Thursday, April 12, 2012

អ្នក​ភូមិ​ដាក់​បណ្តាសា​អ្នក​ច្បាម​យក​ដី​ធ្លី​

ពោធិ៍សាត់ៈ ពលរដ្ឋ​ជាង ១០០ នាក់​ មក​ពី​ឃុំ​ចំនួន​ ៣ ​នៅ​ក្នុង​ស្រុក​ក្រគរ ដែល​មាន​ជម្លោះ​ដី​ធ្លី​ដ៍​រ៉ាំរ៉ៃ ជាមួយ​ក្រុមហ៊ុន​ភាពីម៉ិច ជា​កម្មសិទ្ធិ​របស់​លោក​ស្រី​ជឹង សុភាព​ ហៅ​យាយ​ភូ កាល​ពី​ម្សិលមិញ បាន​នាំ​គ្នា​ប្រារព្ធ​ពិធី ដាក់​បណ្តាសា ដល់​អ្នក​ដែល​ចូល​ទៅ​ច្បាម​យក​ដី​ធ្លី​ និង​បំផ្លាញ​ធនធាន​ធម្ម​ជាតិ​ នៅ​ក្នុង​ភូមិ​ស្រុក​របស់​ពួក​គាត់​។
ពិធី​ដាក់​បណ្តាសា​ ពេញ​មួយ​ថ្ងៃ ដែល​ធ្វើ​ឡើង​ នៅ​ក្នុង​ភូមិ​ក្រឡាញ់ មាន​ការ​ចូល​រួម​ ពី​ប្រជា​ពលរដ្ឋ មក​ពី​ឃុំ​ឈើតុំ​ ឃុំ​អន្សារ​ចំបក់ និង​ក្បាល​ត្រាច។ ​អ្នក​ភូមិ​និយាយ​ថា ក្រុម​ហ៊ុន ភាពី​ម៉ិច បាន​រំលោភ​យក​ដី​ធ្លី​របស់​ពួក​គេ និង​បាន​បំផ្លាញ​ធន​ធាន​ធម្មជាតិ​នៅ​ទី​នោះ ដែល​ពួក​គេ​ធ្លាប់​រស់​នៅ​អាស្រ័យ​ផល តាំង​ពី​ជី​ដូន​ជី​តា​មក​។ លោក​ គុជ វ៉េង តំណាង​ប្រជាពលរដ្ឋ​បាន​អោយ​ដឹង​ទៀត​ថា​ ៖ «​យើង​បួង​សួង​សុំ​អោយ​ព្រលឹង​បុព្វបុរស អារុក​ អារក្ស​ អ្នកតា ដាក់​បណ្តា​សារ​ដល់​ក្រុមហ៊ុន ​និង​អ្នក​ដែល​ពាក់ព័ន្ធ​យក​ដី​ប្រជា​ពលរដ្ឋ​ទាំង​ប៉ុន្មាន ​អោយ​រលាយ​សាបសូន្យ និង​ជួប​តែ​គ្រោះ​អន្តរាយ​ឥត​ស្រាក​ស្រាន្ត»។​
លោក​ឌុក សារី តំណាង​ពលរដ្ឋ​ម្នាក់​ទៀត​ ថ្លែងថា៖​«ប្រជា​ពលរដ្ឋ​ ធ្វើ​ការ​បួងសួង​ និង​ដាក់​បណ្តា​សារ អោយ​ក្រុមហ៊ុន​អន្តរាយ​ និង​ជួយ​ប្រជា​ពលរដ្ឋ​ អោយ​រក្សា​ដី​ធ្លី ព្រៃ​ឈើ​ឲ្យ​បាន​គង់វង្ស​»​។ លោក​បន្ថែម​​ថា​ អ្នក​ភូមិ​ក៏​ធ្វើ​ការ​បួងសួង​ផង​ដែរ សូម​ឲ្យ​ទេវតា ​ជួយ​បន្ទន់​ចិត្ត​តុលាការ​ ឲ្យ​ដោះលែង​ជន​រងគ្រោះ​ ដោយ​សារ​ជម្លោះ​ដី​ធ្លី​ទាំង​អស់​ ចេញ​ពី​ពន្ធនាគារ​ និង​ឈប់​ចោទ​ប្រកាន់​ពលរដ្ឋ​តទៅ​ទៀត ពី​ព្រោះ​ប្រជាពលរដ្ឋ​ទាំង​នោះ​ គ្មាន​ទោស​ទេ ពួក​គេ​គ្រាន់​តែ​ការ​ពារ​ផ្ទះ​សំបែង ដី​ធ្លី របស់​ពួក​គេ ពី​ការ​រំលោភ​បំពាន​តែ​ប៉ុណ្ណោះ​។
ក្រុម​អ្នក​ភូមិ​បាន​និយាយ​ថា ការ​ដែល​ពួក​គេ​ធ្វើ​ពិធី​បួង​សួង និង​ដាក់​បណ្តាសា​យ៉ាង​ដូច្នេះ ពី​ព្រោះ​ពួក​គេ​អស់​ជំនឿ​លើ​អាជ្ញាធរ និង​តុលាការ។
លោក​ទី​ គឹមតុក​ អភិបាល​រង​ខេត្ត​ពោធិ៍សាត់​ និង​ជា​អ្នក​តំណាង​ក្រុមហ៊ុន​ភាពីម៉ិច បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ទេ ដោយ​លោក​មាន​ប្រសាសន៍​ថា​ទូរស័ព្ទ​ខុស​លេខ។​
លោក​ អ៊ូច ឡេង ប្រធាន​កម្មវិធី កំនែ​ទម្រង់​ដី​ធ្លី របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ថ្លែងថា៖ «​សកម្មភាព​របស់​ពលរដ្ឋ​បាន​បង្ហាញ​ថា ពួក​គេ​អស់​ជំនឿ​ទៅ​លើ​ប្រព័ន្ធ​តុលាការ​ និង​រដ្ឋាភិបាល​ហើយ»​​។​
កាល​ពី​ថ្ងៃ​ទី​ ៣​ ខែ​មេសា​ ប្រជា​ពលរដ្ឋ​ប្រមាណ ៣០០​ នាក់​ ​នៅ​ឃុំ​ក្បាល​ត្រាច​ បាន​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​នៅ​លើ​ដី​ជម្លោះ ខាង​មុខ​ទីស្នាក់ការ​របស់​ក្រុម​ហ៊ុន ដើម្បី​ស្នើ​សុំ​អោយ​តំណាង​ក្រុមហ៊ុន ចេញ​មុខ​មក​ពន្យល់​អំពី​ហេតុផល ដែល​ក្រុម​ហ៊ុន បាន​ឈូស​ឆាយ​យក​ដី​ស្រែ​របស់​ពួក​គាត់​។ ​
ក្រុមហ៊ុន​ភាពីម៉ិច បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ ពី​រដ្ឋាភិបាល ​កាល​ពី​ ខែ​មករា​ ឆ្នាំ​ ២០០០​ លើ​ផ្ទៃ​ដី​រហូត​ដល់​ ៣១៥០២៨ ហិកតា លាត​សន្ធឹង​ពី​ខេត្ត​កំពង់ឆ្នាំង ​រហូត​ដល់​ខេត្ត​ពោធិ៍សាត់​។ ចំនួន​នេះ​ លើស​ពី​ចំនួន ដែល​បាន​កំណត់​នៅ​ក្នុង​ច្បាប់​ភូមិ​បាល រហូត​ដល់​ជាង ៣០ ដង។ តាម​ច្បាប់​ភូមិ​បាល ក្រុម​ហ៊ុន​មួយ មិន​អាច​ទទួល​ដី​សប្បទាន​ លើស​ពី ១០០០០ ហិកតា​ឡើយ​៕

No comments:

Post a Comment