អ្នកបឹងកក់ជម្រុញឲ្យអាជ្ញាធរធ្វើប័ណ្ណដីធ្លីនិងកំណត់ព្រំដី តាមអនុក្រិត្យលោកនាយករដ្ឋមន្រ្តី
ដោយ ញឹម សុខន និង អ៊ឹង ប៊ុនថន
ថ្ងៃពុធ ទី14 មីនា ឆ្នាំ2012 ម៉ោង17:57
អ្នកភូមិបឹងកក់ជិត២០០នាក់
បានជម្រុញជាថ្មីទៀត នៅថ្ងៃពុធនេះ
អោយអាជ្ញាធររាជធានីភ្នំពេញ
ពន្លឿនការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់
ដែលនៅសេសសល់នោះ
និងចុះបោះបង្គោលកំណត់ព្រំប្រទល់ដីឲ្យឆាប់
ទៅតាមអនុក្រិត្យរបស់រដ្ឋាភិបាល កាលពីឆ្នាំ២០១១។
តំណាងអ្នកភូមិបឹងកក់ អ្នកស្រី ហេង
មុំ បានប្រាប់អោយ VOD ដឹងនៅថ្ងៃពុធ ទី១៤ ឆ្នាំ២០១២នេះថា
ពួកគេជិត២០០នាក់
បានទៅដាក់ញត្តិជូនសាលារាជធានីភ្នំពេញ
ដើម្បីជម្រុញឲ្យចេញប័ណ្ណកម្មសិទ្ធិដីធ្លី
ជូនពួកគាត់ដែលនៅសេសសល់ជាង៥៨គ្រូសារ
និងស្នើឲ្យពង្រីកប្រព័ន្ធលូបង្ហូរទឹក
និងបោះបង្គោលកំណត់ព្រំដី ទំហំ១២,៤៤ហិចតា
តាមអនុក្រិត្យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកស្រីបន្តថា
ការដែលអាជ្ញាធរមិនទាន់ចុះបោះបង្គោលកំណត់ព្រំប្រទល់ដី
និងមិនធ្វើប័ណ្ណកម្មសិទ្ធិជូនពួកគេនេះ ពួកគេបារម្ភថា
វាជាឱកាសអោយក្រុមហ៊ុនរំលោភយកដីពួកគេបន្តទៀត
ហើយអាចនឹងត្រូវអាជ្ញាធរយកលេសថា
គ្មានសិទ្ធិរស់នៅតំបន់នេះ។
អ្នកភូមិបឹងកក់ ក៏បានស្នើឲ្យអាជ្ញាធរ
ធ្វើប្រព័ន្ធលូបង្ហូរទឹក ឲ្យបានឆាប់ ដោយបារម្ភថា
នឹងមានការជនលិចលំនៅឋានពួកគេជាថ្មីទៀត
ខណៈដែលរដូវវស្សាជិតចូលមកដល់។
បើតាមតំណាងអ្នកភូមិបឹងកក់
គឺបន្ទាប់ពីមានការប្រមូលផ្តុំគ្នានៅមុខសាលារាជធានីភ្នំ
ពេញនោះ តំណាងពួកគេចំនួន១៥នាក់
ត្រូវបានចូលជួបពិភាក្សាជាមួយមន្ត្រីសាលារាជធានីភ្នំពេញ
ហើយ លោក លី សាវ៉េត នាយរងខុទ្ទកាល័យសាលារាជធានីភ្នំពេញ
សន្យាថានឹងឆ្លើយតបករណីនេះនៅសប្តាហ៍ក្រោយ៕
No comments:
Post a Comment