បក្សសមរង្ស៊ី រំពឹងថា ខ្លួននឹងកើនសំឡេងថែមទៀត
- Monday, 06 February 2012 12:02
- មាស សុខជា
ភ្នំពេញៈ គណបក្ស សម រង្ស៊ី រំពឹងថា ខ្លួននឹងអាចដណ្តើមបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ បន្ថែមទៀត ពីគណបក្សប្រជាជននៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅខែមិថុនា ខាងមុខនេះ បន្ទាប់ពីខ្លួនបានឈ្នះអាសនៈ១១ ក្នុងការបោះឆ្នោតព្រឹទ្ធសភារួចមក។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា គណបក្ស សម រង្ស៊ី បានបង្កើនអាសនៈក្នុងព្រឹទ្ធសភាពី ២ ទៅ ១១ ដែលនេះ បញ្ជាក់ឲ្យឃើញថា គណបក្ស សម រង្ស៊ី នឹងអាចឈ្នះអាសនៈសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ច្រើនថែមទៀត ពីគណបក្សប្រជាជន ព្រោះគណបក្សប្រជាជន កំពុងដើរលើបន្ទាត់នយោបាយដ៏គ្រោះថ្នាក់ ដោយសារការបណ្តេញប្រជាពលរដ្ឋចេញដីធ្លី។ លោក បញ្ជាក់ថា៖ «គោលនយោបាយរបស់យើង គឺជាគោលនយោបាយដែលប្រជាជនចង់បាន។ យើងការពារព្រំដែន មិនអនុញ្ញាតឲ្យបរទេសឈ្លានពានជាដាច់ខាត ជាពិសេស [វៀតណាម] ដែលកំពុងដាំបង្គោលព្រំដែនឈ្លានពានលើដីខ្មែរ»។
លោកបានអះអាងទៀតថា គណបក្ស សម រង្ស៊ី ប្រឆាំងនឹងការរំលោភសិទិ្ធមនុស្ស មិនអនុញ្ញាតឲ្យមានការចាប់យកដីធ្លីរបស់ប្រជាជនដោយខុសច្បាប់ ទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីម្សិលមិញ តំណាងរាស្រ្តគណបក្សប្រឆាំង បានចំអកគណបក្សកាន់អំណាចថា ប្រសិនបើសមាជិកក្រុមប្រឹក្សា ៥០ ភាគរយ របស់គណបក្ស ខ្លួន បានបោះឆ្នោតឲ្យគណបក្សកាន់អំណាច នោះគណបក្សប្រឆាំងនឹងបាត់បង់អាសនៈព្រឹទ្ធសភា។
ដោយផ្អែកលើលទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភា គណបក្សសមរង្ស៊ី ថ្លែងថា អំពើពុករលួយ និងការបំភិតបំភ័យ មិនអាចបំបាក់ស្មារតីរបស់មនុស្សបានទេ ហើយចំអកថា លទ្ធផលនេះ បានធ្វើឲ្យលោក «ហ៊ុន សែន ខកចិត្ត និងខឹងយ៉ាងខ្លាំង»។ សេចក្តីថ្លែងនោះ បានអះអាងថា៖ «លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខឹងយ៉ាងខ្លាំងនឹងទីប្រឹក្សារដ្ឋាភិបាល និងអភិបាលខេត្តជាច្រើននាក់ ដែលមុនពេលបោះឆ្នោត បានធានាលោកថា គណបក្ស សម រង្ស៊ី នឹងមិនឈ្នះអាសនៈព្រឹទ្ធសភាមួយឡើយ»។
ប៉ុន្តែ លោក ជាម យៀប តំណាងរាស្រ្ត គណបក្សប្រជាជនបានអះអាងថា គណបក្ស សម រង្ស៊ី មិនមានប្រជាប្រិយភាពជាងគណបក្សប្រជាជនឡើយ ដោយថ្លែងថា៖ «កន្លែងដែលសម រង្ស៊ី យកបានគឺអាសនៈរបស់គណបក្ស នរោត្តម រណឫទិ្ធ។ វាមិនមែនជាសេចក្តីស្មោះត្រង់ ឬទំនុកចិត្តពីប្រជាជនទេ។ នេះជាសំណាង ដែលគាត់ទទួលបាន»។
លោកបានពន្យល់ថា មានតែគណបក្សពីរប៉ុណ្ណោះគឺ គណបក្សប្រជាជន និងគណបក្ស សម រង្ស៊ី ដែលចូលរួមការបោះឆ្នោត ហើយគណបក្ស ប្រជាជនបានទទួលសំឡេងកើនឡើង ៧៩៧ សំឡេង ហើយគណបក្ស សម រង្ស៊ី បានបាត់បង់ ១៧៩ សំឡេង ដូច្នេះវានៅតែបញ្ជាក់ថា គណបក្ស ប្រជាជន នៅតែឈ្នះលើគណបក្ស សម រង្ស៊ី។ លោកបានលើកឡើងទៀតថា៖ «ខ្ញុំសូមជម្រាបថា ការបោះឆ្នោតព្រឹទ្ធសភា ជាមូលហេតុនៃការបោះឆ្នោតឃុំ សង្កាត់ ហើយការបោះឆ្នោតឃុំ សង្កាត់ជាលទ្ធផលដែលយើងអាចព្យាករ ពីលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០១៣ ខាងមុខនេះ ដូច្នេះ យើងមិនបារម្ភអ្វីទេ»៕ TK
No comments:
Post a Comment