Sunday, May 27, 2012

មន្ត្រី​អាមេរិក​រិះគន់​ប្រព័ន្ធ​តុលាការ​កម្ពុជា [ដឹងរឿងខូចដែរ តែហេតុដូចម្តេច បានជាអាមេរិកនៅ តែជួយ ហ៊ុនសែន?]

2012-05-26
ដោយ តាំង សារ៉ាដា
RFA

សហ​រដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បង្ហាញ​អំពី​ស្ថានភាព​មិន​ប្រក្រតី​នៅ​កម្ពុជា ក្នុង​បរិបទ​នៃ​ការ​គោរព​សិទ្ធិ​ មនុស្ស និង​អំពី​ប្រព័ន្ធ​តុលាការ​មាន​លក្ខណៈ​អន់ថយ

របាយការណ៍​ប្រចាំ​ឆ្នាំ​២០១១ ចំនួន ១១​ទំព័រ របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ដែល​ចេញ​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បង្ហាញ​ថា ក្រោម​ការ​ដឹកនាំ​នៃ​រដ្ឋបាល​របស់​លោក​ នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្វើ​អោយ​ប្រព័ន្ធ​តុលាការ​កម្ពុជា​ចុះ​ទន់​ខ្សោយ នាំ​អោយ​ខក​ខាន​មិន​បាន​រក​យុត្តិធម៌​ពេញ​លេញ​ជូន​ពល​រដ្ឋ​ស្លូត​ត្រង់ ហើយ​ដែល​បញ្ហា​នេះ​បាន​បង្ក​អោយ​ មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស

រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជាក់​ថា ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​ចំនួន​កើន​ឡើង​តាម​រយៈ​ការ​រំលោភ​សិទ្ធិ​ដីធ្លី ការ​បណ្ដេញ​ប្រជា​ពល​រដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ តាម​រយៈ​គោល​ការណ៍​ដី​សម្បទាន​សេដ្ឋកិច្ច ប្រព័ន្ធ​តុលាការ​មាន​លក្ខណៈ​អន់ថយ​ដែល​មិន​អាច​រក​យុត្តិធម៌​ពិត​ប្រាកដ​ ជូន​ពល​រដ្ឋ ការ​បន្ត​បទ​ចោទ​ប្រកាន់​ករណី​បរិហារកេរ្តិ៍​ជា​ទោស​ព្រហ្មទណ្ឌ និង​ការ​រឹតត្បិត​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​តាម​រយៈ​ការ​ចោទ​ ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​ដើម។


ក្រសួង​ការ​បរទេស​អាមេរិក​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ស្ថាប័ន​មាន​សមត្ថកិច្ច​ដូច​ជា​នគរបាល កង​រាជ​អាវុធ​ហត្ថ និង​ស្ថាប័ន​យោធា​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅ​លើ​ជន​ស៊ីវិល ដូច​ជា​ករណី​សម្លាប់ និង​ការ​ធ្វើ​ទារុណកម្ម​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ជា​ដើម។

កាល​ពី​ខែ​តុលា ឆ្នាំ​២០១១ កន្លង​ទៅ សមាគម​ការពារ​សិទ្ធិ​មនុស្ស ADHOC បាន​បង្ហាញ​ថា យ៉ាង​ហោច​ណាស់​មាន​ជន​សង្ស័យ​ចំនួន ១២៤​នាក់ ដែល​ត្រូវ​គេ​ឃុំ​ក្នុង​ប៉ុស្តិ៍​ប៉ូលិស ហើយ​ប្រាំ​នាក់​ទៅ​ទៀត​ជា​អ្នក​ទោស​ក្នុង​ពន្ធនាគារ​បាន​រង​ការ​ធ្វើ​ការ​ វាយ​ធ្វើ​ទារុណកម្ម​ដើម្បី​សួរ​ចម្លើយ។ ទារុណកម្ម​ទាំង​នោះ​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា មាន​ការ​យក​ខ្សែ​ភ្លើង​ឆក់ ការ​ធ្វើ​ឲ្យ​ថប់ដង្ហើម ការ​វាយ​នឹង​ដំបង ឬ​ខ្សែ​ភ្លើង​រហូត​ដល់​ជន​សង្ស័យ​ឆ្លើយ​សារភាព។

យោង​តាម​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១១ កន្លង​ទៅ​ឲ្យ​ដឹង​ថា កម្ពុជា​មាន​អ្នក​ទោស និង​ជន​ជាប់​ឃុំ​ឃាំង​ជាង ១​ម៉ឺន ៥​ពាន់​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ជាង ១​ពាន់ ២​រយ​នាក់ ហើយ​កុមារ​ជាង ៤​រយ​នាក់ ក្នុង​ពន្ធនាគារ​ចំនួន ២៧​កន្លែង ដែល​តម្រូវ​ឲ្យ​ដាក់​អ្នក​ទោស​តែ ១​ម៉ឺន ១​ពាន់​នាក់​ប៉ុណ្ណោះ។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ធ្លាប់​បង្ហាញ​ថា អ្នក​ទោស​នៅ​កម្ពុជា​មាន​ចំនួន​លើស​កំណត់ បណ្ដាល​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​អ្នក​ទោស ដូច​ជា​ការ​ខ្វះ​ថ្នាំ​សង្កូវ អនាម័យ អាហារ ទឹក​ស្អាត ជីវជាតិ និង​ការ​រក្សា​សណ្ដាប់​ធ្នាប់។ កាល​ពី​ខែ​កញ្ញា នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​រាយ​ការណ៍​ថា មាន​អ្នក​ទោស​ចំនួន ៣២​នាក់ បាន​ស្លាប់​ដោយ​សារ​ជំងឺ។

ក្រសួង​ការ​បរទេស​អាមេរិក​បាន​ឃ្លាំ​មើល​ផង​ដែរ​ទៅ​លើ​ប្រព័ន្ធ​តុលាការ​ កម្ពុជា ដែល​កំពុង​រង​សំពាធ​យ៉ាង​ខ្លាំង​ពី​រដ្ឋាភិបាល ហើយ​នាំ​អោយ​ស្ថាប័ន​មួយ​នេះ​ខ្វះ​ឯករាជ​ភាព​ក្នុង​ការ​អនុវត្ត​កិច្ច​ការ​ របស់​ខ្លួន ដើម្បី​រក​យុត្តិធម៌​ជូន​សង្គម និង​នាំ​ឲ្យ​មាន​អំពើ​ពុករលួយ​ក្នុង​ចំណោម​ចៅក្រម ព្រះ​រាជ​អាជ្ញា រួម​ទាំង​ក្រុម​មន្ត្រី​តុលាការ​ផ្សេង​ទៀត។

ក្រសួង​ការ​បរទេស​អាមេរិក​បាន​រក​ឃើញ​ថា ភាព​អន់​ថយ​នៃ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា គឺ​ដោយសារ​កត្តា​រួម​ផ្សំ​ជា​ច្រើន ដូច​ជា​ការ​ខ្វះ​នូវ​ធនធាន​ប្រាក់​ខែ របស់​ចៅក្រម និង​ព្រះ​រាជ​អាជ្ញា​មាន​កម្រិត​ទាប ខ្វះ​ការ​ហ្វឹកហ្វឺន​ជំនាញ​ចៅក្រម និង​ព្រះ​រាជ​អាជ្ញា​មាន​ចំនួន​តិច ករណី​ជា​ច្រើន​កក​ស្ទះ​មិន​ចាត់​ការ មាន​អំពើ​ពុក​រលួយ​កម្រិត​ខ្ពស់ និង​ខ្វះ​ការ​អនុវត្ត​នីតិ​វិធី​ច្បាប់។

មន្ត្រី​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស LICADHO លោក អំ សំអាត មាន​ប្រសាសន៍​ថា លោក​គាំទ្រ​របាយការណ៍​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក ដែល​បាន​បង្ហាញ​ពី​ភាព​ពិត​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ បច្ចុប្បន្ន។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​អាច​ធ្វើ​សេចក្ដី​អត្ថាធិប្បាយ​បាន​នៅ​ឡើយ​ទេ ទាក់​ទិន​នឹង​របាយការណ៍​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​នេះ៕ 
មន្ត្រី​អាមេរិក​រិះគន់​ប្រព័ន្ធ​តុលាការ​កម្ពុជា [ដឹងរឿងខូចដែរ តែហេតុដូចម្តេច បានជាអាមេរិកនៅ តែជួយ ហ៊ុនសែន?]

No comments:

Post a Comment