ដោយ វិជ័យ អានន្ទ 2012-05-19
ប្រជាពលរដ្ឋដែល
បានលួចរត់ចេញពីតំបន់ហ៊ុមព័ទ្ធដោយក្រុមសមត្ថកិច្ច
ចោទសមត្ថកិច្ចថាធ្វើទុក្ខបុកម្នេញពួកគាត់។
ប្រជាពលរដ្ឋភូមិក្ដារបាក់ អណ្ដូងជ្រៅ ទូលគ្រួស និងភូមិប្រមា
ស្ថិតក្នុងតំបន់ហ៊ុមព័ទ្ធដោយកងកម្លាំងសមត្ថកិច្ចចម្រុះឲ្យដឹងថា
កម្លាំងសមត្ថកិច្ចចម្រុះបានវ៉ៃ និងទាត់ធាក់ពួកគាត់។
ប្រជាពលរដ្ឋដែលរត់ចេញពីតំបន់អបគមន៍
បានអះអាងថា ក្រុមសមត្ថកិច្ចដែលបានវាយលុកចូលតំបន់អបគមន៍
ក្រៅពីការវ៉ៃធ្វើបាបពួកគាត់ហើយ
កងកម្លាំងសមត្ថកិច្ចនៅបានដកហូតសម្ភារៈជាប់ខ្លួន
មានដូចជាទូរស័ព្ទ ខោ អាវថ្មីៗ អង្ក ម៉ូតូ
និងប្រដាប់ប្រដាប្រើប្រាស់មានតម្លៃផ្សេងៗទៀត
ព្រមទាំងបានជេរប្រមាថប្រជាជនទាំងនោះថា ជាឈ្លើយសឹក
និងសម្លុតពួកគាត់ដោយឲ្យពួកគាត់ប្រាប់ពីកន្លែងលាក់ខ្លួនរបស់
ក្រុមលោក ប៊ុន រដ្ឋា។
ម្យ៉ាងទៀត
ប្រជាពលរដ្ឋទាំងនោះបញ្ជាក់ថា
ពួកគាត់លួចរត់ចេញមកនោះពុំមានលុយកាក់
និងរបស់របរសម្រាប់ហូបចុកនោះទេ ហើយសូម្បីតែខោអាវស្ទើរគ្មាន។
អ្នកខ្លះចេញមកមានក្រមាមួយ។ លើសពីនេះ
ប្រជាពលរដ្ឋទាំងនោះបន្តថា
បន្ទាប់ពីពួកគាត់លួចរត់ចេញមកមិនដឹងជាទៅរស់នៅឯណាឡើយ
ព្រោះពួកគាត់មិនមានដីស្រែចម្ការនៅឯស្រុកកំណើតនោះទេ។
ទោះយ៉ាងណាក៏ដោយ អភិបាលខេត្តក្រចេះ លោក ស
ចំរ៉ុង ប្រតិកម្មតបចំពោះការចោទរបស់ប្រជាពលរដ្ឋថា
កងកម្លាំងសមត្ថកិច្ចចម្រុះមិនបានល្មើសនឹងបញ្ជា
ហើយធ្វើបាបប្រជាពលនោះឡើយ។ លោកអះអាងបន្តថា
ប្រជាពលរដ្ឋដែលរស់នៅតំបន់ហ៊ុមព័ទ្ធដោយកងកម្លាំងចម្រុះនោះ
ពួកគាត់មានតែសប្បាយចិត្ត
ព្រោះពួកគាត់ត្រូវសមត្ថកិច្ចរំដោះចេញពីការគ្រប់គ្រងដោយឃោរឃៅ
នឹងគួរឲ្យភ័យខ្លាចរបស់ក្រុមលោក ប៊ុន រដ្ឋា។
ដោយឡែកប្រជាពលរដ្ឋដែលបានចេញពីភូមិ
ជាបន្តបន្ទាប់នោះ
ពួកគាត់ស្ម័គ្រត្រឡប់ទៅស្រុកកំណើតរបស់ពួកគាត់វិញ
ព្រោះពួកគាត់បានចាញ់បោកក្រុមលោក ប៊ុន រដ្ឋា។ រីឯប្រជាពលរដ្ឋចាស់
រស់នៅទីនោះតាំងពីយូរមកហើយ
ពួកគាត់អាចនៅទីនោះបានដូចកាលពីមុន។
ទាក់ទិននឹងករណីកងកម្លាំងចម្រុះចុះបង្ក្រាបក្រុមលោក ប៊ុន
រដ្ឋា នេះដែរ មានប្រជាពលរដ្ឋ ៧នាក់ ត្រូវចាប់ខ្លួន
ហើយបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ
និងកំពុងស្ថិតក្រោមការសាកសួររបស់ព្រះរាជអាជ្ញាសាលាដំបូងខេត្ត
ក្រចេះ លោក ធុច បញ្ចសន្តិភាព។
វិទ្យុ
អាស៊ីសេរីមិនអាចសុំការពន្យល់ពីព្រះរាជអាជ្ញាសាលា ដំបូង លោក
ធុច បញ្ចសន្តិភាព បានទេពីរឿងក្ដីនេះ ថាជនសង្ស័យទាំងនោះ
ជាប់ចោទពីបទអ្វីនៅឡើយ ដោយប្រាប់ថា លោកជាប់រវល់ខ្លាំង។
ចំណែកឯបច្ចុប្បន្ននេះ
ប្រជាពលរដ្ឋដែលបានលួចចេញមកពីភូមិ
ដែលគេចាត់ទុកថាតំបន់អបគមន៍នោះ ចេះតែចេញមកជាបណ្ដើរៗ
ហើយពួកគាត់អំពាវនាវសុំឲ្យអង្គការសង្គមស៊ីវិលជួយពួកគាត់
ព្រោះពួកគាត់ពុំមានអ្វីទទួលទានទេ៕
No comments:
Post a Comment