Tuesday, February 14, 2012

មន្រ្តី​អាមេរិក​បដិសេធ​អះអាង​របស់​ទ្វីត​ធើរ​ពី​ការ​ស្លាប់​របស់​ គីមជុងអ៊ុន


ក្រុង​ញូវយ៉កៈ កាសែត New York Daily ​បាន​រាយការណ៍​ថា​ក្រុម​មន្រ្តី​យោធា​អាមេរិក បាន​បដិសេធ​ពាក្យ​ចចាម​អារ៉ាម​ជា​ច្រើន​ដែល​ថា​ មេដឹកនាំ​កូរ៉េ​ខាង​ជើង​គេ​លើក​បន្តុប​ថ្មី​ៗ លោក គីម ជុងអ៊ុន ត្រូវ​គេ​ធ្វើ​ឃាត​ក្នុង​អំឡុង​ពេល​នៃ ដំណើរ​ទស្សនកិច្ច​ទៅ​ចិន​។
ក្រុម​មន្រ្តី បាន​ប្រាប់​គេហទំព័រ​ CNN.com ​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ថា ពួក​គេ​មិន​បាន​រក​ឃើញ​ភស្តុតាង​ណា​មួយ​ថា​«​មេដឹកនាំ​កំពូល​»ម្នាក់​នេះ ត្រូវ​បាន​គេ​សម្លាប់​ទេ​ ថ្វី​បើ​មនុស្ស​ជា​ច្រើន កំពុង​តែ​វីវក់​នឹង​ដំណឹង​ចចាម​អារ៉ាម​នេះ​ក្តី។
មន្រ្តី​ម្នាក់ បាន​ប្រាប់​ស៊ីអិនអិន​ថា​៖«​ជា​មួយ​គេហ​ទំព័រ​សង្គម​នោះ អ្នក​មិន​មាន​អ្វី​ប្រាកដ​១០០%ទេ​ ប៉ុន្តែ​យើង​មិន​ទាន់​បាន​ឃើញ​ភស្តុតាង​ណា​មួយ​ក្នុង​រឿង​នោះ​ទេ»។
មន្រ្តី​អាមេរិក​ម្នាក់​ទៀត ដែល​វិទ្យុ ABC ទាក់ទង បាន​និយាយ​ថា​៖«​ក្រុម​អ្នក​ជំនាញ​របស់​យើង កំពុង​តែ​តាម​ដាន​ស្ថានភាព​នេះ​ ហើយ​យើង​មិន​ឃើញ​សកម្មភាព​មិន​ប្រក្រតី​ណា​មួយ​ទេ​នៅ​លើ​ឧបទ្វីប កូរ៉េ និង​គ្មាន​អ្វី​ជា​ទំនុក​ទុក​ចិត្ត​ថា ការ​អះអាង​របស់​គេហ​ទំព័រ​ទ្វីត​ធើរ នេះ ​ជា​រឿង​ពិត​នោះឡើយ​។
រឿង​នេះ មាន​ដំណើរ​ថា ក្រុម ឃាតក បាន​សម្រុក​ចូល​ក្នុង​បន្ទប់​របស់​ជន​ផ្តាច់​ការ​រូប​នេះ ហើយ​ក៏​បាន​បាញ់​គាត់​។ ពាក្យ​ចចាម​អារ៉ាម​នោះ បាន​ចាប់​ផ្តើម​នៅ​លើ​គេហ​ទំព័រ​ Weibo នៅ​ចិន​មុន​គេ  បន្ទាប់​មក​ក៏​បង្ហោះ​ក្នុង​គេហ​ទំព័រ ទ្វីតធើរ​(Twitter) ដែល​វា​បាន​រាលដាល​ដល់​គណនី​ព័ត៌មាន​ ទូរទស្សន៍BBC ធ្វើ​ឲ្យ​ដំណឹង​នោះ​កាន់​គួរ​ឲ្យ​ជឿជាក់​។
របាយការណ៍​ផ្សេង​ទៀត អះអាង​ថា ទោះ​បីជា​លោក ជុងអ៊ុន​មិន​បាន​ស្លាប់​ក្តី​ ក៏​រដ្ឋ​ប្រហារ​កំពុង កើន​ឡើង​ប្រឆាំង​នឹង​លោក​ដែរ​។
ភាព​វ័យ​ក្មេង និង​ការ​ខ្វះ​ពិសោធ​ខាង​យោធា​របស់​លោក បាន​បន្ថែម​ ទម្ងន់​នៃ​ការ​អះអាង​ថា ក្រុម​ឧត្តមសេនីយ៍​សក់​ល្បាយ​អាចម៍​ខ្លា អាច ទម្លាក់​លោក​ចេញ​ពី​អំណាច​។
ពិភពលោក ក៏​មិន​បាន​ដឹង​ពី​ការ​ស្លាប់​របស់​ឪពុក​លោក​ដែរ​ រហូត​ដល់​មួយ​ថ្ងៃ​ក្រោយ​ពី​លោក មាន​ជំងឺ​គាំង​បេះដូង រហូត​ដល់​ស្លាប់​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន​។
ពាក្យ​ចចាម​អារ៉ាម​នោះ បាន​លេច​ឮ បន្ទាប់​ពី​សកម្មភាព​រំជើប​រំជួល​មិន​ធម្មតា​នៅ​ឯ​ស្ថានទូត​កូរ៉េ​ខាង​ជើង ក្នុង​ក្រុង​ប៉េកាំង​។ អ្នក​ប្រើ​អ៊ីនធឺណិត បាន​ពណ៌នា​ថា​ឃើញ​មាន​ឡាន​តូច និង​រថយន្ត​សង្គ្រោះ​បន្ទាន់​មួយ​ចំនួន​ធំ ​ទើប​បង្ក​ពាក្យ​ចចាម​អារ៉ាម​ថា លោក គីម ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ទៅ​ចិន បាន​ស្លាប់​។
កាសែត Tha National Post រាយការណ៍​ថា រថយន្ត​ដ៏​ច្រើន​ដែល​ចត​នៅ​ឯ​ស្ថានទូត​នោះ គឺ​ដើម្បី​ធ្វើ​ពិធី​ខួប​កំណើត​៧០​ឆ្នាំ​របស់​សព​លោក​គីម ជុងអ៊ីល។ ពលរដ្ឋ​ចិន​មិន​សូវ​ស៊ាំ​នឹង​ឃើញ​មនុស្ស​ច្រើន​នៅ​ស្ថានទូត​ទេ ទើប​បាន​ជា​ម៉ៃ​ទៅ​រក​តែ​ផ្លូវ​អាក្រក់​៕ NR

No comments:

Post a Comment