កញ្ញា តឹក នីម ពេលដើរចេញពីសាលាឃុំអមលាំងកាលពីថ្ងៃចន្ទ។ ស្ត្រីរងគ្រោះក្នុងជម្លោះដីធ្លី
រូបនេះ នឹងចូលកាន់ការជាមេឃុំក្នុងពេលឆាប់ៗ។ រូបថត ជីវ័ន
28 June 2012 ម៉ៃ ទិត្យថារ៉ា The Phnom Penh Post
កំពង់ស្ពឺៈ ស្រ្តី ជាពលរដ្ឋរងគ្រោះម្នាក់ ក្នុងចំណោមពលរដ្ឋរាប់ពាន់នាក់ ក្នុងឃុំអមលាំង ស្រុកថ្ពង ដែលមានវិវាទដីធ្លីដ៏រ៉ាំរ៉ៃ ជាមួយក្រុមហ៊ុនស្ករសភ្នំពេញ របស់លោកលី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជា និងដែលបានឈរឈ្មោះតំណាងឲ្យគណបក្ស សម រង្ស៊ី បានឈ្នះការបោះឆ្នោតឃុំ-សង្កាត់ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ៣ ខែមិថុនា។
កញ្ញា តឹក នីម អាយុ ២៨ ឆ្នាំ ជាពលរដ្ឋរងគ្រោះម្នាក់ ក្នុងឃុំអមលាំង ដែលឈ្នះឆ្នោត ក្លាយជាមេឃុំ ក្នុងឃុំអមលាំង បានថ្លែងថា កញ្ញា ចាប់ផ្តើមចូលរួមជាមួយគណបក្សសមរង្ស៊ី នៅឆ្នាំ ២០១០ នៅពេលអ្នកភូមិចាប់ផ្តើមមានបញ្ហាជាមួយក្រុមហ៊ុនស្ករសភ្នំពេញ។ កញ្ញា បញ្ជាក់ថា៖ «តាម ពិត ខ្ញុំមិនចង់ពាក់ព័ន្ធនឹងរឿងនយោបាយទេ តែដោយសារតែខ្ញុំមើលឃើញអ្នកភូមិខ្ញុំទាំងអស់គ្នា ដែលជាជនរងគ្រោះ បានដាក់ពាក្យបណ្តឹងទៅឃុំ ពុំមានអ្នកណាយកចិត្តទុកដាក់ជួយដោះស្រាយទេ ដូច្នេះបានជាខ្ញុំសម្រេចចិត្ត ចូលរួមជាមួយគណបក្ស សម រង្ស៊ី»។
អង្គុយ នៅក្រោមផ្ទះឈើរបស់កញ្ញា ក្នុងភូមិតាគង កញ្ញាបានបន្តថា កញ្ញាមិនដែលគិតថា នឹងអាចក្លាយជាមេឃុំដូច្នេះទេ ព្រោះតែកើតក្នុងត្រកូលគ្រួសារកសិករក្រីក្រ និងរៀនសូត្របានតិច។
កញ្ញាបញ្ជាក់ថា៖«វា ហាក់ដូចជាយល់សប្តិអ៊ីចឹងសម្រាប់ខ្ញុំ តែខ្ញុំបានរៀបចំខ្លួនធ្វើជាមេឃុំហើយ ដើម្បីជួយអ្នកភូមិក្នុងឃុំរបស់ខ្ញុំ»។
ធ្លាប់តែជាជនរងគ្រោះនៃជម្លោះដីធ្លី កញ្ញា តឹក នីម ដែលនឹងក្លាយជាមេឃុំ ក្នុងពេលឆាប់ៗនេះ ថ្លែងថា ពេល ឡើងធ្វើជាមេ-ឃុំ កញ្ញានឹងយកចិត្តទុកដាក់ លើបញ្ហាទំនាស់ដីធ្លី អំពើហិង្សាក្នុងគ្រួសារ អប់រំកុមារឲ្យទៅសាលារៀន ទប់ស្កាត់ស្ត្រីធ្វើចំណាកស្រុកខុសច្បាប់និងការលេងល្បែងពាលា អាវ៉ាសែ។ កញ្ញាបន្តថា៖«ក្នុង អាណត្តិ ៥ ឆ្នាំរបស់ខ្ញុំនេះ ខ្ញុំនឹងធ្វើការមួយជំហានម្តងៗ តាមផែនការរបស់ខ្ញុំ។ ដំបូង ខ្ញុំត្រូវធ្វើការលើបញ្ហាដីធ្លី ពីព្រោះវាសំខាន់ជាងគេក្នុងឃុំខ្ញុំ»។ ដីស្រែជាង ៣ ហិកតា របស់កញ្ញា តឹក នីម ក៏ត្រូវក្រុមហ៊ុនស្ករសភ្នំពេញរំលោភយកដែរ តែកញ្ញា មិនអាចទាមទារយកដីនោះមកវិញបានទេ ព្រោះដីស្រែនោះត្រូវគេដាំអំពៅរួចទៅហើយ។
កញ្ញា ក៏ដឹងខ្លួនដែរថា នៅពេលឡើងធ្វើជាមេឃុំជាផ្លូវការ នឹងប្រឈមបញ្ហាជាច្រើន ជាមួយអតីតមេឃុំចាស់ របស់គណបក្សប្រជាជន ដែលធ្លាប់មើលងាយកញ្ញា ព្រោះកញ្ញា នៅក្មេង និងពុំមានបទពិសោធ។
កញ្ញាថា៖ «ខ្ញុំដឹងថា ខ្ញុំនឹងប្រឈមនឹងបញ្ហាជាច្រើន តែខ្ញុំប្រកាន់តាមនីតិវិធីច្បាប់ ដើម្បីធ្វើការ»។
កញ្ញា តឹក នីម បានបោះបង់ការសិក្សានៅថ្នាក់ទី ៩ ដើម្បីរកការងារធ្វើ ជួយទ្រទ្រង់ជីវភាពគ្រួសារដែលក្រីក្រ។ កញ្ញា ក៏ធ្លាប់គ្រោង ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដើម្បីរកប្រាក់ជួយគ្រួសារផងដែរ ដោយសារតែអស់សង្ឃឹម ក្នុងការស្វែងរកការងារធ្វើ នៅក្នុងខេត្ត ប៉ុន្តែបានអាក់ខានទៅវិញ ដោយសារតែជាប់រវល់ធ្វើការតវ៉ាការពារដីធ្លី ដែលត្រូវគេរំលោភបំពាន។
អ្នក ស្រី យឿន រី អាយុ ៦១ ឆ្នាំ ជាម្តាយកញ្ញា តឹក នីម បានថ្លែងថា អ្នកស្រីមានកូនស្រី ២ នាក់ និងកូនប្រុស ២ នាក់ ហើយអ្នកស្រី តឹក នីម ជាកូនទី ៣។ កញ្ញាបន្តថា អ្នកស្រីរីករាយណាស់ នៅពេលកូនស្រី បានជាប់ឆ្នោតក្លាយជាមេឃុំ ហើយអ្នកស្រីបានទូន្មានកូនស្រី ឲ្យខិតខំធ្វើការ ជួយអ្នកភូមិ ដែលត្រូវគេរំលោភបំពាន ដោយមិនត្រូវដើរតាមផ្លូវមេឃុំចាស់ឡើយ។ អ្នកស្រីថា៖«ខ្ញុំមិនដែល ស្រមៃថា កូនស្រីខ្ញុំក្លាយជាមេឃុំទេ ព្រោះយើងជាគ្រួសារក្រីក្រ»។
យោង តាមរបាយការណ៍អង្គការសិទ្ធិមនុស្សអាដហុក ដែលពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី រវាងអ្នកភូមិ ក្នុងឃុំអមលាំង និងក្រុមហ៊ុនស្ករសភ្នំពេញ តាំងពីខែកុម្ភៈ ឆ្នាំ ២០១០ មកទល់ពេលនេះ មានអ្នកភូមិ ២៩ នាក់ ត្រូវចោទប្រកាន់ពីបទព្រហ្មទណ្ឌ ហើយអ្នកភូមិ បានធ្វើការតវ៉ាចំនួន ៩៦ លើក និងបានបិទផ្លូវជាតិចំនួន ៤ លើក។
ក្រុម ហ៊ុនស្ករសភ្នំពេញ របស់លោក លី យ៉ុងផាត់ ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល កាលពីខែកុម្ភៈ ឆ្នាំ ២០១០ លើផ្ទៃដី ៩ ពាន់ហិកតា ដើម្បីដាំអំពៅ។
លោក ផល វណ្ណៈ តំណាងអ្នកភូមិ ក្នុងឃុំអមលាំងថ្លែងថា លោកសង្ឃឹមថា មេឃុំថ្មី ដែលទើបជាប់ឆ្នោតរូបនេះ នឹងជួយប្រជាជនបានច្រើនជាងមេឃុំចាស់ ព្រោះនាងធ្លាប់ជាជនរងគ្រោះនៃជម្លោះដីធ្លីផ្ទាល់។ លោកថា៖«ទោះនាងក្មេង និងពុំមានបទពិសោធក្តី តែខ្ញុំជឿថា នាងអាចធ្វើបាន ព្រោះនាងមានឆន្ទៈល្អចំពោះអ្នកភូមិ»។
តាម លទ្ធផលផ្លូវការនៃការបោះឆ្នោតឃុំ-សង្កាត់ ប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី ២៤ ខែមិថុនា គណបក្សប្រជាជនកម្ពុជា ឈ្នះបានតំណែងមេឃុំ ១៥៩២ ឃុំ គណបក្សសម រង្ស៊ី ២២ ឃុំ គណបក្សហ៊្វុនស៊ិនប៉ិច ១ ឃុំ និងគណបក្សសិទ្ធិមនុស្ស ១៨ ឃុំ។
ដោយ ឡែក នៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺជាឃុំដែលមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ដែលមានអាសនៈសរុបចំនួន ៧ គណបក្សសមរង្ស៊ី ឈ្នះបាន ៣ អាសនៈ គណបក្សប្រជាជន ២ អាសនៈ និងគណបក្សសិទ្ធិមនុស្ស ២ អាសនៈ ខណៈដែលកាលពីអាណត្តិមុនបក្សប្រជាជន បានកាន់កាប់ទាំង៧អាសនៈ៕
No comments:
Post a Comment