អង្គវង្ស វឌ្ឍានា ឲ្យអយ្យការអមតុលាការក្រុងភ្នំពេញបំភ្លឺរឿងចាប់អ្នកភូមិបុរីកីឡា ១០នាក់
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក អង្គវង្ស វឌ្ឍនា បានបង្គាប់ឲ្យតំណាងអយ្យការអមតុលាការក្រុងភ្នំពេញធ្វើរបាយការណ៏ បំភ្លឺលំអិត ករណីចោទ និងចាប់ឃុំខ្លួនអ្នកភូមិបុរីកីឡាចំនួន១០នាក់ អំឡុងការប៉ះទង្គិចគ្នាជាមួយអាជ្ញាធរកាលពីថ្ងៃទី៣មករាកន្លង ទៅ ។
ក្នុងលិខិតមួយច្បាប់របស់ក្រសួងយុត្តិធម៌ កាលពីម្សិលមិញបានបញ្ជាក់ថា អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើរបាយការណ៍បំភ្លឺ ដូចមានក្នុងលិខិតលេខ ៤៤ អ យ ឆ ចុះថ្ងៃទី ១៩ខែមករា ឆ្នាំ២០១២ ដែលបានថតចំលងជូនភ្ជាប់មួយច្បាប់ ។ ប៉ុន្តែយ៉ាងណាក៏ដោយលិខិតរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មិនបានបញ្ជាឲ្យដោះលែងអ្នកភូមិបុរីកីឡាចំនួន១០នាក់ ដែលអាជ្ញាធរចាប់ បញ្ជូនឲ្យតុលាការចោទប្រកាន់ និងឃុំខ្លួនដាក់ពន្ធនាគារ ក្រោមបទប្រើហិង្សាដោយចេតនា និង បទប្រឆាំងមន្ត្រីសាធារណៈ នោះទេ។
ការអន្តរាគមន៏របស់ក្រសួងយុត្តិធម៌នេះបានធ្វើឡើង បន្ទាប់ពីមានការស្នើសុំពីតំណាងសម្ព័ន្ធនៃអង្គការមិនមែន រដ្ឋាភិបាល ឲ្យដោះលែងក្រុមអ្នកភូមិទាំងនោះ និង ទាមទារឲ្យបញ្ឈប់ការចាប់ខ្លួន អ្នកតវ៉ាក្នុងសំណុំរឿងដីធ្លីបន្តទៀត ។ ដោយបានចាត់ទុកថា ការចាប់ខ្លួនបែបនេះគឺជាសកម្មភាពនៃការរំលោភសិទ្ធិមនុស្ស ធ្ងន់ធ្ងរ ៕
No comments:
Post a Comment