អ្នកតវ៉ានៅបុរីកីឡាមានសង្ឃឹមបន្ទាប់ពីបានជួបជាមួយស្នងការ ទូច ណារ៉ុថ
- Thursday, 01 March 2012 12:03
- ឃុត សុភចរិយា
ភ្នំពេញៈ ក្រុមអ្នកតវ៉ាក្នុងតំបន់បុរីកីឡា ចំនួន ១០៦ នាក់ បានទទូចសុំឲ្យស្នងការនគរបាលរាជធានីភ្នំពេញលោក ទូច ណារ៉ុថ ជួយជំរុញឲ្យក្រុមហ៊ុនផានអ៊ីម៉ិច ផ្ដល់ផ្ទះល្វែងដល់ពួកគាត់ តាមអ្វីដែលក្រុមហ៊ុននេះបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល កាលពីឆ្នាំ២០០៤។
ការអំពាវនាវនេះបានធ្វើឡើង ក្នុងជំនួបពីម្សិលមិញនៅឯស្នងការដ្ឋាននគរបាលរាជធានី តាមការអញ្ជើញរបស់លោក ទូច ណារ៉ុថ ពីថ្ងៃអង្គារដើម្បីពិភាក្សាស្វែងរកដំណោះស្រាយជុំវិញការតវ៉ា ទាមទាររបស់ពួកគាត់កន្លងមក និងបានបង្ហាញឯកសារផ្លូវច្បាប់ដែលបញ្ជាក់ថាពួកគាត់មានសិទ្ធិនិង មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងទទួលបានផ្ទះល្វែងក្នុងបុរី កីឡា ជូនលោកស្នងការ។
តំណាងអ្នកតវ៉ាក្នុងតំបន់បុរីកីឡា អ្នកស្រី ជុំ ង៉ាន់ ប្រាប់ភ្នំពេញប៉ុស្តិ៍ ពីម្សិលមិញថា នៅក្នុងជំនួបនោះ លោកស្នងការបានផ្ដល់ក្ដីសង្ឃឹមថ្មីមួយសម្រាប់ពួកគាត់ បើទោះជាលទ្ធផលនៃកិច្ចពិភាក្សានៅថ្ងៃនេះ(ពុធ) មិនមានផ្លែផ្កាអ្វីជាដុំកំភួនក៏ដោយ។
អ្នកស្រីនិយាយថា៖ «យើងពិតជារីករាយណាស់ នៅពេលគាត់[ស្នងការ]អះអាងថា និងជួយ សម្របសម្រួលដល់ភាគីក្រុមហ៊ុន ក៏ដូចជាអាជ្ញាធររាជធានី ដើម្បីឲ្យពួកយើងទទួលបានផ្ទះ ល្វែងក្នុងតំបន់បុរីកីឡា បើទោះជា គាត់មិនទាន់ប្រាកដថាអាចជួយដល់យើងខ្ញុំ បានដល់កម្រិតណានោះក៏ដោយ»។
អ្នកតំណាងម្នាក់ទៀត អ្នកស្រី អាត សំណាង បាននិយាយដែរថា លោកស្នងការ ទូច ណារ៉ុថ សំណូមពរថា នៅពេលពួកយើងធ្វើការតវ៉ា ទាមទារទីជម្រកសូមកុំបង្កភាពឥតសណ្ដាប់ធ្នាប់ និងកុំប្រើហិង្សាទៅលើសមត្ថកិច្ចនគរបាល ដែលទៅការពារសន្តិសុខ សាធារណៈ។
អ្នកស្រីបន្តថា៖ «លោកស្នងការបានសម្ដែងការគោរពចំពោះពួកយើង និងទទួលស្គាល់ពីកំហុសឆ្គងមួយចំនួនរបស់បុគ្គលនគរបាលមួយ ចំនួន ដែលបានប្រព្រឹត្តកន្លងមក»។
អ្នកស្រីបញ្ជាក់ទៀតថា ក្រោយពីពិភាក្សាគ្នាអស់ជាងមួយម៉ោងមក លោក ទូច ណារ៉ុថ ក៏បានទទួលយកឯកសារភស្តុតាងពួកយើងទាំងអស់គ្នា ដើម្បីយកទៅផ្ទៀតផ្ទាត់ជាមួយខាងភាគីក្រុមហ៊ុន និងសាលារាជធានី។
នៅក្នុងជំនួបនោះដែរលោក ទូច ណារ៉ុថ មានប្រសាសន៍ថា លោកនឹងប្រាប់ទៅមន្ត្រីនគរបាលក្រោមឱវាទទាំងអស់មិនឲ្យប្រើខែល ដំបងឆក់ ឬអាវុធ នៅក្នុងប្រត្តិបត្តិការ ការពារសណ្ដាប់ធ្នាប់ នៅនឹងកន្លែងដែលអ្នកភូមិធ្វើការតវ៉ា ទាមទារសិទ្ធិ ឬផលប្រយោជន៍អ្វីមួយនោះទេ ។
លោកស្នងការ ទូច ណារ៉ុថ បានថ្លែងថា៖ «កម្លាំងនគរបាលសម្រាប់ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ មិនមែនសម្រាប់បង្ក្រាបប្រជាពលរដ្ឋដែលតវ៉ាដើម្បីសិទ្ធិនិងផល ប្រយោជន៍គាត់ទេ»។ លោក ណារ៉ុថ ក៏បានសំណូមពរចំពោះអ្នកតវ៉ាដែរថា៖ «យើងក៏សុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការយោគយល់ ធ្វើយ៉ាងណា កុំបង្កហិង្សាដែលនាំឲ្យខូចដល់សណ្ដាប់ធ្នាប់សាធារណៈ ឬ ទ្រព្យសម្បត្តិសាធារណៈ និងឯកជន ព្រោះវាជាអំពើល្មើសច្បាប់»៕
No comments:
Post a Comment