Monday, April 2, 2012

KI Media: ស្ថាប័ន​ឃ្លាំមើល​សេរីភាព​ចង់​ឲ្យ​អាមេរិក​ពិនិត្យ​រ...

Monday, April 02, 2012

ស្ថាប័ន​ឃ្លាំមើល​សេរីភាព​ចង់​ឲ្យ​អាមេរិក​ពិនិត្យ​រឿង​នយោបាយ​នៅ​កម្ពុជា

Richard Solomon, president of the United States Institute of Peace

Click on the control below to listen to the audio program:

2012-04-02
ដោយ តាំង សារ៉ាដា
Radio Free Asia

ស្ថាប័ន​ឃ្លាំមើល​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​របស់​អាមេរិក ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) បាន​ជំរុញ​ឲ្យ​សកម្មជន​ ខ្មែរ​នៅ​ក្រៅ​ស្រុក​ទាំង​អស់ រួប​រួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ស្វែង​រក​ការ​គាំទ្រ​នានា​ពី​តាម​បណ្ដា​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន ដើម្បី​ដាក់​សម្ពាធ​ដល់​ រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធានា ​ពេញលេញ​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី និង​យុត្តិធម៌​នៅ​ពេល​ខាង​មុខ

អ្នក​សង្កេតការណ៍​ខាង​ផ្នែក​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ក្នុង​សហរដ្ឋ​អាមេរិក បាន​ផ្ដល់​អនុសាសន៍​ដល់​ក្រុម​សកម្មជន​ក្នុង​សហគមន៍​ខ្មែរ ​ឲ្យ​មាន​ទស្សនវិស័យ និង​ចក្ខុវិស័យ​ជ្រៅ​ថែម​ទៀត ក្នុង​ការ​ចង​ក្រង​បណ្ដាញ​របស់​ខ្លួន ដើម្បី​គិតគូរ​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា

លោក​អគ្គរដ្ឋទូត រីឆាដ សូឡូម៉ុន (Richard Solomon) ជា​ប្រធាន​វិទ្យាស្ថាន​សហរដ្ឋ​អាមេរិក​ដើម្បី​សន្តិភាព មាន​មូលដ្ឋាន​ផ្ទាល់​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក រីឆាដ ធ្លាប់​បាន​ចូល​រួម​តាក់តែង​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស កាល​ពី​ឆ្នាំ​១៩៩១ ក្នុង​ការ​នាំ​យក​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ដល់​កម្ពុជា។


លោក​មាន​ប្រសាសន៍​ថា សហគមន៍​ខ្មែរ​ទាំង​ក្នុង និង​នៅ​ក្រៅ​សហរដ្ឋ​អាមេរិក គួរ​បង្កើត​បណ្ដាញ​របស់​ខ្លួន​ឲ្យ​រឹង​ ម៉ាំ ដើម្បី​អាច​មាន​ឥទ្ធិពល​ក្នុង​ការ​ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ ឬ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន អាច​ជួយ​ដាក់​សម្ពាធ​ដល់​កម្ពុជា ក្នុង​បរិបទ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស និង​គោរព​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស



លោក រីឆាដ សូឡូម៉ុន៖ «បញ្ហា​សំខាន់​ចំពោះ​មុខ​ដែល​ត្រូវ​ធ្វើ​នោះ គឺ​អស់​លោក​ទាំង​អស់​គ្នា​គួរ​នាំ​គ្នា​បង្កើត​បណ្ដាញ​ចម្រុះ​មួយ ដែល​ព្យាយាម​ឲ្យ​មាន​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ក៏​ដូច​អង្គការ​សហប្រជាជាតិ​ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​ពិនិត្យ​មើល​ឡើង​វិញ គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស»។

អនុសាសន៍​របស់​លោក ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា កន្លង​ទៅ ខណៈ​អង្គការ​ខ្មែរ​អាមេរិក​ដើម្បី​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​វីជីនៀ (Virginia) សមាគម​ចាស់​ព្រឹទ្ធាចារ្យ និង​សមាគម​ខ្មែរ​ក្នុង​ទីក្រុង​ហ្វីឡាដែលព្យា (Philadelphia) ដាក់​បង្ហាញ​ញត្តិ​របស់​ពួកគេ​ដែល​កើត​ចេញ​តាម​រយៈ​ពិធី​រំលឹក​ខួប​កិច្ច​ ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើក​ទី​២០ កាល​ពី​ខែ​តុលា ឆ្នាំ​មុន។

លោក រីឆាដ សូឡូម៉ុន មាន​ប្រសាសន៍​ថា លោក​នឹង​ជំរុញ​ឲ្យ​ក្រុម​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក យក​ចិត្ត​ទុក​ដាក់​ថែម​ទៀត​ក្នុង​ការ​ពិនិត្យ​មើល​អំពី​ស្ថានការណ៍​នយោបាយ​ នៅ​កម្ពុជា៖ «ទាក់ទិន​នឹង​បញ្ហា​នេះ ខ្ញុំ​នឹង​ជជែក​ជាមួយ​លោក ឃឺត ខាំប៊ែល (Kurt Kambell) ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក និង​មនុស្ស បន្ទាប់​ពី​គាត់ គឺ​លោក ចូសិប យន់ (Joseph Yun) ថា តើ​បរិបទ​នៃ​ប្រទេស​កម្ពុជា ដូច​ដែល​អស់​លោក​បាន​លើក​ឡើង​នេះ អាច​មាន​នៅ​ក្នុង​របៀបវារៈ​នៃ​កិច្ចការ​របស់​គេ​ដែរ ឬ​យ៉ាង​ណា​នោះ ខ្ញុំ​មិន​ទាន់​ហ៊ាន​ធានា​ទេ។ គន្លឹះ​សំខាន់​មួយ​ទៀត​ខ្ញុំ​នឹង​ផ្ញើ​លិខិត​ទៅ​អគ្គលេខាធិការ​របស់​អង្គការ ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ពីព្រោះ​គាត់​ក៏​ជា​មនុស្ស​ម្នាក់​ធ្លាប់​ចូល​រួម​ពាក់ព័ន្ធ​ជាមួយ​នឹង​ ដំណើរ​ការ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នោះ​ដែរ។ ប្រសិន​បើ​ខ្ញុំ​ឮ​ដំណឹង​អ្វី​ពី​គាត់​នោះ ខ្ញុំ​នឹង​សុំ​ឲ្យ​គាត់​ផ្ដល់​បុគ្គលិក​សំខាន់​របស់​គាត់​ណា​ម្នាក់ ដើម្បី​ជួយ​ពិភាក្សា និង​ស្ដាប់​អំពី​កង្វល់​របស់​អស់​លោក»។

សហគមន៍​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​បាន​ពិនិត្យ​ឃើញ​ថា រាជ​រដ្ឋាភិបាល​មិន​បាន​ចាត់​វិធានការ​ចាំបាច់​ នានា ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ទាក់ទង​នឹង​ការ​ការពារ​អធិបតេយ្យភាព ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ ការ​ធានា​ឲ្យ​មាន​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ ការ​គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ សហគមន៍​ខ្មែរ​អាមេរិកាំង​ក៏​បាន​បង្ហាញ​អំពី​ភាព​បាត់បង់​ជំនឿ​លើ​ឯករាជ​ភាព ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ករណី​ជន​អន្តោប្រវេសន៍​វៀតណាម ហូរ​ចូល​យ៉ាង​គំហុក​ដែល​គ្មាន​វិធានការ​ទប់​ស្កាត់ ការ​ឈ្លានពាន​ព្រំដែន​ពី​បណ្ដា​ប្រទេស​ជិត​ខាង ជា​ពិសេស​ប្រទេស​វៀតណាម និង​ការ​ទាមទារ​ឲ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង សម រង្ស៊ី អាច​វិល​ចូល​ប្រឡូក​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

ប្រធាន​អង្គការ​ខ្មែរ​អាមេរិកាំង ដើម្បី​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ លោក យ៉ាប់ គឹមទឹង បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លទ្ធផល​នៃ​ជំនួប​ជា​លោក រីឆាដ សូឡូម៉ុន បាន​ធ្វើ​ឡើង​ប្រកប​ដោយ​ភាព​វិជ្ជមាន ដែល​នាំ​ឲ្យ​ក្រុម​របស់​លោក​មាន​សង្ឃឹម​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ នយោបាយ​ប្រកប​ដោយ​សន្តិភាព​សម្រាប់​ពលរដ្ឋ​ខ្មែរ ខណៈ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ហាក់​កំពុង​ដើរ​ថយ​ក្រោយ​នោះ។

ជាមួយ​គ្នា​នេះ​ផង​ដែរ អ៊ូ គឹមហួត ដែល​ជា​អតីត​ប្រធាន​សមាគម​ខ្មែរ​ក្នុង​ទីក្រុង​ហ្វីឡាដែលព្យា នៃ​រដ្ឋ​ផេនស៊ីលវានៀ (Pennsylvania) មាន​ប្រសាសន៍​ថា ក្រុម​របស់​លោក ក៏​ដូច​ជា​សហគមន៍​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក​ទាំង​អស់ នឹង​ខិតខំ​ប្រឹងប្រែង​បន្ត​ទៅ​មុខ​ទៀត ដើម្បី​ធ្វើ​កិច្ចការ​របស់​ខ្លួន​ក្នុង​ការ​ស្វែង​រក​សិទ្ធិ​សេរីភាព និង​សុភមង្គល​ពិត​ប្រាកដ​ជូន​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស។

ក្រុម​អ្នក​វិភាគ​នយោបាយ​ខ្លះ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ការ​កក​ស្ទះ​នូវ​បញ្ហា​ជា​ច្រើន​ដែល​រដ្ឋាភិបាល​ខ្មែរ​មិន​អាច​ដោះស្រាយ​ជូន ​សង្គម​របស់​ខ្លួន​នៅ​ពេល​បច្ចុប្បន្ន គេ​ឃើញ​មាន​ដូច​ជា​បញ្ហា​អត់​ការងារ​ធ្វើ បញ្ហា​ប្រាក់​ខែ​គ្រូ​បង្រៀន និង​មន្ត្រី​រាជការ​មាន​កម្រិត​ទាប មិន​អាច​រស់​បាន​ក្នុង​សេចក្ដី​ថ្លៃថ្នូរ ការ​បំផ្លាញ​ធនធាន​ធម្មជាតិ អំពើ​ពុក​រលួយ​ក្នុង​ជួរ​រដ្ឋាភិបាល និង​ឋានសួគ៌​គ្មាន​ទោសពៃរ៍​ជាដើម​នោះ អាច​នាំ​កម្ពុជា ឆ្ពោះ​ទៅ​រក​អស្ថិរភាព​ដ៏​ធ្ងន់ធ្ងរ។


ទាក់ទិន​បញ្ហា​នេះ​ដែរ លោក ព្រំ សៅរ៍នរ៉ា ដែល​ជា​សមាជិក​ស្ថាបនិក​មួយ​រូប​ក្នុង​អង្គការ​ខ្មែរ​អាមេរិកាំង ដើម្បី​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ថ្លែង​ថា ដើម្បី​ឲ្យ​ប្រទេស​មួយ​មាន​ការ​ផ្លាស់ប្ដូរ​របត់​នយោបាយ​របស់​ខ្លួន​បាន លុះ​ត្រា​ប្រជាពលរដ្ឋ​ទាំង​អស់​ហ៊ាន​ក្រោក​ឈរ​តវ៉ា​បង្ហាញ​អន្តរជាតិ​ឲ្យ​ ដឹង​អំពី​អំពី​ភាព​អយុត្តិធម៌ និង​អំពី​ការ​រឹតត្បិត​របស់​អាជ្ញាធរ។

ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ធ្លាប់​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​បង្ហាញ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​កសាង​ លទ្ធិប្រជាធិបតេយ្យ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​ដោះ​ស្រាយ​វិបត្តិ​ព្រំដែន​ដោយ​សន្តិវិធី។


ទោះ​បី​ជា​យ៉ាង​ណា​ក៏​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ នឹង​ជំរុញ​ឲ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​អស់ ដាក់​សំពាធ​ដល់​រដ្ឋាភិបាល​ កម្ពុជា ដែល​កំពុង​ដឹក​នាំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នោះ ធ្វើ​យ៉ាង​ដោះស្រាយ​បញ្ហា​ក្នុង​ប្រទេស​របស់​ខ្លួន​ឲ្យ​បាន។ បញ្ហា​ធំៗ​ទាំង​នោះ​មាន​ដូចជា ករណី​ទំនាស់​ដីធ្លី​ធ្ងន់ធ្ងរ រដែ​ ញាំញី​ដោយ​គោលនយោបាយ​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​ដែល​កំពុង​កក​ស្ទះ​ដោះ​មិន​ទាន់​ រួច​នោះ៕

No comments:

Post a Comment