Thursday, May 10, 2012

អ្នក​បុរី​កីឡា និង​បឹង​កក់ ជំរុញ​ការ​អនុវត្ត​សេចក្ដី​សម្រេច​របស់​លោក ហ៊ុន សែន

2012-05-08
ពលរដ្ឋ​សហគមន៍​បុរី​កីឡា និង​សហគមន៍​បឹង​កក់ ប្រមូល​ផ្ដុំ​ដាច់​ដោយ​ឡែក​ពី​គ្នា នៅ​ថ្ងៃ​ទី ៨ ខែ​ឧសភា។
RFA/Mom Sophon
ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់ តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១១
ការ​ជួប​ជុំ​នេះ គឺ​ដើម្បី​ធ្វើ​សំណើសុំ​ដោយ​ឡែក​គ្នា ២ ក្នុង​ន័យ​ជំរុញ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ពន្លឿន​ការ​អនុវត្ត​សេចក្ដី​ សម្រេច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ដោយ​ផ្ទាល់ ដោះស្រាយ​ទំនាស់​ដី​នៅ​តំបន់​ទាំង​ពីរ​នេះ។
អ្នក​ស្រី ទេព វន្នី ជា​តំណាង​សហគមន៍​បឹង​កក់ និង​អ្នកស្រី ជុំ ង៉ាន់ តំណាង​សហគមន៍​បុរី​កីឡា។ អ្នក​ស្រី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី ៨ ឧសភា​ថា ការ​ប្រមូល​ផ្តុំ​គ្នា​របស់​អ្នក​ភូមិ​សា​ជា​ថ្មី​ទៀត នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​នេះ គឺ​ដើម្បី​ជំរុញ​ឲ្យ​មន្រ្តី​សា​លា​រាជ​ធានី​ភ្នំពេញ អនុវត្ត​ចំណារ​របស់​ប្រមុខ​រដ្ឋាភិបាល​ឲ្យ​បាន​ឆាប់​ជូន​ពួក​គាត់។
អ្នក​ស្រី ទេព វន្នី៖ «អភិបាល​សាលា​រាជធានី​ភ្នំពេញ​ហ្នឹង ឲ្យ​គាត់​ជំរុញ និង​ពន្លឿន​ការ​ដោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ​បឹង​កក់។ បញ្ឈប់​ការ​ធ្វើ​ការ​ពន្យា​ពេល​វេលា​ចេះ​តែ​យូរ​ទៅៗ វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​របស់​ប្រជា​ ពលរដ្ឋ ហើយ​បញ្ហា​ផ្លូវ​ចិត្ត និង​ប៉ះពាល់​ដល់​មុខ​មាត់​របស់​រដ្ឋាភិបាល។ គាត់​នៅ​តែ​និយាយ​ពាក្យ​ដដែល​ថា ទាល់​តែ​មាន​ឯកសារ ៥ ចំណុច ហើយ​ពួក​ខ្ញុំ​ហ្នឹង​មាន​ឯកសារ​ដែល​ចុះ​កិច្ច​សន្យា និង​មាន​តែ ៤ ចំណុច​ទេ។ ដូច​ខ្ញុំ​ជំរាប​ប្រាប់​មិញ​អ៊ីចឹង ឲ្យ​តែ​មាន​ក្នុង ៤ ចំណុច​ហ្នឹង មួយ​ចំណុច​ក៏​បាន​ផ្ទះ​ដែរ»។
ក៏​ប៉ុន្តែ លោក កើត ឆែ នាយ​ខុទ្ទកាល័យ​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​ទទួល​សំណើ​របស់​សហគមន៍​បឹង​កក់​ដោយ​ផ្ទាល់ បាន​បដិសេធ​ក្នុង​ការ​ផ្តល់​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ។ តែ​លោក​អះអាង​យ៉ាង​ខ្លី​ថា កំពុង​រៀបចំ​របាយការណ៍​បញ្ជូន​ត្រឡប់​ទៅ​ថ្នាក់​លើ​វិញ។
ការ​ទាមទារ​របស់​សហគមន៍​ទាំង​ពីរ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជូន​លិខិត​មួយ​ច្បាប់ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ហូ សិទ្ធី នាយក​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី កាល​ពី​ថ្ងៃ​ទី ៣ ខែ​ឧសភា ឆ្នាំ ២០១២ សុំ​ឲ្យ​សាលា​ក្រុង​ភ្នំពេញ ចាត់​វិធានការ​តាម​សំណើ​របស់​សហគមន៍​បុរី​កីឡា បឹង​កក់ និង​លិខិត​អន្តរាគមន៍​របស់​សមាគម​លោក រ៉ុង ឈុន៕

No comments:

Post a Comment