ដោយ ថុល ស្រីលក្ខ និងស៊ុនណារិន ថ្ងៃអង្គារ ទី12 មិថុនា ឆ្នាំ2012 ម៉ោង17:31
មន្ត្រីអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហាញពីក្តីបារម្ភ ដែលតុលាការកម្ពុជា បានប្រើប្រព័ន្ធច្បាប់កាត់ទោសទៅលើប្រជាពលរដ្ឋ នៅភូមិបឹងកក់ ១៣នាក់ ទាក់ទងនឹងទំនាស់ដីធ្លី។មានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មានតាមរយៈអ្នកបកប្រែនៅថ្ងៃទី ១២ ខែមិថុនានេះ អ្នកនាំពាក្យស្ថានទូតអាមេរិក លោក Sean McItosh មានប្រសាសន៍ថា នៅពេលនេះ លោកមានការបារម្ភជាខ្លាំងដែលរដ្ឋាភិបាលកម្ពុជា ប្រើប្រព័ន្ធច្បាប់ដាក់ទោសលើអ្នកភូមិបឹងកក់ ចំនួន ១៣នាក់ ដែលបានតវ៉ាពីបញ្ហាដីធ្លី និងផ្ទះសម្បែងរបស់ពួកគេ។ លោកបន្តថា លោកបានទទួលលិខិតសុំជួយអន្តរាគមន៍ពីអ្នកភូមិបឹងកក់ ហើយលោកមានប្រសាសន៍ថា នៅក្នុងសង្គមប្រជាធិបតេយ្យ គឺសំខាន់ណាស់ត្រូវមានការអនុវត្តច្បាប់ ៖ “ការអនុវត្តទៅតាមច្បាប់ដែលយើងហៅថា Rule of low ហ្នឹង គឺមានសារៈសំខាន់ណាស់នៅក្នុងសង្គមប្រជាធិបតេយ្យ ដូច្នេះការអនុវត្តទៅតាមច្បាប់ ទាក់ទងនឹងប្រព័ន្ធតុលាការ គឺជារឿងសំខាន់ដើម្បីចោទប្រកាន់ទៅលើរឿងអ្វីមួយ។”
ស្តាប់សំឡេង៖
ជាមួយគ្នានោះផងដែរ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍បន្ទាប់ពីសិក្ខាសាលាមួយ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារនេះថា កន្លងមក លោកបានផ្ញើលិខិតមួយទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ឲ្យសើរើករណីអ្នកភូមិបឹងកក់ទាំង ១៥នាក់នោះ ដែលរួមមានពីរនាក់ទៀត កំពុងជាប់ឃុំឃាំង និងមិនទាន់បានកាត់ក្តីនៅឡើយ ៖ “រឿងនេះគេប្តឹងឧទ្ធរណ៍ហើយ មានតែសាលាឧទ្ធរណ៍ទេ ដែលមានសមត្ថកិច្ច ព្រោះប្រជាពលរដ្ឋគាត់បានប្តឹងឧទ្ធរណ៍ហើយ ខ្ញុំបានសំរេចហើយ អញ្ចឹងខ្ញុំបញ្ជូនទៅឧទ្ធរណ៍ឲ្យ ឧទ្ធរណ៍សំរេចចុះ មានតែប៉ុណ្ណឹងទេ។”
ឆ្លើយតបករណីនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ភូ ពៅស៊ុន ធ្លាប់មានប្រសាសន៍ថា សំណុំរឿងនេះ ត្រូវបានបញ្ជូនទៅសាលាឧទ្ធរណ៍រួចហើយ។
នៅរសៀលថ្ងៃអង្គារនេះ VOD មិនអាចសុំការអធិប្បាយពីសាលាឧទ្ធរណ៍បាននៅឡើយទេ ដោយសារទូរស័ព្ទហៅចូលមិនមានអ្នកទទួល។
មេធាវីការពារក្តីឲ្យប្រជាពលរដ្ឋនៅភូមិបឹងកក់ លោក ជិន លីដា មានប្រសាសន៍ថា លោកបានសាកសួរទៅសាលាដំបូងរាជធានីភ្នំពេញ តែគេអះអាងថា រឿងនេះទើបតែបញ្ជូនទៅសាលាឧទ្ទរណ៍កាលពីព្រឹកមិញនេះ។ លោកបន្តថា រហូតមកដល់ពេលនេះ លោកមិនទាន់ទទួលបានដំណឹងអ្វីពីសាលាឧទ្ធរណ៍នោះទេ។
ការព្រួយបារម្ភ និងដាក់លិខិតជម្រុញនេះ ធ្វើឡើងបន្ទាប់ពីក្មេងៗដែលជាកូនរបស់អ្នកបឹងកក់ បានដាក់ញត្តិស្វែងរកអន្តរាគមន៍ពីក្រសួងយុត្តិធម៌ ព្រះបរមរាជវាំង ស្ថាប័នរដ្ឋផ្សេងៗ និងស្ថានទូតនានានៅក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យដោះលែងម្តាយឪពុករបស់ពួកគេ ១៥នាក់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស។
គួររំលឹកដែរថា ពលរដ្ឋបឹងកក់ចំនួន ១៣នាក ត្រូវតុលាការរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារពី ១ឆ្នាំដល់ ២ឆ្នាំ៦ខែ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ កន្លងទៅ ពីបទដណ្តើមកាន់កាប់ដីនីតិបុគ្គលដោយខុសច្បាប់ និងជេរប្រមាថមន្រ្តីសារធារណៈ៕
ស្ថានទូតអាមេរិកប្រចាំកម្ពុជាបារម្ភពីការប្រើប្រព័ន្ធច្បាប់កម្ពុជាកាត់ទោសអ្នកបឹងកក់
No comments:
Post a Comment