចេញពី​ដី​រស់នៅ​ស្របច្បាប់​

ដោយ​ ៖ សុខ​ ខេមរា​ ថ្ងៃទី 22 មិថុនា 2012ម៉ោង 11:18:01
​ខេត្ដព្រះវិហារ​ ៖​ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៦៤​ ក្នុងភូមិ​ស្រយ៉ង់​ខាងត្បូង​ ឃុំ​ស្រ​យ៉ង់​ ស្រុក​គូលែន​ ខេត្ដព្រះវិហារ​បាន​ធ្វើការ​ទាមទារ​មិន​ព្រម​ធ្វើការ​រុះរើ​ចេញ​ ពី​ដី​ស្របច្បាប់​របស់​គាត់​ដែល​រស់នៅ​ជា​ច្រើន​ឆ្នាំ​ និង​បង្កបង្កើន​អាស្រ័យ​ផល​ បើ​ទោះជា​អាជ្ញាធរ​ខេត្ដ​បង្ខំ​ពួក​គាត់​បែប​ណា​ក៏​ដោយ​ ។​
​លោក​លី​ សុខុម​ អាយុ​៤២​ឆ្នាំ​ រស់​នៅ​ក្នុងភូមិស្រយ៉ង់​​ខាងត្បូង​ ឃុំ​ស្រយ៉ង់​ ស្រុក​គូលែន​បានឱ្យ​នគរវត្ដ​ដឹង​ថា​ ទាំង​រូប​គាត់​ក៏​ដូច​ជា​ក្រុម​គ្រួសារ​របស់​ប្រជា​ពលរដ្ឋ​ដទៃ​ទៀត​ បាន​រស់នៅ​លើ​ដី​ចំណុច​បេង​ដូ​ប​ក្នុងភូមិ​គូលែន​ខាងត្បូង​នេះ​មាន​ រយៈពេល​១០​ឆ្នាំ​ និង​ខ្លះ​ទៀត​លើស​ពី​នេះ​ ដែល​បាន​បង្កបង្កើន​ផល​ ផ្ទះសម្បែង​ រហូត​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទទួលស្គាល់​ចេញ​ប័ណ្ណកម្មសិទ្ធិ​នេះ​ជាដើម​ ប៉ុន្ដែ​ថ្មីៗ​នេះ​ពួក​គាត់​ទទួល​បាន​សេចក្ដីជូនដំណឹង​ របស់​អាជ្ញាធរ​ខេត្ដ​តម្រូវ​ឱ្យ​ពួក​គាត់​រុះរើ​ លំនៅ​ឋាន​ចាក​ចេញពី​ដី​ដែល​គាត់​កំពុង​ អាស្រ័យ​ផល​ ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ ជាង​៣០០​គ្រួសារ​ដែល​រង​គ្រោះ​ ។​
​លោក​លី​ សុខុម​ បន្ដ​ថា​ គាត់​មិន​ យល់​ហេតុ​អ្វី​បានជា​អាជ្ញាធរ​ប​ង្ខ​ឱ្យ​ពួក​ គាត់​ចេញពី​ដី​ទាំងនោះ​ ស្រប​ពេល​ដែល​ រាជរដ្ឋាភិបាល​ដែល​មាន​សម្ដេច​តេ​ជោ​ជា​ប្រមុខ​ កំពុង​តែ​យកចិត្ដទុកដាក់​ខ្ពស់​ទៅ​លើ​ប្រជាពលរដ្ឋ​ និង​ជំរុញ​ឱ្យ​អាជ្ញាធរ​ ចាត់ចែង​វាស់វែង​ចែក​ដី​ឱ្យ​ប្រជា​ពល​រដ្ឋ​នោះ​ ។​
​លោក​សាត់​ ស៊ី​ មេឃុំ​ស្រយ៉ង់​បាន​ ប្រាប់​នគរវត្ដ​តាម​ទូរស័ព្ទ​ថា​ ពិតជា​មាន​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​តវ៉ា​ក្នុង​រឿង​ដីធ្លី​នេះ​មែន​ ប៉ុន្ដែ​គាត់​តវ៉ា​នៅ​កន្លែង​ដី​របស់​គាត់​ ខណៈ​ដែល​អាជ្ញាធរ​ស្រុក​-​ខេត្ដ​ មក​ដោះស្រាយ​រឿង​ដី​នេះ​ជាមួយ​ប្រជា​ពលរដ្ឋ​នោះ​ ប៉ុន្ដែ​ពេញ​មួយ​ព្រឹក​មិន​ទាន់​ ឃើញ​អាជ្ញាធរ​ថ្នាក់​ស្រុក​ខេត្ដ​មក​ដល់​។​
​លោក​មេឃុំ​បាន​បញ្ជាក់​ថា​ ការ​ពិត​ប្រជាពលរដ្ឋ​គាត់​រស់នៅ​លើ​ដី​នេះ​ជា​យូរ​ឆ្នាំ​មក​ហើយ​ អ្នកខ្លះ​ទិញ​ដី​ពី​កងពល​និង​ វរ​លេខ​៤១៣​ និង​អ្នកខ្លះ​ទៀត​កាប់​ឆ្កា​មក​ រស់នៅ​តាំងពី​ឆ្នាំ​១៩៩៨​ ដូច្នេះ​ពេល​ដែល​មេៗ​យោធា​គាត់​លក់​ដី​ទាំងនោះ​ឱ្យ​ ប្រជាពលរដ្ឋ​គាត់​មាន​ចំណារ​ ក្នុង​នាម​គាត់​ជា​អាជ្ញាធរ​ឃុំ​ ក៏​ធ្វើ​លិខិត​ស្នាម​កាន់​កាប់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ ហើយ​ខាង​យោធា​លក់​ដី​ទាំងនោះ​ឱ្យ​ប្រជាពលរដ្ឋ​ក៏​យក​ប្រាក់​កសាង​បន្ទាយ​ ជាដើម​ ។​
​លោក​សាត់​ ស៊ី​ បន្ដ​ថា​ ប្រជាពលរដ្ឋ​ គាត់​តវ៉ា​នេះ​ គឺ​ការពារ​ដី​ស្របច្បាប់​របស់​គាត់​ បន្ទាប់​ពី​ដឹង​ថា​ ជា​គោលការណ៍​ការ​បែងចែក​ដី​សម្បទាន​សង្គម​កិ​ច​ច្ច​ប៉ះ​ពាល់​ដី​របស់​គាត់​ ។​
​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​រិះគន់​ទៅ ​ លើ​អាជ្ញាធរ​ខេត្ដ​ ដែល​គាត់​សំដៅ​ទៅ​ លើ​លោក​ស​ ថា​វី​ អភិបាលរង​ខេត្ដ​ព្រះ​ វិហារ​ កន្លង​ទៅ​ចេះ​តែ​មាន​បញ្ហា​ជាមួយ​ ប្រជាពលរដ្ឋ​ក្នុង​រឿង​ដីធ្លី​ ដូច​ជា​ពេល​នេះ​ គាត់​សង្ស័យ​ថា​ លោក​ស​ ថា​វី​ ពាក់ព័ន្ធ​ ជាមួយ​ក្រុមហ៊ុន​ណាមួយ​ក្នុង​ការ​ទិញ​ដី​ ទើប​មាន​វត្ដមាន​ពី​លោក​អភិបាលរង​ខេត្ដ​ក្នុង​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ ។​
​ពួក​គាត់​បន្ដ​ថា​ សព្វថ្ងៃ​ពួក​គាត់​មាន​ ដី​បន្ដិចបន្ដួច​ជា​ដី​លំនៅ​ឋាន​និង​ដី​អាស្រ័យ​ផល​ បែរជា​រង​គ្រោះ​ដោយសារ​អាជ្ញាធរ​ ចុះបើ​កន្លង​ទៅ​ លោក​ស​ ថា​វី​ អភិបាល​ រង​ខេត្ដ​គាត់​កាប់​ឆ្ការ​យក​ដី​ព្រៃរបស់​រដ្ឋ​ រាប់រយ​ហិ​កតា​ធ្វើ​ជា​កសិដ្ឋាន​ចិ​ញ្ចឹម​គោ​ ក្របី​ ហេតុ​អ្វី​អាជ្ញាធរ​មើល​មិនឃើញ​ ចំណុច​នេះ​ហាក់ដូចជា​អយុត្ដិធម៌​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ ។​
​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​ កន្លង​ទៅ​កាលពី​ខែតុលា​ ឆ្នាំ​២០១១​ លោក​អភិបាល​រង​ខេត្ដ​ធ្លាប់​ប្រើប្រាស់​គ្រឿងចក្រ​ជា​ច្រើន​ ឈូស​ឆាយដី​ព្រៃ​ និង​ដី​ប្រជាពលរដ្ឋ​ ពួក​គាត់​ធ្វើ​កូដកម្ម​តវ៉ា​ត្រៀម​ដុត​គ្រឿងចក្រ​ ទើប​បញ្ឈប់​សកម្មភាព​ ។​
​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រិះគន់​របស់​ ប្រជា​ពលរដ្ឋ​ លោក​ស​ ថា​វី​ អភិបាលរង​ខេត្ដ​ ព្រះ​វិហារ​បានឱ្យ​នគរវត្ដ​ដឹង​តាម​ទូរស័ព្ទ​ផង​ដែរ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០១២​ថា​ ដី​ដែល​ប្រជាពលរដ្ឋ​តវ៉ា​នេះ​ គឺជា​ដី​ទីតាំង​បន្ទាយ​របស់​កងពល​លេខ​៤១​ ដែល​បាន​ដាក់​នៅ​ក្នុង​បញ្ជី​សារ​ពើ​ភណ្ឌ​ ប៉ុន្ដែ​ខាង​មេកង​ពល​គាត់​បាន​ ប្រាប់​ទៅ​អាជ្ញាធរ​ខេត្ដ​រួច​ហើយ​ បើ​ប្រជា​ពលរដ្ឋ​រស់នៅ​ក៏​រស់នៅ​ចុះ​ក្នុង​ការ​បង្ក​បង្កើន​និង​អាស្រ័យ​ផល​ តែ​ប្រជាពលរដ្ឋ​ ត្រូវធ្វើ​កិច្ចសន្យា​និង​ប្រគល់​ឱ្យ​អង្គភាព​យោធា​វិញ​ពេល​ត្រូវការ​ ។​
​លោក​អភិបាលរង​ខេត្ដ​បាន​លើក​ឡើង​ថា​ លោក​ជា​អ្នក​ទទួល​បន្ទុក​ដោះស្រាយ​រឿង​ដី​នេះ​ ដែល​សិក្សា​ថា​តើ​ប្រជាពលរដ្ឋ​ ដែល​គាត់​រស់នៅ​លើ​ដី​នេះ​ ជា​ប្រភេទ​ដី​គម្រប​ព្រៃ​ ឬ​ជា​ដី​របស់​កងពល​ ព្រោះ​ដី​គម្រប​ព្រៃ​តាម​បទបញ្ជា​០០១​របស់​រាជ​រដ្ឋាភិបាល​ ក៏​ដូច​ជា​អនុសាសន៍​របស់​ សម្ដេច​តេ​ជោ​ កាលពី​ថ្ងៃ​ទី​៨​ ខែមិថុនា​ ឆ្នាំ​២០១២​ ត្រូវ​តែ​វាស់វែង​ចែក​ជូន​ប្រជា​ពលរដ្ឋ​ដែល​ក្នុង​១​គ្រួ​សារបាន​ដី​លំនៅ​ ឋាន​ ២០​ម៉ែត្រ​ គុណ​ ១០០​ម៉ែត្រ​ ដី​បង្កបង្កើន​ ផល​កសិកម្ម​ក្នុង​១​គ្រួសារ​១​ហិ​កតា​ ។​
​ករណី​ដែល​ប្រជាពលរដ្ឋ​រិះគន់​ថា​ គាត់​កាប់​ឆ្ការ​ឈូស​ឆាយ​យក​ដី​ព្រៃ​រាប់​រយ​ហិ​កតា​ធ្វើ​កសិដ្ឋាន​ចិញ្ចឹម​ គោ​-​ក្របី​ នោះ​ លោក​ស​ ថា​វី​ បាន​បញ្ជាក់​ថា​ ចំពោះ​រឿង​ដី​ចិញ្ចឹម​គោ​-​ក្របី​នៅ​ស្រុក​គូលែន​នេះ​ គាត់​បាន​សុំ​ពី​លោក​អភិបាល​ខេត្ដ​ បើ​ប្រជាពលរដ្ឋ​ចោទ​ថា​ គាត់​គ្រប់​គ្រង​ដី​រដ្ឋ​ ឬ​រដ្ឋ​រឹបអូស​យក​គាត់​នឹង​ប្រគល់​ឱ្យ​ភ្លាម​ ពីព្រោះ​ដី​មាន​តែ​៣-៤​ ហិ​កតា​ប៉ុណ្ណោះ​ ហើយ​គោ​ប្រមាណ​៣០០​ទៅ​៤០០​ក្បាល​ គាត់​នឹង​លក់​យក​លុយ​ដាក់​ធនាគារ​ ប៉ុន្ដែ​ដី​ទាំងនេះ​គាត់​ មិន​បាន​ធ្វើ​កម្មសិទ្ធិ​ទេ​ ព្រោះ​យោង​តាម​មាត្រា​៤៦​នៃ​ច្បាប់រដ្ឋបាល​ព្រៃឈើ​មិន​អនុញ្ញាត​ឱ្យធ្វើ​ជា​ កម្មសិទ្ធិ​ ។​
​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា​ ដី​កសិដ្ឋាន​ចិញ្ចឹម​គោក្របី​របស់​លោក​អភិបាលរង​ខេត្ដ​រាប់រយ​ហិ​កតា​កន្លង​ ទៅ​ ក៏​មានការ​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​ផង​ដែរ​ ប៉ុន្ដែ​ប្រជាពលរដ្ឋ​មិន​ហ៊ាន​ ដោយសារ​លោក​ស​ ថា​វី​ ជា​អភិបាលរង​ខេត្ដ​ និង​មាន​អំណាច​ផង​នោះ​ ។​
​ថ្មីៗ​នេះ​ មន្ដ្រី​សាលាដំបូង​ខេត្ដ​ព្រះ​វិហារ​បាន​ធ្លោយ​ឱ្យ​ដឹងផង​ដែរ​ពាក់ព័ន្ធ​ទៅ​ នឹង​បណ្ដឹង​របស់​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ ដែល​មាន​លោក​អភិបាលរង​ខេត្ដ​ជាប់​ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ ប៉ុន្ដែ​មន្ដ្រី​តុលាការ​មិន​លម្អិត​ក្នុង​រឿង​នេះ​ គ្រាន់​តែ​បញ្ជាក់​ថា​ លោក​អភិបាលរង​ខេត្ដ​ ព្យាយាម​ឱ្យ​តុលាការ​សម្របសម្រួល​ក្នុង​សំណុំរឿង​នោះ​ដែរ​តែ​មិន​អាច​ទៅ​រួច ​​៕

Nokorwat Media Center | ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ​ចោទ​ប្រកាន់​អាជ្ញា​ខេត្ដព្រះវិហារ​បណ្ដេញ​គាត់​ចេញពី​ដី​រស់នៅ​ស្របច្បាប់​

No comments:

Post a Comment