ដោយ ពៅ មេត្តានិង អ៊ឹង ប៊ុនថន ថ្ងៃពុធ ទី30 ឧសភា ឆ្នាំ2012 ម៉ោង09:45

ពលរដ្ឋបឹងកក់តវ៉ានៅមុខ សាលាដំបូងរាជធានីភ្នំពេញ ទាមទារអោយដោះលែងពលរដ្ឋបឹងកក់ ១៥នាក់ (រូបថត ញឹម សុខន)
នៅក្នុងសេចក្តីថ្លែង ការណ៍រួម កាលពីថ្ងៃអង្គារទី២៩ ខែឧសភា ឆ្នាំ២០១២ បានកត់សំគាល់ថា នៅថ្ងៃទី២២ ខែឧសភា ប្រជាពលរដ្ឋបឹងកក់ ប្រមាណជា៨០នាក់ បានប្រមូលផ្តុំគ្នាដោយសន្តិវិធី ដើម្បីជួយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋ១៨គ្រួសារឡើងវិញ បន្ទាប់ពីក្រុមហ៊ុនស៊ូការគូអ៊ីន បានបូមខ្សាច់ពន្លិចធ្វើឲ្យខូចខាត ប៉ុន្តែត្រូវបានអាជ្ញាធរចាប់បញ្ជូនខ្លួនទៅកាន់ តុលាការដើម្បីកាត់ក្តី នឹងសម្រេចឲ្យមនុស្ស ១៥នាក់ ជាប់ពន្ធនាគារ។ ជាមួយនឹងការទាមទារឲ្យដោះលែងពលរដ្ឋបឹងកក់នោះ អង្គការសិទ្ធិមនុស្សអន្តរជាតិទាំងនេះ ក៏ថ្កោលទោស ការប្រើហិង្សាពីសំណាក់សមត្ថកិច្ចទៅលើអ្នកតវ៉ាដីធ្លី កន្លងមក។
ស្តាប់សម្លេង៖
ទាក់ទងនឹងករណីនេះ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេស សិទ្ធិលំនៅឋាន ដែលជាអង្គការក្នុងស្រុក លោក សៀ ភារម្យ ក៏ទទូចដល់រដ្ឋាភិបាលដោះលែងប្រជាពលរដ្ឋទាំងនោះ ព្រោះពួកគេគ្រាន់តែតវ៉ាការពារផលប្រយោជន៍ខ្លួនប៉ុណ្ណោះ ៖” ខ្ញុំជឿថា អស់លោកទាំងអស់ហ្នឹងក៏មានម្ដាយមានប្រពន្ធមានកូនស្រីមានអី ដែរ ដូច្នេះគួរតែមានទឹកចិត្តមនុស្សធម៌ដល់មនុស្សដូចគ្នា ដល់ខ្មែរដូចគ្នា រៀងហ្នឹងវាមិនគួរបណ្ដោយទៅដល់តុលាការកាត់ក្ដីយ៉ាងទាន់ហន់ យ៉ាងហួសហេតុយកពួកគាត់ទៅដាក់ក្នុងពន្ធនាគារដោយប្រញ៉ាប់ប្រញាល់ ”។
សម្រាប់សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល និងជាតំណាងរាស្ត្រផងនោះ លោក ជាម យៀប ឆ្លើយតបថា រដ្ឋាភិបាលពុំមានសិទ្ធិលើករណីនោះទេ ព្រោះស្ថិតនៅក្នុងសមត្ថកិច្ចឯករាជ្យរបស់តុលាការ។ លោក ជាម យៀប បញ្ជាក់ថា ក្នុងនាមរដ្ឋាភិបាល និងសមាជិកសភា គឺអាចការពារពលរដ្ឋ ដែលស្របច្បាប់តែប៉ុណ្ណោះ ៖”ទោះ ក្នុងកាលៈទេសៈណាក៏ដោយខ្ញុំនៅតែកាន់ជើងប្រជាពលរដ្ឋ កាន់ជើងម្ចាស់ឆ្នោតក្នុងពេលដែលគាត់ធ្វើត្រឹមត្រូវទៅតាម ច្បាប់ កាលណាខុសច្បាប់ខ្ញុំមិនដឹងដែរទេណា”។
តែសម្រាប់លោក ចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា នេះជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ព្រោះរដ្ឋាភិបាលជាអ្នកផ្តល់ដីសម្បទានបង្ករឲ្យរឿងទាំង នោះកើតឡើង៖”រដ្ឋាភិបាលមានចេតនារួចទៅហើយថានឹងឲ្យ ប្រជាពលរដ្ឋនៅសំណង តែអ្នកដែលរៀបចំដោះស្រាយបញ្ហាហ្នឹងគឺអត់ព្រមធ្វើទៅតាមកិច្ច ការងារហ្នឹងទេ បែរជាបែងចែកអ្នកនេះមិនអាចទទួលបាន អ្នកនោះប៉ុណ្ណេះអាចទទួលបានវាធ្វើឲ្យរឿងរ៉ាវហ្នឹងក្លាយទៅ ជាបញ្ហាធ្ងន់ធ្ងរ អាហ្នឹងជាទង្វេសប្រហែសរដ្ឋាភិបាលខ្លួនឯង”។
ក្នុងសេចក្តីសេចក្តីការណ៍រួមរបស់អង្គការអន្តរជាតិទាំង០៩ ក៏បានព្រួយបារម្ភចំពោះប៉ុនប៉ងចាប់ព្រះតេជគុណ លួន សុវ៉ាត ដែលចូលរួមឃ្លាំមើលការតវ៉ារបស់ប្រជាពលរដ្ឋបឹងកក់ នោះផងដែរ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋនៅតំបន់បឹងកក់ក្នុងរាជធានីភ្នំពេញ បានទាមទារឲ្យអាជ្ញាធររាជធានីភ្នំពេញ កំណត់ឲ្យបានច្បាស់លាស់ នូវទំហំដី១២,៤៤ ហិកតា ដល់ប្រជាពលរដ្ឋ តាមអនុក្រឹត្យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែសីហា ឆ្នាំ២០១១។ តែការទាមទារមិនមានដំណោះស្រាយ ទើបពួកគេសម្រេចសង់ផ្ទះលើដីដែលអាជ្ញាធរមិនទាន់បានកំណត់ ទើបមានការចាប់ខ្លួន។
តុលាការបានកាត់ក្តីឲ្យអ្នកភូមិបឹងកត់ចំនួន១៥នាក់ ជាប់ទោសពី១ឆ្នាំ ទៅ២ឆ្នាំកន្លះ ពីបទចូលកាន់កាប់លើអចលនវត្ថុបុគ្គលសាធារណៈដោយខុសច្បាប់៕
អង្គការអន្តរជាតិ ៩ ជម្រុញឲ្យរដ្ឋាភិបាលដោះលែងអ្នកភូមិបឹងកក់ ចំនួន១៥នាក់
No comments:
Post a Comment