Sunday, April 1, 2012

សារសំខាន់​នៃ​ប្រព័ន្ធ​ផ្លូវ​ថ្នល់​ដើម្បី​បង្កើន​ពាណិជ្ជកម្ម​នៅ​កម្ពុជា

សារសំខាន់​នៃ​ប្រព័ន្ធ​ផ្លូវ​ថ្នល់​ដើម្បី​ បង្កើន​ពាណិជ្ជកម្ម​នៅ​កម្ពុជា

2012-03-31
ប្រទេស​កម្ពុជា​មាន​ផ្លូវ​ថ្នល់ និង​ហេដ្ឋារចនាសម្ព័ន្ធ​​​ផ្សេងៗ​ទៀត​ តិច​តូច​ប៉ុណ្ណោះ បើ​ធៀប​ទៅ​នឹង​​ប្រទេស​មួយ​ចំនួន​​នៅ​ក្នុង​តំបន់​អាស៊ាន។
RFA/Mom Sophon
ខ្សែ​រថភ្លើង​ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ស្រុក​ទូកមាស ខេត្ត​កំពត ក្នុង​ពេល​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១០។
ដើម្បី​​ជំរុញ​ឲ្យ​មាន​សេរីភាវូបនីយកម្ម​នៃ​ទំនិញ ឬ​ធនធាន ព្រម​ទាំង​ការ​​បង្កើន​ពាណិជ្ជកម្ម​​រវាង​ប្រទេស​​អាស៊ាន​ទាំង​អស់​នោះ​ ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ គឺ​ទាម​ទារ​ការ​កសាង និង​ពង្រីក​ហេដ្ឋារចនាសម្ពន្ធ​​ទាំង​នោះ​ឲ្យ​បាន​ច្រើន គឺ​ជា​កត្តា​ចាំ​បាច់​បំផុត ជាពិសេស​នៅ​ពេល​ដែល​ប្រទេស​​នៅ​ក្នុង​តំបន់​អាស៊ាន​ធ្វើ​សមាហរណកម្ម​តំបន់​ នៅ​ឆ្នាំ​២០១៥ ខាង​មុខ​នេះ។
សមាហរណកម្ម​តំបន់ គឺ​ជា​គោល​ដៅ​ដែល​ប្រទេស​ទាំង ១០ នៅ​អាស៊ាន ត្រូវ​សម្រេច​ឲ្យ​បាន​នៅ​ឆ្នាំ​២០១៥ ប៉ុន្តែ​ដើម្បី​សម្រេច​បាន​ជោគ​ជ័យ​នោះ​ អ្នក​វិភាគ​សេដ្ឋកិច្ច​យល់​ឃើញ​ថា ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ទាំង​នោះ​​​ត្រូវ​មាន​ការ​ត​ភ្ជាប់​គ្នា​ទាំង​ ផ្នែក​ហេដ្ឋារចនាសម្ពន្ធ​ ដូច​ជា​ផ្លូវ​ថ្នល់ ទឹក និង​ផ្លូវ​អាកាស និង​ផ្នែក​ស្ថាប័ន​​មាន​ដូច​ជា​ច្បាប់ ដែល​ត្រូវ​អនុវត្ត​​រវាង​ប្រទេស​អាស៊ាន​ទាំង​នោះ​ជា​ដើម។
ការ​ត​ភ្ជាប់​រវាង​ប្រទេស​នៅ​ក្នុង​តំបន់ គឺ​ជា​រឿង​ចាំ​បាច់​បំផុត​នៅ​ពេល​ធ្វើ​​សមាហរណកម្ម​តំបន់ ដែល​ជួយ​​សម្រួល​ដល់​លំហូរ​ដោយ​សេរី​គ្រប់​ផ្នែក​ទាំង​អស់​ពី​ប្រទេស​មួយ​ទៅ ​ប្រទេស​មួយ​ទៀត នៅ​ក្នុង​តំបន់​អាស៊ាន​ទាំង​អស់​នេះ។
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​មាន​ប្រសាសន៍​ថា ការ​កសាង​ហេដ្ឋារចនាសម្ពន្ធ គឺ​​មាន​សារសំខាន់​​ចំពោះ​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​ទាំង ១០ ក្នុង​គោល​បំណង​ឲ្យ​មាន​ការ​តភ្ជាប់​គ្រប់​វិស័យ​ទាំង​អស់​នៅ​ក្នុង​តំបន់។
​បញ្ជាក់​បន្ថែម រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក ចម ប្រសិទ្ធ មាន​ប្រសាសន៍​ថា ការ​ធ្វើ​សមាហរណកម្ម​​អាស៊ាន គឺ​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​មាន​ទំនាក់​ទំនង​ចូល​គ្នា​តាម​រយៈ​ការ​កសាង​ផ្លូវ ​គោក​ ទឹង និង​អាកាស ដើម្បី​ឲ្យ​អាស៊ាន​កាន់​តែ​ការ​ប្រទាក់​ក្រឡា​គ្នា​ក្នុង​គោល​បំណង​​ចរាចរណ៍ ​ទំនិញ​​កាន់​តែ​ស្រួល និង​មនុស្ស​ចេញ​ចូល​ក្នុង​អាស៊ាន​កាន់​តែ​ងាយ​ស្រួល​ដែរ។
​​របាយការណ៍​របស់​វិទ្យាស្ថាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​កន្លង​ទៅ​បាន​ បង្ហាញ​ថា នៅ​ពេល​ដែល​ប្រទេស​អាស៊ី​ទាំង​អស់​មាន​ការ​ខ្វះ​​ការ​តភ្ជាប់​ ហេដ្ឋារចនាសម្ពន្ធ​គ្រប់​គ្រាន់ គឺ​ជា​កត្តា​រាំង​ស្ទះ​ដល់​កំណើន​សេដ្ឋកិច្ច ឧបសគ្គ​ចំពោះ​ការ​ប្រកួតប្រជែង និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជា​ដើម។
របាយការណ៍​ដដែល​បាន​បង្ហាញ​ថា ​ការ​ពង្រីក​បណ្ដាញ​ហេដ្ឋារចនាសម្ពន្ធ​គឺ​ជា​រឿង​មួយ​សំខាន់​​ដែល​ប្រទេស​​ នៅ​ក្នុង​តំបន់​នឹង​ទទួល​បាន​ប្រយោជន៍​ច្រើន​តាម​រយៈ​​ការ​បង្កើន​ ពាណិជ្ជកម្ម ការ​ចូល​ទីផ្សារ​នៅ​ក្នុង​តំបន់ និង​កាត់​បន្ថយ​ថ្លៃ​ដើម​​នៃ​ការ​ចរាចរ​ទំនិញ​ទាំង​នោះ។ មាន​ន័យ​ថា ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ​នៅ​ក្នុង​តំបន់​នឹង​បង្កើត​​បាន​នូវ​លទ្ធផល​ ជា​វិជ្ជមាន​សម្រាប់​ប្រទេស​ដែល​ចូល​រួម​ទាំង​អស់​នោះ។
​ឆ្លើយ​តប​ទៅ​នឹង​ការ​កសាង​ហេដ្ឋារចនាសម្ពន្ធ​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​អាស៊ាន​ដទៃ​ទៀត ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​ផ្នែក​ហេដ្ឋារចនាសម្ពន្ធ​ លោក ស៊ុន ចាន់ថុល មាន​ប្រសាសន៍​ថា មុន​នឹង​ធ្វើ​ការ​តភ្ជាប់​ទៅ​កាន់​ប្រទេស​ដទៃ​ក្នុង​តំបន់​ គឺ​កម្ពុជា​ត្រូវ​មាន​ការ​តភ្ជាប់​នៅ​ក្នុង​ប្រទេស​ឲ្យ​បាន​ល្អ​ប្រសើរ​ជា​ មុន​សិន ​ដូច​ជា​ការ​សាង​សង់​ផ្លូវ​​​ដើម្បី​តភ្ជាប់​ពី​ភូមិ​រហូត​ដល់​ស្រុក និង​ទី​រួម​ខេត្ត​ជា​ដើម ដោយ​លោក​បញ្ជាក់​ថា រដ្ឋាភិបាល​​កំពុង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ​ នេះ​ឲ្យ​កាន់​តែ​ទូលំទូលាយ។
លោក ស៊ុន ចាន់ថុល បន្ត​ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​​តែ​ពង្រីក​ការ​បើក​ច្រក​ពាណិជ្ជកម្ម​មួយ​ចំនួន​ ទៀត ដើម្បី​ឈាន​ទៅ​ដល់​ការ​តភ្ជាប់​រវាង​ប្រទេស​នៅ​ក្នុង​តំបន់។
​លោក ស៊ុន ចាន់ថុល មាន​បន្ថែម​ទៀត​ថា ប្រទេស​កម្ពុជា​មាន​សក្ដានុពល​​ ខាង​ផ្នែក​ផ្លូវ​ទឹក​​ជា​ច្រើន ប៉ុន្តែ​មិន​បាន​ប្រើ​ផ្លូវ​ទឹក​ទាំង​អស់​ឲ្យ​អស់​លទ្ធភាព​នៅ​ឡើយ​ទេ ដែល​ផ្លូវ​ទឹក​នេះ​ គឺ​​អាច​តភ្ជាប់​ទៅ​ក្នុង​តំបន់​បាន។
តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ​ការ​សាង​សង់​ផ្នែក​ហេដ្ឋារចនាសម្ពន្ធ​​​រវាង​ ប្រទេស​អាស៊ាន​ទាំង​អស់ ទាមទារ​ឲ្យ​ប្រទេស​នីមួយ​ៗ​ ត្រូវ​ចំណាយ​ថវិកា​​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ពន្ធ​ទាំង​នោះ។
​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​២០១២ ថា នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ កម្ពុជា​​​​នឹង​ដំណើរ​ការ​​ឲ្យ​មាន​មូលនិធិ​ហេដ្ឋារចនាសម្ពន្ធ​អាស៊ាន និង​កម្មវិធី​ធានា​ឥណទាន និង​ការ​វិនិយោគ។
​របាយការណ៍​របស់​វិទ្យាស្ថាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​បង្ហាញ​ថា ប្រទេស​នៅ​អាស៊ី​ត្រូវ​ការ​ចំណាយ​ថវិកា​ប្រមាណ ៨​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​គម្រោង​​សាង​សង់​ហេដ្ឋារចនាសម្ពន្ធ​ក្នុង​ តំបន់ ក្នុង​នោះ​មាន​គម្រោង​​​ជា​អាទិភាព​ចំនួន ២១ ដែល​ត្រូវ​​អនុវត្ត​ឲ្យ​បាន​នៅ​ក្នុង​តំបន់​នៅ​ឆ្នាំ​២០១៥ ដែល​ត្រូវ​ការ​ថវិកា​ប្រមាណ ១៥​ពាន់​លាន​ដុល្លារ​អាមេរិក។
របាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា តម្រូវ​ការ​វិនិយោគ​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ពន្ធ​នា​ពេល​បច្ចុប្បន្ន​​ ត្រូវ​បាន​ប៉ាន់​ស្មាន​ថា កម្ពុជា​ត្រូវ​ការ​ចំណាយ​ថវិកា​ប្រមាណ ១៩០​លាន​ដុល្លារ៕

No comments:

Post a Comment