Sunday, June 10, 2012

លោក​ស៊ូ​យ៉ា​គ្រោង​ដាក់​របាយការណ៍​រំលោភ​សិទ្ធិមនុស្ស ទៅ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អ ស ប​

(ថ្ងៃទី 10 មិថុនា 2012, ម៉ោង 10:51:AM) | ដោយ: ​រតនា​
ក- ក+ | Print
ភ្នំពេញ: ​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា បាន​កំពុងតែ​ចងក្រង​នូវ​របាយការណ៍ ស្តី​ពី​ស្ថានការណ៍​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដាក់ជូន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែ​វ ពីព្រោះ​លោក​បាន​បញ្ចប់​នូវ​ដំណើរ​ទស្សនកិច្ច​ស្វែងរក​ការពិត លើ​
​បញ្ហា ​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១២ រួចហើយ​។​

​ លោក ស៊ូ​យ៉ា ប្រាសាទ ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ធ្លាប់បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​ទី​១១ ខែ​ឧសភា កន្លងមកនេះ​ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​នេះ លោក​បាន​ទទួល​នូវ​ព័ត៌មាន​ជាច្រើន​លើ​បញ្ហា​សិទ្ធិមនុស្ស ហើយ​លោក​នឹង​យក​ព័ត៌មាន​ដែល​ទទួលបាន​ទាំងនោះ មក​ធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់​គ្នា មុន​នឹង​ដាក់​បញ្ចូល​ទៅ​ក្នុង​របាយការណ៍ ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា ទៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៅក្នុង​ខែ​កញ្ញា ឆ្នាំ​២០១២ ខាងមុខនេះ​។​

​លោក ស៊ូ​យ៉ា បាន​មានប្រសាសន៍​បញ្ជាក់​ថា "​នៅពេលដែល​ខ្ញុំ​បាន​ពិនិត្យ​ច្បាស់លាស់​ហើយ និង​បន្ទាប់​ពី​
​បាន​ទទួល ​សក្ខីកម្ម​ពី​អ្នក​ដែល​ពាក់ព័ន្ធ​នៅក្នុង​បញ្ហា​នេះ​សព្វ​គ្រប់​អស់ហើយ ខ្ញុំ​នឹង​សរសេរ​ដាក់​បញ្ហា​ចូលទៅ​ក្នុង​របាយការណ៍​សិទ្ធិមនុស្ស និង​បញ្ចូល​នូវ​អនុសាសន៍​ជាច្រើន រួម​មាន​ការធ្វើ​យ៉ាងណា​ឲ្យមាន​យន្តការ​មួយ​ច្បាស់លាស់ ដើម្បី​គ្រប់គ្រង​លើ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ឲ្យមាន​ចីរភាព និង​មាន​សមធម៌​"​។​

​លោក​បន្តថា ការផ្តល់​ដី​សម្បទាន​នោះ គួរតែ​ធ្វើ​ឡើង​ក្នុង​ដំណាក់កាល​មួយ​ដែល​ត្រឹមត្រូវ និង​មាន​ក្របខ័ណ្ឌគតិយុត្តិ​ជា​ធរមាន គោលដៅ​ជា​ប្រយោជន៍​ដើម្បី​ពង្រឹង​គោលនយោបាយ និង​ការអនុវត្តន៍​ច្បាប់​ដែល​មាន​ជា​ធរមាន​។​

​លោក ស៊ូ​យ៉ា បានបញ្ជាក់​បន្តថា បេសកកម្ម​នៅក្នុង​អាណត្តិ​របស់​លោក​នៅពេល​នេះ ក្នុង​គោលដៅ​ក្នុងន័យ​ស្ថាបនា ដូច្នេះហើយ​អនុសាសន៍​របស់​លោក​ដែល​បាន​ដាក់​ចូល​ទៅ​ក្នុង​របា​យ​ការណ៍​នោះ ផ្តល់​ជា​ការប្រឹក្សា​យោបល់ ផ្តល់​ជា​ជំនួយ​ក្នុង​ការគាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការអនុវត្តន៍​គោលនយោបាយ​។ លោក​ចង្អុល​បញ្ជាក់​អំពី​កាតព្វកិច្ច ដែល​មាន​នៅក្នុង​សន្ធិសញ្ញា​អន្តរជាតិ​នានា ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ស​ច្ចាប​ន័ ក៏​ដូច​ជា​កាតព្វកិច្ច និង​សិទ្ធិ​ផ្សេងៗ​ទៀត ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា ដែល​ធានា​ការពារ​សិទ្ធិ និង​សេរីភាព​ប្រជាពលរដ្ឋ​។​

​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​មានប្រសាសន៍ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មាន​ការធ្លាក់ចុះ ហើយ​មន្ត្រី​មាន​សមត្ថកិច្ច​ធ្លាក់ចុះ មិន​បាន​គោរព​ច្បាប់ និង​គោរព​សិទ្ធិ​មនុស្ស​ទេ​។ លោក​បាន​បញ្ជាក់ថា "​ខ្ញុំ​ធ្វើ​ការពា​ក់ព​ន្ធ័​នឹង​សិទ្ធិមនុស្ស​ដែរ ទាំង​ផ្នែក​កម្មករ និង​ប្រជាពលរដ្ឋ និយាយ​សរុបទៅ ការគោរព​សិទ្ធិមនុស្ស​មាន​ការធ្លាក់​ចុះ យើង​មើលឃើញ​នូវ​ការធ្លាក់ចុះ​នៃ​ការគោរព​សិទ្ធិមនុស្ស យើង​មាន​ការព្រួយបារម្ភ ហើយ​ការធ្លាក់ចុះ​នៃ​សីលធម៌​សម្រាប់​ថ្នាក់ដឹកនាំ អាជ្ញាធរ បើ​បញ្ហា​ហ្នឹង​មិន​ត្រូវបាន​ធ្វើ​ការកែលម្អ បណ្តាល​ឲ្យ​បញ្ហា​កើតឡើង ដែល​នឹង​មាន​ចលនា​បដិវត្តន៍​កសិករ​កើតឡើង ក្នុង​សង្គម​ដែល​មាន​សីលធម៌​ធ្លាក់ចុះ ពុំ​មាន​ការគោរព​សិទ្ធិមនុស្ស និង​គ្មាន​ការគោរព​ច្បាប់ មាន​ការគាបសង្កត់​ជិះជាន់​ទៅ អា​ហ្នឹងហើយ​ដែល​មាន​ការរើបម្រះ​”​។​

​លោក រ៉ុង ឈុន បាន​បន្តទៀតថា ចំពោះ​លោក​គឺ​គាំទ្រ​នូវ​របាយការណ៍​ស្តីពី​សិទ្ធិមនុស្ស ចងក្រង​ដោយ​លោក​ស៊ូ​យ៉ា ដែល​គ្រោង​យកទៅ​ដាក់​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស នៅ​ខែ​កញ្ញា​ខាងមុខនេះ​។

​លោក​បន្តថា "​សង្គម​ស៊ីវិល​បាន​ចូលរួម​ផ្តល់​អនុសាសន៍​គ្រប់បែបយ៉ាង គឺ​ថ្នាក់​ដឹកនាំ​រដ្ឋ​របស់​យើង​នៅតែ​មិនបាន​ធ្វើ​ការកែលម្អ អ៊‌ីចឹង​ហើយ​យើង​គាំទ្រ​ធ្វើ​ម៉េច​ឲ្យ​អន្តរជាតិ​ជួយ​តម្រង់ផ្លូវ ឲ្យ​ដើរ​ត្រង់​ផ្លូវ តាម​អ្វី​ដែល​មានកំណត់​នៅក្នុង​រដ្ឋធម្មនុញ្ញ និង​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ដែល​ជា​ត្រីវិស័យ​ចង្អុលបង្ហាញ​ផ្លូវ​ដល់​អ្នក​ដឹកនាំ​”​។​

​រីឯ​លោក កែវ រ៉េមី រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុម​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បែរជា​និយាយ​យ៉ាង​នេះ​ថា "​នៅ​កាលដែល​ប្រជាជន​អាមេរិកាំង​ធ្វើបាតុកម្ម​មួយ​ប្រាវ គ្រប់​រដ្ឋ​ទាំងអស់ ប៉ូលិស​បង្ក្រាប​បាតុករ​វ៉ៃ​នឹង​ព្រនង់ ចាប់​ស្ត្រី​ចង​ស្លាបសេក បោះ​ចូល​ឡាន ហើយ​អា​ខ្លះទៀត​ទាញ​អាវ​គ្នា​ប្រឡេះ ខ្ញុំ​មិន​ចង់​និយាយ​ទេ ឃើញ​សព្វបែបសព្វយ៉ាង​ហើយ​អា​រឿង​រំលោភ​សិទ្ធិមនុស្ស ម៉េច​ក៏​ពួក​នេះ​មិន​ព្រម​នេះ​ផង តាមពិត​ពួកនេះ​ខូច អា​ខ្លះ​ខូច​ហ្មង ក៏ប៉ុន្តែ​ត្រង់​វា​ឆ្លាត ប្រទេស​អញ​ល្អ​រហូត ប្រទេស​គេ​ឆ្កឹះឆ្កៀល​ឲ្យគេ​រញ៉េរញ៉ៃ ដើម្បី​វា​គ្រប់គ្រង​រឿង​តែ​ប៉ុណ្ណឹង​ទេ វា​គ្មាន​ស្អី​ដែល​អស្ចារ្យ​ទេ ពួក​នេះ​ខ្ញុំ​ស្គាល់​ច្បាស់​ណាស់​”​។​

​ចំណែក​លោក ទិត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​មាន​ប្រតិកម្ម​តប​ទៅ​នឹង​លោក ស៊ូ​យ៉ា យ៉ាង​ដូច្នេះ​ថា កត្តា​សិទ្ធិមនុស្ស​មិនមែន​យើង​មើល​មួយថ្ងៃ យើង​ដឹង​ថា​ស្ថានការណ៍​សិទ្ធិមនុស្ស​វិវត្តន៍​ទៅ​យ៉ាងណាៗ ដូច​យើង​មើល​តាម​ភ្នែក​យើង​ទេ សំខាន់​មើល​ពី​ប្រវត្តិសាស្ដ្រ ដែល​រាជរដ្ឋាភិបាល​មាន​សុ​ឆន្ទៈ​លុបបំបាត់​នូវ​ការ​បំពារបំពាន​ដោយ​ច្បាប់​ ផ្សេងៗ ដែល​បុគ្គល​មួយចំនួន​ជិះជាន់​កេងប្រវ័ញ្ច​ទៅលើ​ប្រជាពលរដ្ឋ​៕
លោក​ស៊ូ​យ៉ា​គ្រោង​ដាក់​របាយការណ៍​រំលោភ​សិទ្ធិមនុស្ស ទៅ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អ ស ប​

No comments:

Post a Comment