Sunday, March 18, 2012

កោះហៅអ្នកបច្ចេកទេសបង្ហាញការសិក្សាប្រព័ន្ធលូតំបន់បឹងកក់
Thursday, 15 Mar 2012 10:35
ក្រោយពីទទួលសំណើរបស់ លោកស្រី លី​ មុំ តំណាងប្រជាពលរដ្ឋរស់នៅ តំបន់អភិវឌ្ឍន៍បឹងកក់ ស្តីពី​ការសាងសង់ប្រព័ន្ធលូរំដោះទឹករួចមក នាព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១២ ឯកឧត្តម កែប ជុតិមា អភិបាល រាជធានីភ្នំពេញ បានកោះហៅក្រុមការងារអនុគណៈកម្មការបច្ចេកទេសការវិនិយោគតំបន់អភិវឌ្ឍន៍បឹងកក់ ដែលមាន លោកស្រី ទូច សារ៉ុម ជាប្រធាន រួមជាមួយ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណៈការ និងដឹកជញ្ជូន។
ជំនួបនេះ គឺត្រូវបានធ្វើឡើងដើម្បីពិនិត្យមើល លទ្ធផលនៃការសិក្សាប្រព័ន្ធលូរំដោះទឹកមួយ ដែលធ្វើឡើងដោយ អ្នកបច្ចេកទេសរបស់មន្ទីរសាធារណៈ និងដឹកជញ្ជូន អស់មួយរយៈពេលកន្លងមក។ ប្រព័ន្ធលូនេះ នឹងត្រូវភ្ជាប់ភូមិ៦ ចាប់ពីខាងក្រោយរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ឡើងទៅលូប្រអប់ផ្លូវលេខ៧០ ដើម្បីភ្ជាប់មកប្រព័ន្ធប្រឡាយ ភាគខាងជើងរាជធានីមានប្រវែងសរុប ១,៦៥០ម៉ែត្រ​។ ការស្ថាបនាប្រព័ន្ធលូរំដោះទឹក ត្រូវធ្វើឡើងជាពីរដំណាក់កាល ដែលដំណាក់កាលទី១ ត្រូវប្រើរយៈពេលប្រមាណ ២ខែ ដែលគម្រោងអាចនឹងត្រូវចំណាយថវិការហូតដល់ ជាង100,000.USD (ដប់ម៉ឺនដុល្លារសហរដ្ឋអាមេរិក) ដើម្បីរំដោះទឹកឲ្យទាន់រដូវវស្សាខាងមុខនេះ។ ដោយឡែក ដំណាក់កាលទី២ ដែលយើងមិនអាចស្ថាបនាទាន់រដូវវស្សាខាងមុខនេះ ទើបអ្នកបច្ចេកទេសនឹងតម្លើងម៉ាស៊ីនបូមទឹក ចំនួនពីរ ជាបណ្តោះអាសន្នវិញ ដើម្បីបញ្ចៀសការលិចលង់ទំាងស្រុងឲ្យបាន។
ក្រោយពីបានស្តាប់ពីលទ្ធផលនៃការសិក្សារួច ឯកឧត្តមអភិបាល បានឯកភាពលើគម្រោងនេះ ដោយសារ ពិនិត្យឃើញថា គម្រោងមានលក្ខណៈយូវអង្វែង និងជាយុទ្ធសាស្ត្រ សំរាប់ប្រជាពលរដ្ឋដែលរស់នៅចាប់ពីក្រោយរដ្ឋាករ រហូតដល់ក្រោយស្ថានទូតបារាំងទំាងមូល ហើយក៏បានបញ្ជាឲ្យក្រុមការងារ រៀបចំគម្រោងថវិកា និងឯកសារ ចាំបាច់ដើម្បីដំណើរការគម្រោងនេះ ឲ្យបានឆាប់រហ័ស។ គម្រោងការនេះ នឹងត្រូវដាក់បង្ហាញជូនប្រជាពលរដ្ឋនៅតំបន់ ដោយអាជ្ញាធរមូលដ្ឋាន មុននឹងធ្វើការចាប់ផ្តើម សូមបញ្ជាក់ថា ថ្មីៗនេះ ក្នុងជំនួបរវាង មន្ត្រីសាលារាជធានី និងអ្នកតវ៉ា ក៏បានលើកពីបញ្ហា ប្រព័ន្ធលូរំដោះទឹកនេះដែរ៕
 

No comments:

Post a Comment