ដោយ ម៉ម មុនីរតន៍ និង អ៊ឹង ប៊ុនថន ថ្ងៃពុធ ទី18 មេសា ឆ្នាំ2012 ម៉ោង11:39
អតីតអ្នកភូមិបុរីកីឡា ដែលត្រូវបានគេដឹកយកទៅឲ្យរស់នៅក្បែរភ្នំឧត្តុង្គ ស្រុកពញាឮ ខេត្តកណ្តាល បន្តអំពាវនាវ រកជំនួយជាស្បៀងអាហារជាបន្ទាន់ ខណៈពួកគេ អះអាងថា បានដាច់បាយជាបណ្តើរៗហើយនោះ។ លោក ទូច ខន ដែលអះអាងថា ជាតំណាងអតីតសហគមន៍បុរីកីឡា បានប្រាប់សំឡេងប្រជាធិបតេយ្យ VOD នៅព្រឹកថ្ងៃពុធនេះថា ពលរដ្ឋប្រហែល១០០គ្រួសារ ដែលត្រូវបានគេដឹកយកទៅចាក់ចោល នៅក្បែរជើងភ្នំឧត្តុង្គនោះ កំពុងខ្វះអង្ករច្រកឆ្នាំង និងសម្ភារៈប្រើប្រាស់ប្រចាំ និងពេលខ្លះពួកគេត្រូវដាច់បាយក៏មានដែរ ខណៈអង្ករមួយកំប៉ុងត្រូវបែងចែកជា២គ្រួសារ ដើម្បីធ្វើជាបបរ ចាប់តាំងពីដើមខែមករា ឆ្នាំ២០១២ នៅគ្រាដែលក្រុមហ៊ុនផានអ៊ីម៉ិច បណ្តេញចេញ ៖ "ឥឡូវនេះដោយសារថ្ងៃនេះ ខ្ញុំដើររកអង្ករបងប្អូនអ្នកភូមិហ្នឹង បានប្រហែលជិត២០គីឡូ យកមកចែកគាត់ បានម្នាក់ខ្លះបានពីរកំប៉ុងអញ្ចឹងទៅ ខ្លះបានមួយគីឡូអីអញ្ចឹងទៅ រកសុំគេយកមកអោយ ណាមួយខ្ញុំមិនសូវមានកំលាំងកំហែងដែរ”។
ស្តាប់សម្លេង៖
ស្ថិតក្រោមដំបូលតង់ពណ៌ខៀវ ត្រូវប្រឈមមុខនឹងខ្យល់ ភ្លៀង និងក្តៅហួតហែង លោក ទូច ខន ស្នើអំពាវនាវស្បៀងអាហារ ជាបន្ទាន់ ពីបណ្តាសប្បុរសជន អង្គការសង្គមស៊ីវិល និងរដ្ឋាភិបាលកម្ពុជា ជួយផ្តល់តាមលទ្ធភាព ជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់នានា ដើម្បីដោះស្រាយភាពទាល់ច្រកនេះ។
លោក កើត ឆែ នាយករងខុទ្ទកាល័យសាលារាជធានីភ្នំពេញ បដិសេធថា លោកពុំមានតួនាទីដោះស្រាយបញ្ហានេះទេ ដោយលោកទម្លាក់ការទទួលខុសត្រូវទៅលើលោក នួន សាម៉េត នាយខុទ្ទកាល័យសាលារាជធានីភ្នំពេញវិញ។ យ៉ាងណាក៏ដោយ សំឡេងប្រជាធិបតេយ្យ VOD ពុំអាចស្នើសុំបំភ្លឺ ពីលោក នួន សាម៉េត បានទេ នៅព្រឹកថ្ងៃពុធនេះ ដោយទូរស័ព្ទរបស់លោករោទិ៍ តែពុំមានអ្នកទទួល។
លោកស្រី ស៊ុយ ស៊ីផាន ម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិច អះអាងថា ក្រុមហ៊ុនរបស់ខ្លួន ក៏ធ្លាប់បានផ្តល់ជាស្បៀងអាហារ ដល់អតីតអ្នកបុរីកីឡាទាំងនោះដែរ។ តែទោះជាបែបណា លោកស្រី ស៊ុយ សុផាន ចាត់ទុកថា ក្រុមហ៊ុនរបស់ខ្លួន ពុំអាចមានលទ្ធភាពតាមជួយរហូតនោះទេ ពោលគឺពលរដ្ឋត្រូវពឹកផ្អែកលើម្ចាស់ការខ្លួនឯង ៖ "ព្រោះអីបញ្ហាចំពោះគាត់ហ្នឹង គឺការផ្តល់ដីផ្តល់ជំរក ផ្តល់អីហ្នឹង កន្លងផុតមក គឺខ្ញុំបានផ្តល់ជូនគាត់ជាឯកជនហើយ អញ្ចឹងការរស់នៅជីវភាពរបស់គាត់ គឺគាត់ម្ចាស់ការខ្លួនឯង”។
កន្លងមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងប្រកាសជាសាធារណៈថា ក្នុងអាណតិ្តរបស់លោកជានាយករដ្ឋមន្រ្តី លោកនឹងមិនទុកឲ្យពលរដ្ឋណាមួយ ស្លាប់ដោយការអត់បាយនោះទេ។
មន្រ្តីអង្គការសិទ្ធិមនុស្សលីកាដូ ដែលកន្លងមកតែងផ្តត់ផ្គង់ជា អង្ករ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដល់អ្នកដែលត្រូវគេបណ្តេញចេញនោះ នៅថ្ងៃនេះ សំឡេងប្រជាធិបតេយ្យ VOD ពុំអាចស្នើបំភ្លឺបានទេ។
សូមជម្រាបថា ចាប់តាំងពីការបណ្តេញចេញ កាលពីដើមខែមករាឆ្នាំ២០១២ រហូតមកទល់ពេលនេះ អតីតពលរដ្ឋបុរីកីឡាចំនួន ៤២គ្រួសារ ក្នុងចំណោម ១៤១គ្រួសារ កំពុងបន្តរស់នៅក្រោមដំបូលតង់ នៅភូមិផ្សារដែកក្បែរជើងភ្នំឧត្តុង្គ ដើម្បីរងចាំការផ្តល់ប្លង់កម្មសិទ្ធិ ពីក្រុមហ៊ុនផានអ៊ីម៉ិច ទើបពួកគេមិនអាចចេញទៅប្រកបរបរទទួលទានបានឡើយ៕
No comments:
Post a Comment