Friday, March 30, 2012


វេទិកា​ប្រជាជន និង​អង្គការ​សង្គម​ស៊ីវិល អាស៊ាន ត្រូវ​បាន​រារាំង​

1
 
1
 
 
(ថ្ងៃទី 30 មីនា 2012, ម៉ោង 11:02:AM) | ដោយ: សុខ ភក្តី
ក- ក+ | Print
ភ្នំពេញ: ម្ចាស់​សណ្ឋាគារ និង​អាជ្ញាធរ បាន​រារាំងមិន​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាជន មកពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ ប្រទេស បាន​ជួបប្រជុំ​គ្នានៅក្នុង​វេទិកា​ថ្ងៃទី​២ ត្រូវ​នឹង​ថ្ងៃទី​៣០​មីនា ឆ្នាំ​២០១២ ឡើយ​។ វេទិកា​នោះ បាន​បើក​ធ្វើកាលពី​ថ្ងៃ​ទី​២៩​មីនា និង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​៣១​មីនា ឆ្នាំ​២០១២ នៅ​សណ្ឋាគារ ឡាក់​គី ស្តារ ជិត​ផ្សារ​ដើម​គ ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

​លោក ធន សារាយ ប្រធាន​សមាគម​សិទ្ធិមនុស្ស អាដហុក ដែល​បាន​ចូលរួម​ក្នុង​វេទិកា​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាជន​អាស៊ាន បានឲ្យដឹងថា អាជ្ញាធរនិង​ម្ចាស់​សណ្ឋាគារ មិន​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​អាស៊ាន លើកឡើង​ពី​បញ្ហាដីធ្លី បញ្ហា​ប្រទេស​ភូមា ជនជាតិដើម​ភាគតិច និង​បញ្ហា​សាងសង់​ទំនប់​វា​រី​អគ្គិសនី នៅក្នុង​វេទិកា​ជួបជុំ នា​ព្រឹក​ថ្ងៃទី​២៩​មីនា ឆ្នាំ​២០១២​ទេ​។ អាជ្ញាធរ និង​ម្ចាស់​សណ្ឋាគារ ក៏​បាន​រារាំងមិន​ឲ្យ​សង្គម​ស៊ីវិល​អាស៊ាន លើ​កស្លាក បដា ក្នុង​វេទិកា​ជួបជុំ​នោះ​ឡើយ​។​

​លោក ធន​សារាយ បាន​លើកឡើង​ថា "​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន មិនគួរ​ព្រួយបារម្ភ​ពី​ការជួប​ប្រជុំ​របស់​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាជន​អាស៊ាន នាពេល​នេះ​ពេក​ទេ ព្រោះ​យើង​ធ្វើ​នៅ​តាម​អូ​តែ​ល ដែល​ជា​រឿងយើង​ធ្លាប់​ធ្វើ​កន្លងមក​។ យើង​ជួបប្រជុំ​នេះ ដើម្បី​ប្រមូល​មតិយោបល់​ពី​ប្រជាពលរដ្ឋ ក្នុង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ជា​ពិសេស​បញ្ហា​របស់​ប្រជាជន​នៅ​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន ដើម្បី​ដាក់ជូន​រាជរដ្ឋាភិបាល បណ្តា​ប្រទេស​អាស៊ាន ប្រជុំ​ដោះស្រាយនៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាននៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៣០​មីនា ដល់​ថ្ងៃ​ទី​២​មេសា ឆ្នាំ​២០១២"​។​

​លោក ធន សារាយ បាន​បន្ថែមថា "​គួរតែ​រាជរដ្ឋាភិបាល​កម្ពុជា បើកទូលាយ ព្រោះ​នៅ​ប្រទេស​ដទៃ ដែល​ជា​សមាជិក​អាស៊ាន គេ​អាច​ប្រជុំបាន ដោយ​គ្មាន​ការរំខាននៅក្នុង​ពេល​កន្លងមក​។ ដូច្នេះ​កម្ពុជា​គួរតែ​ធ្វើឲ្យ​មាន​ភាពចាស់ទុំ ស្រប​តាម​ប្រទេស​សេរី​ពហុបក្ស កុំឲ្យ​មាន​តែ​ឈ្មោះ​"​។​

​សូម​ រម្លឹកថា វេទិកា​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិលអាស៊ាន ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១២ នៅ​សណ្ឋាគារ ឡាក់​គី ស្តារ ក្នុង​រាជធានី​ភ្នំពេញ គឺជា​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែលមាន​ជំហរ​ឯករាជ្យ មកពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន បូក​រួម​ទាំង​កម្ពុជា​។ ចំណែក​វេទិកា​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល អាស៊ានមួយទៀត ក៏​ត្រូវបាន​ធ្វើឡើងចាប់ពី​ថ្ងៃ​ទី​២៨​មីនា ដល់​ថ្ងៃ​ទី​២៩​មីនា ឆ្នាំ​២០១២ នៅ​សាលសន្និសីទ​ចតុមុខ ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុក​ទីស្តីគណៈរដ្ឋមន្ត្រី​។​

​វេទិកា​សង្គម​ ស៊ីវិល និង​ប្រជាជន​អាស៊ាន នៅ​សាលសន្និសីទ​ចតុមុខ គឺ​មាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​។ តំណាង​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាជន​អាស៊ាន នឹង​ត្រូវ​ជួប​ជាមួយនឹង​មេដឹកនាំ​អាស៊ាន នា​រសៀល​ថ្ងៃ​ទី​៣​មេសា ឆ្នាំ​២០១២ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​៕​ S

No comments:

Post a Comment