Saturday, March 31, 2012

មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​ចំពោះ​សេចក្ដី​ ថ្លែងការណ៍​របស់​អង្គការ HRW

2012-03-30
រដ្ឋាភិបាល​កម្ពុជា បាន​ហៅ​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ឈ្មោះ Human Rights Watch (WRW) ស្ដីពី​ការ​រំឭក​ខួប ១៥​ឆ្នាំ នៃ​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​លើ​ហ្វូង​បាតុករ​អហិង្សា​ថា មាន​ចរិត​លក្ខណៈ​នយោបាយ និង​វិទ្ធង្សនា។
RFA/Sok Serey
៣០-មីនា-២០១០: អ្នក​ចូល​រួម​ពិធី​រំឭក​ខួប​​១៣​​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​ទៅ ​លើ​ហ្វូង​បាតុករ​នៅ​ខាង​មុខ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ឈរ​មើល​រូបថត​ឯកសារ​នៃ​ជន​រងគ្រោះ។
ប្រតិកម្ម​របស់​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ធ្វើ​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី​២៩ ខែ​មីនា គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch ថ្កោលទោស​អំពើ​គប់​គ្រាប់បែក​ទៅ​លើ​ក្រុម​បាតុករ ដឹកនាំ​ដោយ​លោក សម រង្ស៊ី កាល​ពី ១៥​ឆ្នាំ​មុន បណ្ដាល​អោយ​មនុស្ស​ជិត ២០​នាក់​ស្លាប់។
សេចក្ដី​ថ្លែងការណ៍​របស់ Human Rights Watch អោយ​ដឹង​ថា ឆ្លង​កាត់​ការ​ស៊ើប​អង្កេត​ភស្តុតាង និង​សាក្សី​ជា​ច្រើន​បញ្ជាក់​ថា គឺ​កង​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​គប់​គ្រាប់បែក​ក្នុង​បំណង​ធ្វើ​ឃាត​ លោក សមរ រង្ស៊ី ដែល​ជា​ប្រធាន​គណបក្ស​ជាតិ​ខ្មែរ​នៅ​ពេល​នោះ។
អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​រិះគន់​សេចក្ដី​ថ្លែងការណ៍​របស់ Human Rights Watch ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​២៨ មីនា ថា ជា​អំពើ​វាយ​ប្រហារ​មក​លើ​រដ្ឋាភិបាល​ដោយ​គ្មាន​ការ​ពិត។
លោក ផៃ ស៊ីផាន ប្រតិកម្ម​ដូច្នេះ៖ «នេះ​គ្រាន់​តែ​ជា​ការ​បង្កើន​ សំឡេង​វិទ្ធង្សនា​របស់​អង្គការ​អន្តរជាតិ​មួយ​នេះ​ទេ។ តុលាការ​នៅ​មិន​ទាន់​ប្រកាស​បិទ​ករណី​នេះ​ទេ។ ដូច្នេះ​ជា​ឱកាស​សំរាប់​យើង​ទាំង​អស់​គ្នា ប្រសិន​បើ​អ្នក​ណា​ដឹង​រឿង​ហ្នឹង ផ្តល់​ភស្តុតាង ដូច្នេះ​ករណី​ហ្នឹង​នឹង​បន្ត​ទៅ​ទៀត។ រដ្ឋាភិបាល​នៅ​តែ​ស៊ើប​អង្កេត​របស់​ខ្លួន​ផ្ទាល់ នេះ​ជា​ការ​ចោទ​ប្រកាន់​មួយ​ដែល​គ្មាន​ត្រឹមត្រូវ។ ជា​ការ​ស្រមៃ​របស់​អ្នក​ចោទ ប៉ុន្តែ​អ្វីៗ​នៅ​តែ​ស្ថិត​ក្នុង​វិធី​របស់​តុលាការ»
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក ផៃ ស៊ីផាន មិន​បាន​បញ្ជាក់​ថា តើ​ការងារ​ស៊ើប​អង្កេត​ដើម្បី​បញ្ចប់​និទណ្ឌភាព​នេះ កំពុង​ប្រព្រឹត្ត​ទៅ និង​ដឹក​នាំ​ដោយ​អាជ្ញាធរ​អង្គភាព​ណា​ទេ។ គេ​សង្កេត​ឃើញ​ថា នៅ​ពេល​ដល់​ថ្ងៃ​រំលឹក​ខួប​ម្តងៗ រយៈកាល ១៥​ឆ្នាំ​កន្លង​មក​នេះ ចម្លើយ​របស់​មន្ត្រី​រដ្ឋាភិបាល​ចំពោះ​ការ​ចាប់​ខ្លួន​ជន​ដៃដល់ គឺ​គ្មាន​អ្វី​ប្លែក​ទេ ក្រៅ​តែ​ពី​អះអាង​ថា សំណុំ​រឿង​នេះ​មិន​ទាន់​បិទ​បញ្ចប់​នៅ​ឡើយ​ទេ។
ចំពោះ​សំណួរ​ថា ហេតុ​អ្វី​បាន​ជា ១៥​ឆ្នាំ​ហើយ​បាន​ជា​រដ្ឋាភិបាល​កម្ពុជា នៅ​ស្ងៀមស្ងាត់​មិន​បាន​បង្ហាញ​អំពី​ការ​រីក​ចំរើន​ក្នុង​ការ​ស៊ើប​អង្កេត​ ចំពោះ​ហេតុការណ៍​គប់​គ្រាប់​បែក​នេះ  ដែល​អ្នក​ខ្លះ​ហៅ​ថា ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​មួយ បន្ទាប់​ពី​របប​ខ្មែរ​ក្រហម​នោះ។
មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា កម្ពុជា​ខ្វះខាត​បច្ចេកវិទ្យា និង​ធនធាន៖ «វា​ពាក់ព័ន្ធ​ទៅ​លើ​សមត្ថភាព​ ធនធាន​មនុស្ស​របស់​កម្ពុជា។ បញ្ហា​បច្ចេកវិទ្យា​ក្នុង​ការ​តាមដាន​ការងារ​នេះ។ បញ្ហា​នេះ​មិន​មែន​មាន​តែ​ស្រុក​ខ្មែរ​ទេ។ ករណី​ខ្លះ​គេ​មាន​រហូត​ដល់ ២០ ទៅ ៣០​ឆ្នាំ ដើម្បី​ស្វែង​រក​ការ​ពិត។ ដូច្នេះ​មិន​មែន​ជា​ការ​ព្រងើយ​កន្តើយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​ទេ»
កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ នៅ​ខណៈ​គណបក្ស​ជាតិ​ខ្មែរ​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី រួម​ជាមួយ​អ្នក​គាំទ្រ​ជាង ២០០​នាក់ បាន​មក​ផ្តុំ​គ្នា​ដោយ​សន្តិវិធី នៅ​មុខ​មន្ទីរ​រដ្ឋ​សភា​ចាស់ តវ៉ា​ទាមទារ​អោយ​ប្រព័ន្ធ​តុលាការ​មាន​ជំហរ​ឯករាជ្យ។
ក្រោយ​ពេល​មក​ម្តុំ​គ្នា​បាន​បន្តិច ជន​មិន​ស្គាល់​បាន​គប់​គ្រាប់​បែក​ដៃ​បន្ត​បន្ទាប់​គ្នា​ចំនួន ៤​គ្រាប់ ចូល​ទៅ​ហ្វូង​ក្រុម​បាតុករ បណ្ដាល​អោយ​ស្លាប់​មនុស្ស​យ៉ាង​តិច​ណាស់ ១៥​នាក់ និង​រង​របួស​ជាង ១៥០​នាក់។ ក្នុង​ចំណោម​អ្នក​រង​របួស មាន​ជនជាតិ​អាមេរិកាំង​ម្នាក់​ផង។ រហូត​មក​ដល់​ពេល​នេះ គ្មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ផ្ដន្ទាទោស​ឡើយ។
លោក ប្រែត អាដាម (Brad Adams) នាយក​កម្មវិធី​ផ្នែក​កិច្ចការ​អាស៊ី​នៃ​អង្គការ Human Rights Watch ថ្លែង​ថា មាន​ភស្តុតាង​ជា​ច្រើន​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​ដៃ​ទៅ​លើ​ហ្វូង​បាតុករ​ដោយ​ អហិង្សា​នោះ។ លោក​បន្ត​ថា ដូច្នេះ​មាន​ន័យ​ថា ការ​ស៊ើប​អង្កេត​ពី​រដ្ឋ​អំណាច នឹង​មិន​អាច​ធ្វើ​ទៅ​បាន​ទេ បើ​សិន​ជា​ប្រទេស​ម្ចាស់​ជំនួយ​មិន​ដាក់​លក្ខខណ្ឌ​ទាក់ទង​នឹង​រឿង​នោះ​ទេ៕

No comments:

Post a Comment