Tuesday, May 1, 2012

មនុស្ស​ជិត​៧​ពាន់​នាក់​ចូលរួម​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ

ដោយ ជិន ជេដ្ឋា

2012-05-01
មន្ត្រី​រដ្ឋាភិបាល ព្រមទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ បាន​ប្រារព្ធ​ខួប​លើក​ទី​១២៦ នៃ​ទិវា​ពលកម្ម​អន្តរជាតិ នា​រាជធានី​ភ្នំពេញ ដោយ​ការ​ហែ​ក្បួន។
RFA/Mom Sophon
ក្បួន​ដង្ហែ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​កម្មករ​គ្រប់​វិស័យ នៅ​តាម​ដង​ផ្លូវ នា​រាជធានី​ភ្នំពេញ ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០១២។
ពិធី​ហែ​ក្បួន​នេះ​មាន​ការ​ចូល​រួម​ពី​កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​បុរី​កីឡា សហគមន៍​បឹង​កក់ ព្រម​ទាំង​តំណាង​សហភាព​ការងារ​មក​ពី​គ្រប់​វិស័យ សរុប​ប្រមាណ ៧​ពាន់​នាក់ ដើម្បី​ដង្ហែ​ក្បួន​យក​ញត្តិ​ដាក់​ជូន​រដ្ឋ​សភា។
តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​ប្រជា​សហគមន៍​ជា​ច្រើន​ពាន់​នាក់ បាន​មក​ជួប​ជុំ​គ្នា និង​ដង្ហែ​ក្បួន​ពី​កន្លែង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឆ្ពោះ​ទៅ​កាន់​វិមាន​រដ្ឋ​សភា នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែ​ឧសភា ក្នុង​គោល​បំណង​យក​ញត្តិ​ដាក់​ជូន​រដ្ឋ​សភា​ជាតិ។ ខ្លឹម​សារ​នៅ​ក្នុង​ញត្តិ​នោះ តំណាង​កម្មករ និង​សហភាព​ការងារ​កម្ពុជា មាន​សំណើ​ចំនួន ១៤​ចំណុច​សំខាន់​ៗ ក្នុង​នោះ​ក៏​មាន​ការ​ទាម​ទា​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើត​តុលាការ​ការងារ​ឲ្យ​បាន​ឆាប់​ផង​ដែរ។
ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​នៅ​កម្ពុជា នៅ​ពេល​បច្ចុប្បន្ន​មាន​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ដើម្បី​ដោះ​ស្រាយ​ វិវាទ​ការងារ​រវាង​កម្មករ និង​និយោជក ប៉ុន្តែ​ក្រុម​ការ​ងារ​មួយ​នេះ​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​បាន​របស់​ កម្មករ​នៅ​ឡើយ​ទេ ព្រោះ​និយោជក​នៅ​តែ​បន្ត​ការ​ជិះជាន់ និង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​របស់​កម្មករ​ដដែល បន្ទាប់​ពី​មាន​ការ​សម្រេច​ពី​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល។
លោក អាត់ ធន់៖ «ជា​ទូ​ទៅ គឺ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល យើង​អាច​និយាយ​ថា កន្លែង​មួយ​ដែល​កាត់​ក្ដី​មាន​ភាព​ត្រឹម​ត្រូវ និង​យុត្តិធម៌​ច្រើន​ហើយ ប៉ុន្តែ​រឿង​ដែល​អយុត្តិធម៌ គឺ​ថា នៅ​ពេល​ដែល​អាជ្ញាកណ្ដាល​កាត់​ហើយ បាន​ន័យ​ថា ក្រុមហ៊ុន​មិន​អនុវត្ត គ្មាន​នរណា​ជំរុញ​ឲ្យ​អនុវត្ត ហើយ​គឺ​វា​អត់​មាន​ន័យ​ដដែល បាន​ន័យ​ថា អត់​មាន​អនុភាព​ជំរុញ​ឲ្យ​អនុវត្ត​ជា​កាតព្វកិច្ច ព្រោះ​គ្រាន់​តែ​ជា​ការ​ឲ្យ​អនុវត្ត បើ​មិន​អនុវត្ត យើង​ប្ដឹង​ទៅ​តុលាការ​ដដែល»
លោក​បញ្ជាក់​ថា ការ​ដោះ​ស្រាយ​វិវាទ​ការងារ​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល ៩០​ភាគ​រយ គឺ​កម្មករ​ឈ្នះ​ក្ដី ប៉ុន្តែ​ក្រុម​ហ៊ុន​មិន​ដែល​បាន​អនុវត្ត​តាម​សេចក្ដី​សម្រេច​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត រដ្ឋាភិបាល​ពុំ​មាន​យន្តការ​ច្បាស់​លាស់ ដើម្បី​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​អនុវត្ត​លើ​សេចក្ដី​សម្រេច។ បញ្ហា​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ច្រើន និង​កើត​មាន​ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម​ការងារ​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន។
អនុប្រធាន​កម្មវិធី​ផ្នែក​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស នៃ​សមាគម​អាដហុក លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា ការ​បង្កើត​តុលា​ការងារ ដែល​ជា​ការ​ស្នើ​សុំ​របស់​តំណាង​កម្មករ និង​សម្ព័ន្ធ​សហជីព​ពេល​នេះ គឺ​ស្ថិត​នៅ​ក្នុង​ផែន​ការ​របស់​រដ្ឋាភិបាល​រួច​ជា​ស្រេច​ហើយ ប៉ុន្តែ​មិន​ទាន់​បង្កើត​ចេញ​ជា​រូប​រាង។
ស្រប​ពេល​នឹង​មាន​ការ​ទាម​ទា​នេះ លោក​សង្ឃឹម និង​ជឿជាក់​ថា រដ្ឋាភិបាល​អាច​នឹង​បង្កើត​ឲ្យ​មាន​តុលាការ​មួយ​នេះ​ក្នុង​ពេល​ឆាប់​ខាង​ មុខ៖ «យើង​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​បាន​គិតគូរ​ពី​លើ​បញ្ហា​ហ្នឹង​មួយ​ចំនួន​ដែរ សម្រាប់​បង្កើត​តុលាការ​ការងារ​មួយ​សម្រាប់​រក​យុត្តិធម៌​សម្រាប់​កម្មករ ដូច​តុលាការ​សព្វថ្ងៃ​នេះ​កាត់​តែ​អ្នក​មាន​ទេ អ្នក​ក្រីក្រ​មិន​ងាយ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​ទេ ហើយ​ឥឡូវ​នេះ​កម្មករ​ទទូច​អ៊ីចឹង ខ្ញុំ​ជឿជាក់​ថា រដ្ឋាភិបាល​នឹង​រៀបចំ​ឲ្យ​បាន​ឆាប់ ព្រោះ​កន្លែង​នេះ​គឺ​ជា​កន្លែង​អនុម័ត​ច្បាប់»
វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង លោក សុខ ឡោ និង​សមាជិក​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​បាន​ទេ នៅ​ថ្ងៃ​ទី​០១ ខែ​ឧសភា ដើម្បី​សាកសួរ​អំពី​ដំណើរ​ការ​ដោះស្រាយ​វិវាទ​ការងារ​របស់​និយោជក និង​កម្មករ​នៅ​ដើម​ឆ្នាំ​២០១២ នេះ។
ទោះ​ជា​យ៉ាង​ណា ប្រធាន​សម្ព័ន្ធ​សហជីព​ការងារ​កម្ពុជា គឺ​លោក អាត់ ធន់ ឲ្យ​ដឹង​ថា នៅ ៥​ខែ​ដើម​ឆ្នាំ ២០១២ មាន​ការ​ធ្វើ​បាតុកម្ម កូដកម្ម​ចំនួន ៣៨​ករណី ក្នុង​នោះ​មាន​ករណី​ប្ដឹង​ផ្ដល់​រវាង​និយោជក និង​កម្មករ ទៅ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល ប្រមាណ​ជា ៣០០​ករណី។ ចំនួន​នេះ​បាន​កើន​ឡើង​ជាង​ពាក់​កណ្ដាល​បើ​ប្រៀប​ធៀប​ទៅ​នឹង​ពាក់កណ្ដាល​ដើម ​ឆ្នាំ២០១១ កន្លង​ទៅ។
លោក​បញ្ជាក់​ថា នៅ​ក្នុង​ចំណោម​រោង​ចក្រ​ជិត ៧០០ នៅ​ទូទាំង​ប្រទេស មាន​តែ ៥៨៩ រោងចក្រ​ប៉ុណ្ណោះ​ដែល​មាន​ច្បាប់​ដំណើរ​ការ​បាន​ត្រឹម​ត្រូវ។ ប្រការ​នេះ​ធ្វើ​ឲ្យ​និយោជក គេច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​នៅ​ពេល​មាន​បញ្ហា​តវ៉ា ឬ​ប្ដឹង​ផ្ដល់​អ្វី​មួយ​កើត​ឡើង។
កម្មការិនី​ម្នាក់​ឈ្មោះ ហែម លាភ មក​ពី​រោង​ចក្រ អូ​សេ​អង (O.C1) ក្រុង​ភ្នំពេញ ដែល​កំពុង​ស្រែក​ហ៊ោ និង​ដៃ​កាន់​ពាក្យ​ស្លោក​មួយ​ផ្ទាំង​សរសេរ​ថា "កម្លាំង​ខ្សោយ លុយ​តិច សុខភាព​ដុន​ដាប ផលិតភាព​ធ្លាក់​ចុះ" មាន​ប្រសាសន៍​ថា អ្នកស្រី​មក​ជា​មួយ​មិត្តភ័ក្ដិ​ជា​ច្រើន​នាក់​ផ្សេង​ទៀត ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​ជម្លោះ​ការងារ និង​ដំឡើង​ប្រាក់​ខែ៖ «មក​សុំ​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី គាត់​ជួយ​មើល​នាយក​ក្រុមហ៊ុន​ឲ្យ​បាន​ប្រាក់​ខែ​ដូច​រោង​ចក្រ​គេ រោងចក្រ​គេ ថៅកែ​ក្រុម​ហ៊ុន​គេ​ឲ្យ​លុយ ដូចជា​លុយ​ថ្លៃ​ផ្ទះ ថ្លៃ​ទឹក ថ្លៃ​ភ្លើង លុយ​ធ្វើ​ដំណើរ នៅ​រោង​ចក្រ​ខ្ញុំ​មិន​ដែល​បាន​ទេ»
ការ​ជួប​ជុំ​គ្នា​ត្រូវ​បាន​រំសាយ​ទៅ​វិញ នៅ​ម៉ោង​ប្រមាណ​ជា ១១ ព្រឹក​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១២ បន្ទាប់​ពី​រដ្ឋ​សភា​ជាតិ​ចេញ​មក​ទទួល​យក​ញត្តិ​របស់​ក្រុម​កម្មករ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ភ្លាម​ៗ​ទាក់ទង​ទៅ​នឹង​ការ​ស្នើ​សុំ​ ទាំង​នោះ​នៅឡើយ​ទេ។
ក្រៅ​ពី​មាន​ការ​ជួបជុំ​ហែ​ក្បួន​របស់​កម្មករ កម្មការិនី​នៅ​រាជធានី​ភ្នំពេញ នៅ​តាម​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​ព្រះសីហនុ ក៏​មាន​ការ​ជួប​ជុំ​កម្មករ អបអរ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​ទី​១ ឧសភា នេះ​ដែរ៕

No comments:

Post a Comment