Friday, June 15, 2012

ដោះលែង​ប្រជាពលរដ្ឋ​បឹងកក់ ២ នាក់ ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​

 
(ថ្ងៃទី 15 មិថុនា 2012, ម៉ោង 06:58:PM) | ដោយ: ឆាយា
Give our kids a better deal
ប្រជាពលរដ្ឋ​បឹងកក់ ដែលមាន​សំណាង​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ទាំងពីរ​នាក់​នោះ មានឈ្មោះ សៅ សារឿន ភេទ​ប្រុស អាយុ ៦៤​ឆ្នាំ និង​ឈ្មោះ លី ចាន់ណា​រី ភេទ​ស្រី អាយុ ៣៦​ឆ្នាំ
ភ្នំពេញ: ប្រជាពលរដ្ឋ​បឹងកក់​ចំនួន ២ នាក់ ដែល​ត្រូវ​ឃុំខ្លួន​ដាក់ពន្ធនាគារ​ព្រៃ​ស ក្រោម​ការចោទប្រកាន់​ពីបទ កាន់កាប់​ដោយ​ខុសច្បាប់​អចលនវត្ថុ របស់​នីតិបុគ្គល​សាធារណៈ និង​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ  បាន​ត្រូវ​លោកស្រី សែម ស​ក្កិ​កូ​ឡា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន កាលពី​រសៀល​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១២​។ តែ​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ បន្ទាប់ពី​ពួកគេ​ត្រូវ​ជាប់ឃុំ​អស់​រយៈពេល ២០​ថ្ងៃ រួចមកហើយ​។​

​ ប្រជាពលរដ្ឋ​បឹងកក់ ដែលមាន​សំណាង​ទាំងពីរ​នាក់​នោះ មានឈ្មោះ សៅ សារឿន ភេទ​ប្រុស អាយុ ៦៤​ឆ្នាំ និង​ឈ្មោះ លី ចាន់ណា​រី ភេទ​ស្រី អាយុ ៣៦​ឆ្នាំ បាន​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ ភ្នំពេញ ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១២ នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុងខណៈពេល ដែល​ពួកគេ បាន​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​បឹងកក់​មួយចំនួនទៀត ដែល​កំពុង​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ប្រជាពលរដ្ឋ​បឹងកក់ ១៣ នាក់ ឱ្យមាន​សេរីភាព​វិញ​។​

​គួររម្លឹកថា ស្ត្រី​ទាំង ១៣ នាក់ ដែលជា​ប្រជាពលរដ្ឋ​រស់នៅ​បឹងកក់ បាន​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ ឃាត់ខ្លួន កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១២ នៅ​ចំណុច​តំបន់​អភិវឌ្ឍន៍​បឹងកក់ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ រួច​បញ្ជូនមក​ការិយាល័យ ដើម្បី​ធ្វើការ​សាកសួរ​ករណី​រំលោភ ចូលកាន់​កាប់​ដី​សាធារណៈ​របស់​រដ្ឋ​។​

​ ដើមចម ដែលនាំឱ្យ​មានការ​ឃាត់​ខ្លួន​នោះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១២ មាន​ប្រជាពលរដ្ឋ​ប្រមាណ ១៥ នាក់ បាននាំគ្នា​ចូលមក​កាន់កាប់​ដី​សាធារណៈ របស់​រដ្ឋ ស្ថិតនៅ​តំបន់​បឹងកក់ ដោយ​ពួកគេ​បាន​ប្រើប្រាស់​សម្ភារៈ​មួយចំនួន មានដូចជា រណា ញញួរ ពូថៅ ដែកគោល ដែកគាស់ និង​ឈើ សម្រាប់​សាងសង់​ផ្ទះ​ព្រមទាំង​សំភារៈ​ផ្សេងៗ មួយចំនួនទៀត​។​

​ ពេល​ប្រជាពលរដ្ឋ កំពុង​ធ្វើ​សកម្មភាព​នេះ កម្លាំង​គណៈកម្មការ​ចម្រុះ បាន​ចុះ​ធ្វើការ​ហាមឃាត់ និង​បាន​ណែនាំ ដោយ​សន្តិវិធី​ប្រយោជន៍ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទាំងនេះ បញ្ឈប់​សកម្មភាព​នេះ​។
​ប៉ុន្តែ​ពួកគេ នៅតែ​ច​ចែស​រឹងរូស ពុំ​ព្រម​បញ្ឈប់​សកម្មភាព​ឡើយ ហើយ​ថែមទាំង​ធ្វើការ​ប្រឆាំង​តបត មកលើ​កម្លាំងចម្រុះ ដោយមាន​ការជេរប្រមាថ និង​គប់​ដំ​ថ្ម បាច​ដីខ្សាច់​ថែម​ទៀតផង​។

​នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១២ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សំណុំ​រឿងនេះ ទៅ​បើកសវនាការ​ជំនុំជម្រះ​ភ្លាម ដោយ​សម្រេច​ឱ្យ ៧ នាក់ ជាប់ពន្ធនាគារ ២ ឆ្នាំ ៦​ខែ​, ៥​នាក់ ជាប់ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ៦​ខែ តែ​អនុវត្ត​ក្នុង​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ និង​ម្នាក់ទៀត ដែលជា​ស្ត្រី​វ័យ ៧២ ឆ្នាំ ត្រូវ​ជាប់ពន្ធនាគា​ររ​យៈ​ពេល ២ ឆ្នាំ ៦ ខែ តែ​អនុវត្ត​ក្នុង​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ​។
​ប៉ុន្តែ​ពួកគេ​បាន​ប្តឹង ​ឧទ្ធរណ៍​ប្រឆាំងនឹង​ការសម្រេច​នេះ​។

​ដោយឡែក​ប្រជាពលរដ្ឋ​បឹងកក់​ ចំនួន​២​នាក់ មានឈ្មោះ សៅ សារឿន និង​ឈ្មោះ លី ចាន់ណា​រី បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​។​

​អ្នក​បឹងកក់​ ចំនួន​១៣​នាក់ ដែល​ត្រូវ​ឃុំខ្លួន​នៅ​ពន្ធនាគារ​តាម​អំណាច​សាលក្រម មាន ឈ្មោះ ទេព វ​ន្នី អាយុ ៣១​ឆ្នាំ​, ឈ្មោះ ហេង មុំ អាយុ ៤២​ឆ្នាំ​, ឈ្មោះ សួង សម័យ អាយុ ៥៤​ឆ្នាំ​, ឈ្មោះ ឆេង លៀប អាយុ ៥០​ឆ្នាំ​, ឈ្មោះ ថូ ដាវី អាយុ ២៥​ឆ្នាំ​, ឈ្មោះ បូ​វ សោភា អាយុ ៣៥​ឆ្នាំ​, ឈ្មោះ គង់ ចន្ថា អាយុ ៤៥​ឆ្នាំ​, ឈ្មោះ ងួន គឹម​ឡាង អាយុ ៥៥​ឆ្នាំ​, ឈ្មោះ សុង ស្រី​លៀប អាយុ ២៥​ឆ្នាំ​, ឈ្មោះ ចាន់ ណាវី អាយុ ៥៧​ឆ្នាំ​, ឈ្មោះ ផាន់ ឈុន​រ៉េត​, ឈ្មោះ តុល ស្រី​ពៅ អាយុ ៣៦​ឆ្នាំ និង​ឈ្មោះ ង៉ែត ឃុន អាយុ ៧២​ឆ្នាំ​៕

No comments:

Post a Comment