សកម្មជនស្ត្រីបឹងកក់ ទាមទារអោយគោរពសិទិ្ធរបស់ស្ត្រីមេផ្ទះ
ដោយ ថុល ស្រីលក្ខណ៍ និង នួន បូរិន
ថ្ងៃព្រហស្បតិ៍ ទី08 មីនា ឆ្នាំ2012 ម៉ោង10:36

ស្ត្រី ៤នាក់
នៅបឹងកក់ដែលតវ៉ារឿងដីធ្លី (រូបថត ញឹម សុខន)
ពួកគាត់គឺជាសកម្មជនសិទិ្ធដីធ្លី
របស់អ្នកភូមិបឹងកក់ ដែលពួកគាត់បាននិយាយដូច្នេះ
ខណៈពួកគាត់បង្ហាញពីការប្ដេជ្ញាចិត្តក្នុងនាមជាស្ត្រីមេផ្ទះ
ត្រូវការ លំនៅដ្ឋានដើម្បីអនាគតកូនៗរបស់ពួកគាត់
ហើយថាការប្ដឹងពួកគាត់ទៅកាន់តុលាការដោយអាជ្ញាធរក្រុងភ្នំពេញ
ពីបទបរិហារកេរ្តិ៍ សំរាប់ពួកគាត់គឺចង់បានតែម៉្យាងគត់
គឺអោយរដ្ឋាភិបាល ជួយចិញ្ចឹមកូនៗរបស់គាត់
គឺគាត់សុខចិត្តទទួលយកការផ្តន្ទាទោស
ហើយទៅដេកក្នុងពន្ធនាគារ។
ការប្ដេជ្ញាចិត្តរបស់ស្ត្រីឈានមុខគេ
ក្នុងសហគមន៍បឹងកក់ បានធ្វើឡើងនៅថ្ងៃ៨ ខែមិនា ឆ្នាំ២០១២
ដែលជាខួបទិវាសិទ្ធិនារីអន្តរជាតិលើកទី១០១
ដែលរដ្ឋាភិបាលកម្ពុជា ទទួលសិទ្ធិរបស់ស្ត្រីផងដែរ។
ស្តាប់សម្លេង៖
អ្នកស្រី ទេព វន្នី
ជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រី បួននាក់ គឺមានអ្នកស្រី ហេង មុំ,
អ្នកស្រី គង់ ចន្ថា, អ្នកស្រី បូរ ឆវី ដែលរងការប្ដឹងដោយអាជ្ញាធរ
ពីបទបរិហារ និងជេរប្រមាថមន្ត្រីរាជការសាធារណៈ។ ពួកគាត់
ត្រូវបានតុលាការដំបូងរាជធានីភ្នំពេញ កោះហៅម្ដងរួចមកហើយ
កាលពីថ្ងៃទី២៣ ខែកុម្ភៈ អោយមកបំភ្លឺករណីប្ដឹងដោយមន្ត្រី
ខ័ណ្ឌ៧មករា ហើយពួកគាត់នៅតែស្ថិតនៅក្រោមការកោះហៅ ជាបន្តទៀត។
អ្នកស្រី ទេព វន្នី បានអោយដឹងទៀតថា
រឿងក្ដីរបស់ពួកគាត់ និងអាជ្ញាធរ គឺគួរអោយអស់សំណើច។
អ្នកស្រីនិយាយថា ហេតុបានជាមន្ត្រីសាធារណៈ
មិនហ៊ានទទួលយកការរិៈគន់ របស់ប្រជាពលរដ្ឋ
ហើយបែរជាប្រើប្រព័ន្ធតុលាការមួយ ដែលពិបាកទុកចិត្ត ៖
“អញ្ចឹងគឺអត់មានករណីមួយណា ដែលត្រូវថាពួកគាត់មានទោសទេ
ព្រោះគាត់ជាប្រជាពលរដ្ឋគាត់មិនដឹងទៅរត់រកអ្នកណា
មានតែទៅរកអាជ្ញាធរ ហើយគាត់ទៅដាក់ញត្តិតើខុសច្បាប់អី
គ្រាន់តែដាក់លិខិតនេះ ហើយនិងគាត់ទៅសួរ តើខុសដែរឬ?
អញ្ចឹងសុំអោយប្រព័ន្ធតុលាការ ធ្វើអីអោយឯករាជ្យ
ទៅតាមនិតិវិធីតាមផ្លូវច្បាប់ គោរពច្បាប់ជាចំបង
ដើម្បីបង្ហាញអោយប្រជាពលរដ្ឋទូទាំងប្រទេស
ក៏ដូចជាទូទាំងពិភពលោក ថាប្រព័ន្ធតុលាការពិតជាឯករាជ្យមែន”។
សំលេងប្រជាធិបតេយ្យ
មិនអាចសុំការឆ្លើយតបបានភ្លាមៗទេ
នៅថ្ងៃបុណ្យទិវានារីអន្តរជាតិ ៨មិនា ពីមន្ត្រីសាលាក្រុង
ជុំវិញការលើកឡើងរបស់ក្រុមស្ត្រីបឹងកក់។
ស្រ្តី សកម្មជនបឹងកកទាំងបួននាក់នេះ
គឺជាក្រុមស្ត្រីមេផ្ទះ
ដែលបានដឹកនាំការតវ៉ាជាច្រើនឆ្នាំមកហើយ
ក្នុងការសុំសិទិ្ធរស់នៅ ដោយគ្មានការបណ្ដេញចេញ
ហើយការតវ៉ាកន្លងមក ពួកគាត់ត្រូវបានអាជ្ញាធរចាប់ខ្លួន
យកទៅឃុំមួយរយៈ
នៅមន្ទីរឃុំឃាំងរបស់ស្នងការនគរបាលរាជធានីភ្នំពេញ។
នៅប្រទេសកម្ពុជា
បុរសជាមេគ្រួសារច្រើនតែមានមុខរបរជាអ្នករាជការ
ហើយបើជនណាមួយហ៊ានចេញមុខខ្លាំង ក្នុងការតស៊ូសហគមន៍ជននោះ
អាចនឹងធ្លាក់បុណ្យស័ក្ដ។ ករណីនេះ
គេពុំសូវឃើញបុរសនៅក្នុងសហគមន៍បឹងកក់ហ៊ានចេញមុខជាសាធារណៈ
ដូចប្រពន្ធកូននោះទេ។
អ្នកស្រី ហេង មុំ បានអោយដឹងថា
ការដែលពួកគាត់ជាស្ត្រីចេញមុខតវ៉ា ដើម្បីសិទិ្ធលំនៅដ្ឋាន
ក្នុងការជួសមុខអោយប្ដីរបស់ពួកគាត់ គឺជាប្រការមួយ ដែលពួកគាត់
គិតថា បុរសមិនមានការអត់ធ្មត់ច្រើនជាងស្ត្រីទេ
ហើយភាគច្រើនពួកគាត់ច្រើនតែប្រើហិង្សា និងម្យ៉ាងទៀត
ពួកគាត់ជាអ្នករាជការ។ អ្នកស្រី បានបញ្ជាក់ ដូចនេះ ៖
"ប្តីសុទ្ធសឹងតែជាមន្ត្រីរាជការ បើសិនជាគាត់ហ៊ានចេញតវ៉ា
ការងាររបស់គាត់ត្រូវបាត់បង់ គាត់ជាអ្នករកលុយ
ពេលណាដែលគាត់ចេញមក គឺគាត់បាត់បង់ប្រាក់ចំណូល
ម្យ៉ាងទៀតបើគាត់ចេញទៅប្រឈមមុខដូចខ្ញុំជាស្ត្រី
គាត់ត្រូវប្រឈមមុខខ្លាំងជាងខ្ញុំ
ហាក់ដូចជាខ្ញុំហ្នឹងជាប្រជាពលរដ្ឋមិនមានលុយ មិនមានអំណាច
គាត់រើសអើងប្រជាពលរដ្ឋពួកខ្ញុំ”។
នៅក្នុងរយៈពេលចុងក្រោយនេះ
គេសង្កេតឃើញស្ត្រីខ្មែរ
លិចមុខជាខ្លាំងនៅក្នុងការតស៊ូដើម្បីសិទិ្ធដីធ្លី
ហើយមានអ្នកខ្លះ ត្រូវគេចាប់ដាក់ពន្ធនាគារ
ហើយនៅពេលចូលសំរាកព្យាបាល នៅមន្ទីរពេទ្យ គឺជើងស្ត្រីនោះ
ដេកទាំងជើងជាប់ច្រវ៉ាក់ ហើយមានស្ត្រីម្នាក់ទៀត នៅស្រុកស្នួល
ខេត្តក្រចេះ ដែលចេញមុខតវ៉ាក្នុងជំលោះដីធ្លី កាលពីពេលថ្មីៗនេះ
ជាមួយក្រុមហ៊ុន TTY
ក៏រងការបាញ់ពីសំណាក់សន្តិសុខក្រុមហ៊ុននេះអោយរបួសជាទម្ងន់។
ទំនងស្រ្តីសហគមន៍បឹងកក់ទាំង
៤នាក់នេះ ក្នុងចំណោមស្ត្រីខ្មែរជាច្រើន
ដែលជាស្ត្រីមេផ្ទះអាចត្រូវបានគេរាប់ថា
ជាស្ត្រីមេផ្ទះជាតិខ្មែរ ដែលចេញមុខជាខ្លាំង ដើម្បីសេរីភាព
សំរាប់ស្ត្រីជំនាន់ក្រោយ។
សំរាប់ទិវាបុណ្យសិទិ្ធនារីអន្តរជាតិ
ថ្ងៃ៨ ខែមិនា ឆ្នាំ២០១២នេះ បានយកប្រធានបទ
គឺម្ដាយឆ្នើមរបស់ខ្ញុំ ដែលប្រធានបទនេះ ទំនងសាកសមនឹងការតស៊ូ
របស់ស្ត្រីមេផ្ទះខ្មែរ និងស្ត្រីសហគមន៍បឹងកក់ ក្នុងការតស៊ូ
ដើម្បីសិទិ្ធរស់នៅមួយសមរម្យ។
អ្នកស្រី គង់ ចន្ថា
ជាស្ត្រីម្នាក់ក្នុងចំណោម បួននាក់ បាននិយាយថា
ជាការពិតសិទិ្ធរបស់ស្ត្រីខ្មែរគួរត្រូវបានគេលើកដំកើន
ហើយសំរាប់ថ្ងៃ ៨មិនា ជាទីវា
សិទិ្ធស្រ្តីខ្មែរគួរត្រូវបានលើកស្ទួយ។ អ្នកស្រី គង់ ចន្ថា
បានអំពាវនាវទៅកាន់លោកស្រី ប៊ុន រ៉ានី
ជាភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
អោយជួយរកយុត្តិធម៌ដល់ពួកគាត់។
ទិវានារីអន្តរជាតិ៨មីនាឆ្នាំ
២០១២នេះ ជាខួបលើកទី១០១
ដែលត្រូវបានប្រជាពលរដ្ឋទូទាំងពិភពលោក
បានប្រារព្ធជារៀងរាល់ឆ្នាំ
គឺជាទិវាមួយដ៏នក្ខឫក្សរបស់ស្រ្តីទាំងឡាយក្នុងពិភព
លោករួមទាំងស្រ្តីខ្មែរផងនោះ។
បើតាមរបាយការណ៍របស់គណៈកម្មាធិការ
ឃ្លាំមើលការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅថា
Comfrel បានអោយដឹងថា ស្ត្រីខ្មែរក្នុងជីវភាពសង្គម និងនយោបាយ
មានកំរិតគួរអោយកត់សំគាល់
ប៉ុន្តែពួកគេនៅតែប្រឈមនឹងការវាយប្រហារពីអ្នកមានអំណាច
និងបុរសដែលមានឥទ្ធិពល។ លោក គុល បញ្ញា នាយកប្រត្តិបត្តិរបស់
Comfrel ជំរុញអោយរដ្ឋាភិបាល
ជួយលើកទឹកចិត្តស្ត្រីក្នុងការតស៊ូមតិ ដើម្បីការផ្លាស់ប្ដូរ។
សំរាប់អ្នកស្រី ទេព វន្នី
រួមទាំងសកម្មជនស្ត្រីបឹងកក់ រាជធានីភ្នំពេញ បីនាក់ទៀត
ដែលរងការប្ដឹងពីបទបរិហារកេរ្តិ៍ជេរប្រមាថមន្ត្រី
សាលារាជធានីភ្នំពេញ សង្ឃឹមថា
តុលាការនឹងកាត់ក្ដីអោយក្រុមរបស់អ្នកស្រីឈ្នះក្ដី
ហើយពេលនោះតុលាការកម្ពុជា លែងត្រូវបានគេរិៈគន់ថា
រងឥទ្ធិពលរបស់អ្នកមានអំណាចទៀតហើយ ៖
"បើសិនជាតុលាការលោកឯករាជ្យ
គាត់ត្រូវតែកាត់ក្តីអោយពួកខ្ញុំឈ្នះ
ព្រោះពួកខ្ញុំជាអ្នករងគ្រោះ។
ហើយពួកបងដែលជាប្រជាពលរដ្ឋស្ត្រីស្លូតត្រង់
មិនដឹងថាមានអំណាចអី ទៅអោយគេថាអោយកាត់ក្តីអោយយុត្តិធម៌
ហើយតុលាការគាត់អាចលំអៀង អាហ្នឹងមិនដឹងធ្វើម៉េចទេ
មានតែអោយគាត់ហ្នឹងមកតតាំងជាមួយពួកបង ធ្វើកិច្ចសន្យាទៅ”។
No comments:
Post a Comment