ដោះលែងមនុស្ស ៧នាក់ ដែលជាប់ចោទរំខានដល់ការវាស់វែងដីសម្បទាន នៅបន្ទាយមានជ័យ
ការិយាល័យកណ្តាលនគរបាលយុត្តិធម៌ខេត្តបន្ទាយមានជ័យ ជាអ្នកទទួលយករឿងនេះ ហើយក៏មានបានធ្វើកំណត់ហេតុ ឬកសាងសំណុំរឿងអ្វីទេ ដោយថ្នាក់លើរបស់គេបានបញ្ជាឲ្យដោះលែងមន្ត្រីអង្គការទាំង ៧នាក់ នោះវិញ។
មន្ត្រីអង្គការទាំង ៧នាក់ មាន ទី១. ឈ្មោះ គយ លន់ អាយុ៤០ឆ្នាំ មានទីលំនៅភូមិ-ឃុំទួលពង្រ ស្រុកម៉ាឡៃ ជាប្រធានអង្គការប្រឆាំងបទល្មើសសង្គមកម្ពុជា, ទី២. ឈ្មោះ គឹម យ៉ុង អាយុ៥៨ឆ្នាំ មានទីលំនៅភូមិត្រពាំង ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ជាប្រធានស្នាក់ការប្រចាំស្រុកសំពៅលូន, ទី៣. ឈ្មោះ ជឿន ធិ អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិវាលខ្សាច់ ឃុំបឹងបេង ស្រុកម៉ាឡៃ ជាមន្ត្រីស៊ើបអង្កេតបទល្មើស, ទី៤. ឈ្មោះ រឿម សុរួម អាយុ ២៤ឆ្នាំ មានទីលំនៅភូមិ-ឃុំទួលពង្រ ជាអនុប្រធានស្នាក់ការស្រុកម៉ាឡៃ ប្រចាំឃុំទួលពង្រ, ទី៥. ឈ្មោះ កែវ វ៉ាត់ អាយុ ៤៨ឆ្នាំ ជាមន្ត្រីស៊ើបអង្កេត, ទី៦. ឈ្មោះ ទាវ លឿង អាយុ ៤០ឆ្នាំ ជាមន្ត្រីស៊ើបអង្កេត និងទី៧. ឈ្មោះ ធី ធឿន អាយុ ៣០ឆ្នាំ ជាប្រធានអង្គការប្រចាំនៅស្រុកម៉ាឡៃ។
គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង ២ រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ក្រុមការងាររបស់ស្រុក និងខេត្ត បានចុះទៅសិក្សាស្រាវជ្រាវរកមើលដីធ្លី ក្នុងទំហំដី ១.៥០០ ហិកតា ដើម្បីកាត់ជូនប្រជាពលរដ្ឋ នៅចំណុចភូមិបង្កើតថ្មី ស្រឡៅជ្រុំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅក្នុងតំបន់រនាមដូនសម ដែលជាតំបន់ការពារបរិស្ថាន គ្រប់គ្រងដោយក្រសួងបរិស្ថាន ក្នុងនាមជាដីសម្បទានសង្គមកិច្ច ក្រោមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន។
នៅពេលដែលសមត្ថកិច្ចកំពុងចុះធ្វើការងារនេះ មានមនុស្សជាច្រើននាក់ត្រូវបានគេចោទប្រកាន់ថា បានរំខានដំណើរការរបស់ក្រុមការងារខាងលើនេះ។ ក្នុងនោះកម្លាំងប៉េអឹមបានឃាត់ខ្លួនប្រជាពលរដ្ឋចំនួន ៧នាក់។ ក្នុងចំណោមអ្នកទាំង ៧នោះ មានម្នាក់ឈ្មោះ គយ លន់ ដែលគេចោទថាជាមេខ្លោង។ ពួកគេបានបំផុសកុំឲ្យប្រជាពលរដ្ឋសហការលើការវាស់វែងនេះ ទោះបីជាវាស់វែងរួច ដីធ្លីទាំងនេះក៏មិនបានមកប្រជាពលរដ្ឋដែរ។
អ្នកទាំង ៧នោះ នៅក្នុងអង្គការមួយឈ្មោះ អង្គការប្រឆាំងបទល្មើសសង្គម មានកន្លែងធ្វើការនៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ។
លោក កែវ រតនៈ អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ប្រសិនបើលោករកឃើញថា ជនទាំងអស់នោះរំខានដល់ដំណើរការកាត់ដីធ្លី ដែលជាដីសម្បទានសង្គមកិច្ច ផ្តល់ដោយនាយករដ្ឋមន្ត្រី ឲ្យប្រជាពលរដ្ឋក្រីក្រមែននោះ លោកនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
ដោះលែងមនុស្ស ៧នាក់ ដែលជាប់ចោទរំខានដល់ការវាស់វែងដីសម្បទាន នៅបន្ទាយមានជ័យ
No comments:
Post a Comment