អ្នកសុំទាន រំខានដំណើរអ្នកទេសចរនៅមុខវាំង ខណៈប៉ូលិសដើរយកលុយពីអ្នកសុំទាន
ក្រោមពន្លឺព្រះអាទិត្យនាខ្លោងទ្វារ ចូលវត្តព្រះកែវមរកត នៃព្រះបរមរាជវាំង ភ្ញៀវទេសចរជាតិ-អន្តរជាតិ ទាំងក្រុមៗ ចេញ-ចូល ទស្សនាក្នុងវាំង ត្រូវបានប្រជ្រៀតប្រជែងតាមប្រកៀកប្រកិតយ៉ាងប្រញាយដោយអ្នកលក់កាត ប៉ូស្តាល់អនុស្សាវរីយ៍ និងពួកយាចក ( អ្នកសុំទាន ) ទាំងក្មេងទាំងចាស់ ហើយមានទាំងជនពិការអង្គុយលើរទេះផង។
លោក Mathew Mc.Koness ជាភ្ញៀវទេសចរមកពីប្រទេសញូវហ្សេឡែន ដែលទើបមកទស្សនាព្រះបរមរាជវាំង ជាលើកទីមួយ បានសម្ដែងការមិនពេញចិត្តចំពោះវត្តមានអ្នកសុំទាននៅទីនេះថា "ខ្ញុំមិននឹកស្មានថា សូម្បីតែនៅក្បែររាជវាំង ក៏មានអ្នកសុំទានដែរសោះ!" ។
ចំណែកអ្នកស្រី ជិន រ៉ាវី អាយុ ៣២ឆ្នាំ ក៏ដូចជាលោក ប៊ូ ផាន់ ដែលនាំគ្រួសារមកទស្សនាព្រះបរមរាជវាំង បាននិយាយពីកត្តាអវិជ្ជមានចំពោះកិត្តិយសជាតិ ដោយសារវត្តមានពួកស្មូមនៅទីនេះថា ធ្វើឱ្យភ្ញៀវបរទេសមាក់ងាយខ្មែរ ។
កញ្ញា ផល កន្និដ្ឋា វ័យ ២១ឆ្នាំ ដែលមកទស្សនាព្រះបរមរាជវាំង ជាមួយមិត្តភក្តិ ៥-៦នាក់ផ្សេងទៀត បានយល់ស្របនឹងទស្សនៈភ្ញៀវទេសចរជាតិខាងលើ ហើយថែមទាំងដាក់បន្ទុកទៅលើប៉ូលិសណ្តាប់ធ្នាប់ និងសន្តិសុខនៅតំបន់នេះ ថា "ប៉ូលិសវាំង គប្បីចាត់វិធានការឱ្យបានសមរម្យ ធ្វើយ៉ាងណាធានាថាមិនមានពួកស្មូម ប្រកបរបរនៅតំបន់ដែលជាកិត្តិយសជាតិខ្មែរនេះឡើយ ។
ប៉ុន្តែ មានការលើកឡើងថា ប៉ូលិសបានយកលុយពីអ្នកសុំទានជាថ្នូរនឹងការអនុញ្ញាតឱ្យពួកយាចក ទាំងនោះប្រកបរបរនៅរមណីយដ្ឋានប្រវត្តិសាស្ត្រជាតិដ៏មានប្រជាប្រិយភាព ។
បុរសវ័យ៤៨ឆ្នាំ ជាគ្រូបង្រៀនម្នាក់ សុំមិនបញ្ចេញឈ្មោះ ដែលមានលំនៅឋានខាងត្បូងរដ្ឋសភាចាស់ បាននិយាយថា “ពួកប៉ូលិសសណ្តាប់ធ្នាប់វាំងនេះយកលុយពីពួកអ្នកសុំទានទាំងនោះ” ។
គ្រាន់តែបានឮរឿងដ៏គួរឱ្យហួសចិត្តនេះភ្លាម លោក សៅ សារឹម ប្រធានប៉ូលិស សណ្តាប់ធ្នាប់វាំង បានបដិសេធយ៉ាងដាច់អហង្ការថា “សុំអញ្ជើញអ្នកអះអាងនោះ ឬអ្នកណាក៏បានមកជួបខ្ញុំដោយផ្ទាល់។ ខ្ញុំនឹងហៅប៉ូលិសទាំងអស់មកឈរតម្រង់ជួរឱ្យចង្អុលមុខថា ប៉ូលិសម្នាក់ណាជាអ្នកយកលុយពីអ្នកសុំទាន” ។
មេប៉ូលិសរូប នេះ បានបន្ថែមដោយភាពម៉ឺងម៉ាត់ថា "កុំថាឡើយអ្នកឯងគ្រាន់តែជាប៉ូលិសតូចតាច បើទោះជាអ្នកឯងមានស័ក្តិប៉ុនណាក៏ដោយ ឱ្យតែមានភស្តុតាងគ្រប់គ្រាន់នោះ ខ្ញុំនឹងចាត់ការដកស័ក្តិឱ្យអស់"។
ទោះជាពុំមានភស្តុតាង សម្រាប់តទល់ ប្រសិនបើមានវិធានច្បាប់ក្តី ប៉ុន្តែយើងរកបានអ្នកសុំទានម្នាក់អាចចាត់ទុកជាសាក្សីគួរពិចារណា បញ្ជាក់ថា ប៉ូលិសនៅទីនេះបានយកលុយពីក្រុមស្មូមនៅមុខវាំងមែន ។
ដៃទាំងទ្វេឥតម្រាម ឯជើងក៏ខ្លី និងតូចខុសប្រក្រតី ទើបត្រូវពឹងលើរទេះមួយ។ បុរសអ្នកសុំទានម្នាក់ដែលបានអះអាងថា បានប្រកបរបរនៅទីនេះ ប្រមាណជា ៤-៥ឆ្នាំ មកហើយនោះ បានអះអាងថា តាមធម្មតា ក្នុងមួយថ្ងៃគាត់រកប្រាក់បានពីរម៉ឺនរៀល ហើយបានសារភាពថា គាត់បានចំណាយប្រាក់បន្តិចបន្តួចទៅឱ្យប៉ូលិសនៅទីនេះមែន។
បុរសវ័យ ២០ឆ្នាំរូបនេះ បាននិយាយថា "ក្នុងមួយថ្ងៃខ្ញុំបង់លុយពីរពាន់រៀលទៅឱ្យប៉ូលិសនៅទីនេះ"។
ទោះជាយ៉ាងណា បុរសស្មូមម្នាក់នេះ បានប្រាប់ថា ជាទឹកចិត្តរបស់គាត់ចំពោះប៉ូលិសតែប៉ុណ្ណោះ ពោលគឺប៉ូលិសមិនបានទាមទារ ឬតម្រូវឱ្យគាត់បង់ឡើយ ហើយថា “បើថ្ងៃណារកលុយមិនសូវបាននោះ ខ្ញុំមិនបាច់ឱ្យប៉ូលិសក៏បានដែរ"។
យ៉ាងណាក៏ដោយ លោក សារឹម បានប្រាប់ថា តាមបញ្ជា មិនអនុញ្ញាតឱ្យមានអ្នកសុំទាន ឬអ្នកលក់ដូរអ្វីឡើយ។ ប៉ុន្តែគាត់បានត្អូញត្អែរថា កម្លាំងសមត្ថកិច្ចរបស់គាត់ពិបាកធ្វើការចំពោះពួកស្មូមទាំងនេះឱ្យបាន ម៉ឺងម៉ាត់ណាស់ ព្រោះខ្លាចត្រូវរងការរិះគន់ពីសំណាក់អង្គការសិទ្ធិមនុស្ស ។
លោកបានបន្ថែមថា "មើលចុះ ពួកអ្នកសុំទានទាំងនេះ យើងដេញពីជើង រត់ទៅសុំខាងត្បូង ដេញពីត្បូង រត់ទៅសុំនៅខាងជើង ហើយមិនមែននៅឆ្ងាយពីយើងប៉ុន្មានផង។ ប៉ុន្តែសួរថា យើងធ្វើអ្វើកើតលើសពីគ្រាន់តែដេញដូចជាវែកចកនេះទៅ?"។
លោកមេប៉ូលិសវាំង បានបកស្រាយពីមូលហេតុដែលនៅតែមានអ្នកសុំទាននៅមុខវាំងថា "យើងទទួលបានបញ្ជាត្រឹមតែកុំឱ្យមានអ្នកសុំទាននៅទីនេះ ប៉ុន្តែយើងមិនទទួលបានសិទ្ធិចាប់ពួកអ្នកទាំងនេះឡើយ។ ម្យ៉ាងទៀត បើយើងចាប់ យើងក៏មិនដឹងថាយកពួកគេទៅដាក់នៅទីណាដែរ" ។
យុវជន ឈឹម សុផល ជានិស្សិតឆ្នាំទី៣ ផ្នែកគ្រប់គ្រងទូទៅ នៃសកលវិទ្យាល័យបញ្ញាសាស្ត្រ បានដាក់សំណួរផ្ញើទៅលោក សៅ សារឹម ថា "បើបែបនេះ គេមិនមានសមត្ថភាពចាត់ការបំបាត់អ្នកសុំទាននៅទីនោះ ជារៀងរហូតឬ?"។S

No comments:
Post a Comment