បុរីកីឡា, ភាពចាប់អារម្មណ៍ខ្ពស់
និងការយកចិត្តទុកដាក់ របស់អាជ្ញាធរ
Sunday, 11 Mar 2012 13:41
នៅទីបំផុត ទំាងអស់គ្នា ហាក់ដូចជាបានឈានទៅដល់ភាពប្រកបដោយវិចារណញ្ញាណ ជាពិសេស អ្នកតស៊ូមតិ និងអ្នកសិទ្ធិមនុស្សជ្រុលនិយមមួយចំនួន។ លោក អាំ សំអាត នៃអង្គការលីកាដូ បាននិយាយ «យើងគប្បីវិលទៅរកវិធានការណ៍ប្រកបដោយសន្តិវិធី ដើម្បីចរចាស្វែងរកនូវដំណោះស្រាយ ដោយសន្តិវិធី ដែលអាចទទួលបានដោយភាគីទាំងអស់ ហើយចៀសវាងអំពើហិង្សា។» ដោយឡែក អាជ្ញាធរ បានបង្ហាញឲ្យឃើញ តាមភាពជាក់ស្តែង នូវភាពចាប់អារម្មណ៍ខ្ពស់ តាមផ្លូវរដ្ឋបាល និងផ្លូវច្បាប់ ដោយបានដោះលែងអ្នកតវ៉ាបុរីកីឡា ឲ្យនៅក្រៅឃុំ ចំនួន ៧នាក់ គឺ៥នាក់ នៅថ្ងៃទី១៧ ខែកុម្ភៈ ហើយ ២នាក់ទៀត នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១២។
នេះជានយោបាយកេរ្តិ៍កាល របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន ដែលសាលារាជធានីភ្នំពេញ មានភារកិច្ចស្វែងរកនូវតុល្យភាពមួយ រវាងផលប្រយោជន៍របស់អាជ្ញាធរ ក្នុងការអភិវឌ្ឍន៍រាជធានីភ្នំពេញ និង ផលប្រយោជន៍របស់ប្រជាជន ដែលបានសម្រុកចូលមករស់នៅក្នុងទីក្រុងភ្នំពេញ ដោយការ ចាំបាច់បន្ទាប់ពីការដួលរលំនៃរបបប្រល័យពូជសាសន៍ ខ្មែរក្រហម។ ក្រុមអ្នកទិតៀន ប្រាកដជាវាយប្រហារ នូវរាល់សំអាងទាំងឡាយណា ទៅលើក្រុមប្រល័យ ពូជសាសន៍ខ្មែរក្រហម ថា គ្រាន់តែការដោះសារយ៉ាងងាយ និងយ៉ាងថោកទាបប៉ុណ្ណោះ លើអំពើអាក្រក់ទំាងឡាយ ដែលខ្លួនបានប្រព្រឹត្តកន្លងមក។ ពិតមែនហើយ ក្រុមអ្នកទិតៀនទំាងនោះ គិតថា អី្វៗត្រូវតែដោះស្រាយភ្លាមៗ ឲ្យបានសម្រេចតាមខ្លួនចង់បាន ដូចជុបអញ្ចឹង ដែលនេះជាការយល់ខុសទាំងស្រុង ចំពោះករណី ដែលអាជ្ញាធរត្រូវប្រឈមនឹង បញ្ហានៃការរស់នៅ និងអាយុជីវិតប្រជាជន ហើយជាពិសេសទៅទៀតនោះ គឺពលរដ្ឋរបស់ខ្លួន ដែលនៅចំណោមនោះ ប្រាកជាមានអ្នកខ្លះ ដែលមានឪពុកម្តាយ ឬជីដូនជីតា បានរួមតស៊ូក្រោមទង់គណបក្សប្រជាជន ហើយក៏មានអ្នកខ្លះទៀតក៏បានបូជាសាច់ឈាម នៅក្រោមការដឹកនាំ របស់មគ្គុទ្ទេសន៍ដ៏ក្លាហាន និងសម្រេចបានជោគជ័យមាន សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និង សម្តេច ហ៊ុន សែន ក្នុងគោលបំណងរំដោះខ្លួនឯង និងរំដោះប្រជាជនខ្មែរ ចេញផុតពីរបបប្រល័យពូជសាសន៍។ បងប្អូនប្រជាជនអ្នកក្រជាងគេបំផុតក្នុងចំណោមអ្នកក្រ មិនដែលដណ្តើមកាន់កាប់កម្មសិទ្ធិធំៗ មានតម្លៃខ្ពស់នោះទេ ក៏ប៉ុនែ្តពួកគេនាំគ្នាបញ្ជ្រៀតរស់នៅ ក្នុងទីចង្អៀត តំបន់គ្មានភ្លើង តំបន់កខ្វក់ ដែលសុទ្ធសឹងជាតំបន់មិនទាន់មានការចាប់អារម្មណ៍ទាល់តែសោះ ចំពោះភ្នែក ប្រជាជនធម្មតា ឬថ្នាក់លើ ឬវិនិយោគិន ឬអ្នកអភិវឌ្ឍ ក៏ដូចជាចំពោះភ្នែកអាជ្ញាធរ ក្នុងកាលៈទេសៈដើមដំបូងនោះឡើយក៏ដោយ ហើយមូលហេតុគឺគ្មាននរណា មួយយល់បានទេ។ ពួកគេបានក្លាយទៅជាជនរងគ្រោះ ដោយសារសកម្មភាពរបស់ពួកគេ នៅពេលដែលការអភិវឌ្ឍន៍ និងការរីកចម្រើន បានគ្រោបសង្កត់ពួកគេ ដោយមិនដឹងខ្លួន។
ភាពចាប់អារម្មណ៍ខ្ពស់ និងភាពយកចិត្តទុកដាក់ទំនុកបម្រុង របស់អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់រាជធានីភ្នំពេញ ត្រូវបានកត់ត្រាទុកយ៉ាងច្បាស់លាស់ពេញលេញ ជាមួយនិងគោលនយោបាយផ្តល់ទីតាំងលំនៅថ្មី និង ការដោះស្រាយ បញ្ហាជីវភាពប្រចាំថ្ងៃ សម្រាប់រយៈកាលមួយ។ នយោបាយផ្តល់ទីតាំងលំនៅថ្មី ត្រូវជួបនឹងការជំទាស់ ពេលខ្លះខ្លាំងក្លា ពេលខ្លះទៀតក៏មិនខ្លាំងក្លា ដោយហេតុថា មានក្រុមតស៊ូមតិ សមាជិកគណបក្សប្រឆាំង និងសកម្មជនសិទ្ធិមនុស្សប្រភេទខ្លះ កេងយកចំណេញលើជម្លោះ និងការប្រឈមរវាង ប្រជាជនក្រីក្រ និងអាជ្ញាធរក្នុងគោលបំណង ជម្រុញបញ្ហាសិទ្ធិមនុស្ស ដែលមិនមែនចាប់ផ្តើម ពីសិទ្ធិមនុស្សជាមូលដ្ឋាន (ប៉ុន្តែជាបញ្ហាសិទ្ធិមនុស្សជាសាកល ដែលអនុវត្តន៍ដោយប្រទេសជឿនលឿនមួយចំនួន) មកធ្វើជាមធ្យោបាយ បន្ទាបបន្ថោកអាជ្ញាធរ។ ការតវ៉ានៅបុរីកីឡា គឺជា មេរៀនមួយ ត្រូវបានរៀនសូត្រដោយភាគីទាំងអស់គ្នា មាន៖ ភាគីពលរដ្ឋស្លូតត្រង់ ភាគីអាជ្ញាធរ និង ភាគីវិនិយោគិន និងអ្នកអភិវឌ្ឍន៍។ ជាមួយនឹងភាពចាប់អារម្មណ៍ខ្ពស់ និងភាពយកចិត្តទុកដាក់ទំនុកបម្រុង របស់អាជ្ញាធរថ្នាក់ជាតិ ព្រមទាំងថ្នាក់រាជធានី ប្រជាជនស្លូតត្រង់បានទទួល ចំណែកសមរម្យ ឯវិនិយោគិន និងអ្នកអភិវឌ្ឍន៍ ក៏ទទួលបានផលផ្លែផ្កាចេញពីការបណ្តាក់ទុករបស់គេ ហើយ រាជធានីភ្នំពេញក៏នឹងរីកធាត់ធំ ក្លាយទៅជាគ្រាប់ពេជ្រភ្លឺថ្លា របស់កម្ពុជា។
ក៏ប៉ុន្តែ ភាពចាប់អារម្មណ៍ខ្ពស់ និងភាពយកចិត្តទុកដាក់ទំនុកបម្រុងរបស់អាជ្ញាធរ មិនគប្បី ត្រូវបានចាត់ទុកថាជា អាជ្ញាប័ណ្ណសេរី សម្រាប់មនុស្សខិលខូចមួយចំនួន ដើម្បីយកទៅធ្វើអាជីវកម្ម លើខ្នងប្រជាពលរដ្ឋក្រីក្រស្លូតត្រង់ និងលើខ្នងអាជ្ញាធរឡើយ។ គេឃើញមានករណី អ្នកជួលទីលំនៅក្នុងបុរីកីឡាសម្រាប់រស់នៅ តែបែរជាអះអាងថា ជាម្ចាស់ទីកន្លែង ហើយទាមទារទទួលផល ប្រយោជន៍ទៅវិញ។ ម្យ៉ាង ក៏មានករណីជនខិលខូច ដែលបានទទួលគោលនយោបាយរួចហើយ តាម ការព្រមព្រៀងជាមួយនឹងអាជ្ញាធរហើយនោះ តែបែរជាបន្ត ចូលរួមធ្វើបាតុកម្មប្រឆាំង នឹងអាជ្ញាធរតទៅទៀត។ ពួកជនខិលខូចទាំងនេះ បាននាំគ្នាបង្កើតពាក្យស្លោកមួយដោយគ្មានការទទួលខុស ត្រូវថា ៖ «ចាញ់បានលុយ ឈ្នះបានដី ឬបានផ្ទះ»។
យើងសង្ឃឹមថា លោក អាំ សំអាត នៃអង្គការលីកាដូ និងអង្គការក្រៅរដ្ឋាភិបាល NGOs ដែលមាន ការទទួលខុសត្រូវ និងរួមដៃជាមួយគ្នាកសាងស្ពានរវាងប្រជាជនស្លូតត្រង់ ដែលជាអ្នកគោរពប្រតិបត្តិច្បាប់ និងអាជ្ញាធរ ដើម្បីស្វែងរកការដោះស្រាយដោយសន្តិវិធី តាមរយៈទំនាក់ទំនងល្អ និងការចរចារបើប្រសិនមានការចាំបាច់។
No comments:
Post a Comment