Thursday, April 5, 2012

អ្នក​ភូមិ​បឹង​កក់​ចោទ​ប៉ូលិស​ថា​មិន​ទទួល​សំណើ​ ឲ្យ​ជួយ​ការពារ​សុវត្ថិភាព

2012-04-05
អ្នក​ភូមិ​បឹង​កក់ ចោទ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ថា មិន​ទទួល​យក​សំណើ​របស់​ពួក​គាត់​ដែល​​បាន​ស្នើ​ឲ្យ​​ជួយ​​ការពារ​សុវត្ថិភាព និង​ករណី​អំពើ​ចោរកម្ម លួច​ប្លន់ ប៉ុន្តែ​មន្ត្រី​ប៉ូលិស​បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។
RFA/Uon Chhin
ប៉ូលិស​ត្រៀម​បំបែក​ក្រុម​អ្នក​តវ៉ា​មក​ពី​ តំបន់​បឹង​កក់ នៅ​មុខ​ផ្ទះ​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទៅ​១ ខែ​តុលា ឆ្នាំ​២០១០។
តំណាង​អ្នក​ភូមិ​បឹង​កក់ លោកស្រី ទេព វន្នី បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​អ្នក​ភូមិ​បឹង​កក់ ពិសេស​តំណាង​​អ្នក​ភូមិ កំពុង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ក្នុង​ការ​ដើរ​ហើរ ព្រោះ​មាន​មនុស្ស​ស្លៀក​ពាក់​ស៊ីវិល និង​កម្លាំង​ប៉ូលិស​បង្កប់​តាម​ឃ្លាំ​មើល​​សកម្មភាព​ពួក​គាត់​រាល់​ថ្ងៃ។ ក្រៅ​ពី​នេះ តំណាង​ពលរដ្ឋ​ឲ្យ​ដឹង​ថា តំបន់​បឹង​កក់​បាន​កើត​មាន​ក្រុម​ចោរ​កម្ម​លួច និង​ប្លន់​​​អនាធិបតេយ្យ​ជា​រៀង​រាល់​ថ្ងៃ ប៉ុន្តែ​មិន​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​ជួយ​ទប់​ស្កាត់​​​ទេ។
ផ្ដើម​ពី​កង្វល់​នេះ លោកស្រី វន្នី បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មេសា តំណាង និង​អ្នក​ភូមិ​បឹង​កក់​ចំនួន ១០​នាក់ បាន​ដាក់​លិខិត​​ស្នើ​ជួយ​អន្តរាគមន៍​ទៅ​ប៉ូលិស​ស្នងការ​នគរបាល​រាជធានី​ ភ្នំពេញ  ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​ស្ថាប័ន​​​​នេះ​​មិន​ទទួល​យក។
លោកស្រី ទេព វន្នី៖ «អ្នក​ណា​ដែល​គេ​ឃើញ​ថា សកម្ម គេ​តាម​ឃ្លាំមើល​ជា​ប្រចាំ​នៅ​ក្បែរ​ផ្ទះ​របស់​ខ្ញុំ និង​តំណាង​អ្នក​ភូមិ​ផ្សេង​ទៀត មាន​សម្លៀក​បំពាក់​ស៊ីវិល និង​មាន​ពាក់​មួក​ឃ្លុប ក្នុង​នោះ​មាន​ប៉ូលិស​ប៉ុស្តិ៍​ជា​ដើម។ ពេល​ពួក​ខ្ញុំ​ចេញ​ដំណើរ​ទៅ​ណា​គេ​តាម​ជាប់។ អាជ្ញាធរ​បែរ​មិន​យក​ពេល​វេលា​មក​ការ​ពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ មក​តាម​ដាន​អ្នក​ភូមិ​បឹង​កក់​ទៅ​វិញ ដើរ​ទៅ​ណា​ក៏​តាម​ដែរ»
លោកស្រី​ចោទ​ប៉ូលិស​ដែល​មិន​ទទួល​សំណើ​អ្នក​ភូមិ​បឹងកក់ ថា ជា​ចេតនា ឬ​ជា​គំនុំគំកួន​របស់​សមត្ថកិច្ច​​ទៅ​លើ​​អ្នក​ភូមិ​បឹង​កក់ ដែល​កន្លង​មក​បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​សុំ​សិទ្ធិ​រស់​នៅ​ស្រប​ច្បាប់​ ក្នុង​តំបន់​បឹង​កក ដែល​ត្រូវ​រដ្ឋាភិបាល​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ទាំង​បង្ខំ។
ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ លោក ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា សមត្ថកិច្ច​លោក​មិន​បាន​​បដិសេធ​​​លិខិត​របស់​តំណាង​អ្នក​ភូមិ​បឹង​កក់ ដូច​ការ​ចោទ​ប្រកាន់​ទេ។ ប៉ុន្តែ​ទទួល​ស្គាល់​ថា មន្ត្រី​លោក​មិន​បាន​​​បោះ​ត្រា ឬ​ចុះ​ហត្ថលេខា​នៅ​លើ​លិខិត​អ្នក​ភូមិ​បឹងកក់ ទៅ​តាម​ការ​ស្នើ​សុំ​ពិត​មែន។
លោក ទូច ណារ៉ុថ៖ «ខ្ញុំ​ដូច​ជា​ឆ្ងល់​ដែរ អ្នក​ភូមិ​បាន​និយាយ​ថា មាន​ប៉ូលិស​តាម​ឃ្លាំមើល​សកម្មភាព​របស់​​គាត់។ គាត់​ថា ថ្ងៃ​មុន​ឃើញ​ប៉ូលិស​ម្នាក់​ជិះ​ម៉ូតូ​តាម​គាត់ រួច​គាត់​ពេល​ជិះ​ម៉ូតូ​កង់​បី​ថា ប៉ូលិស​ជិះ​តាម។ តើ​ប៉ូលិស​អត់​មាន​សិទ្ធិ​ទៅ​ណា​មក​ណា​ទេ ឬ​ខ្ញុំ? ដូច​ជា​ឆ្ងល់​ណាស់​ជួន​កាល​ប៉ូលិស​គេ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា»
ដោយ​ឡែក​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ថា មាន​កម្លាំង​ប៉ូលិស​ស្លៀក​ពាក់​ស៊ីវិល តាម​ឃ្លាំមើល​សកម្មភាព​​របស់​អ្នក​ភូមិ​បឹកក់ លោក ទូច ណារ៉ុថ ចាត់​ទុក​ថា ជា​ចោទ​ប្រកាន់​ខុស​ការពិត។ ទាក់ទង​បញ្ហា​នេះ លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​អាដហុក បាន​ថ្លែង​ថា សមត្ថកិច្ច​គួរ​ពិចារណា​លើ​កង្វល់​អ្នក​ភូមិ​បឹងកក់ មុន​នឹង​បដិសេធ​សំណើ​អ្វី​មួយ។
លោក​ចាត់​ទុក​សកម្មភាព​​​ឃ្លាំ​មើល​ពី​សកម្មភាព​រស់​នៅ ឬ​ដើរ​ហើរ​របស់​អ្នក​ភូមិ​បឹងកក់ ពី​សំណាក់​អាជ្ញាធរ​ថា ជា​ការ​គំរាម​កំហែង​ទៅ​លើ​សិទ្ធិ​រស់​នៅ​របស់​ប្រជាពលរដ្ឋ។
លោក ចាន់ សុវ៉េត៖ «បើ​សិន​ជា​មាន​លក្ខខណ្ឌ​តាម​សម្លឹង តាម​ឃ្លាំមើល ឬ​តាម​ដាន​គ្រប់​ជំហាន​យ៉ាង​នេះ គឺ​ជា​ការ​គំរាម​កំហែង​ខាង​ផ្នែក​សេរីភាព​សម្តែង​មតិ​របស់​ប្រជាពលរដ្ឋ។ ហើយ​មួយ​ទៀត​យើង​មើល​ឃើញ​ថា ការ​តាម​ដាន​នេះ​វា​មិន​សមស្រប​នឹង​ប្រទេស​មួយ​កាន់​លទ្ធិប្រជាធិបតេយ្យ​ទេ។ បើ​សិន​ជា​មាន​បញ្ហា​អី​មួយ​នោះ គួរ​តែ​រដ្ឋាភិបាល​ត្រូវ​តែ​ឆ្លើយ​តប​ជាមួយ​ប្រជាពលរដ្ឋ​សិន​ទៅ ថា តើ​ត្រូវ​ដោះស្រាយ​យ៉ាង​ម៉េច​ជាមួយ​ការ​ទាមទារ​របស់​ពួក​គាត់ មិន​មែន​ដាក់​កម្លាំង​តាម​ឃ្លាំមើល​គ្រប់​ដំណាក់កាល​អ៊ីចឹង​ទេ»
ទោះ​យ៉ាង​ណា​អ្នក​ភូមិ​បឹងកក់ បាន​បញ្ជាក់​ថា ពួកគេ​បាន​ត្រៀម​ពាក្យ​បណ្ដឹង​ដាក់​ជូន​អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួង​ មហាផ្ទៃ បន្ត​ទៀត នៅ​ថ្ងៃ​ចន្ទ ទី​៩ ខែ​មេសា ឆ្នាំ​២០១២ ស្នើ​ឲ្យ​ជួយ​ការពារ​សុវត្ថិភាព និង​ជួយ​ទប់​ស្កាត់​សកម្មភាព​​ចោរ​លួច និង​ប្លន់ កំពុង​កើត​មាន​ក្នុង​តំបន់​បឹងកក់ ដើម្បី​ផ្ដល់​សុវត្ថិភាព​ជូន​ពលរដ្ឋ​ជៀស​ផុត​ពី​ការ​ភ័យ​ខ្លាច៕

No comments:

Post a Comment