BABC រិះគន់គម្រោងស្តារផ្លូវដែកដ៏ចម្រូងចម្រាស
- Tuesday, 14 February 2012 12:01
- ឃុត សុភចរិយា-Mary Kozlovski
ភ្នំពេញៈ អង្គការមិនមែនរដ្ឋាភិបាលមួយបានរិះគន់ចំពោះគម្រោងស្តារផ្លូវដែក ដ៏ចម្រូងចម្រាស ដែលផ្តល់ហិរញ្ញវត្ថុជាចម្បងពីធនាគារអភិវឌ្ឍន៍អាស៊ី និង AusAID នៅក្នុងរបាយការណ៍ថ្មីមួយដែលអះអាងថា គម្រោងតម្លៃ ១៤៣ លានដុល្លារនេះបានធ្វើឲ្យពលរដ្ឋជាច្រើនគ្រួសារប្រឈមនឹងហានិភ័យនៃ ភាពក្រីក្រ ដោយសារពុំមានការផ្តល់សំណងរុះរើលំនៅដ្ឋានបានសមរម្យ។
ក្នុងរបាយការណ៍អង្គការ Bridges Across Borders Cambodia(BABC) ដែលទទួលបាន បានឲ្យដឹងថា ការយល់ឃើញក្នុងចំណោមពលរដ្ឋជាច្រើនដែលបានផ្តល់បទសម្ភាស ថាពួកគេបានធ្លាក់ក្នុងសភាពលំបាកតោកយ៉ាកព្រោះតែគម្រោងនេះ។ របាយការណ៍នោះបញ្ជាក់ថា ពលរដ្ឋ ៤.១៦៤ គ្រួសារដែលកំពុងរស់នៅតាមបណ្តោយផ្លូវរថភ្លើង ទីបំផុតអាចប៉ះពាល់ដោយសារគម្រោងនេះ ជាមួយពលរដ្ឋយ៉ាងតិច១ ២០០ គ្រួសារ ដែលតម្រូវឲ្យរុះរើផ្ទះសម្បែងចេញ។
នាយកប្រតិបត្តិអង្គការ BABC លោក David Pred បានថ្លែងតាមសារអេឡិចត្រូនិកថា ខណៈមានភាពប្រសើរឡើងក្នុងពេលចុងក្រោយនេះ បញ្ហាក្នុងការរុះរើលំនៅដ្ឋាននៅតែមាន។ លោកបញ្ជាក់ថា៖ «បញ្ហាជាលក្ខណៈប្រព័ន្ធសំខាន់បំផុតនៃការសងសំណងមិនល្មមគ្រប់គ្រាន់ និងការបាត់បង់ប្រាក់ចំណូលដែលរុញច្រានអ្នកទាំងនោះឲ្យវ័ណ្ឌកនឹង បំណុល ពុំត្រូវបានដោះស្រាយ ហើយបញ្ហានេះហើយដែលបង្កជាហានិភ័យដ៏ធំ ធ្វើឲ្យគ្រួសាររងការប៉ះពាល់កាន់តែក្រីក្រ»។
របាយការណ៍នោះបន្តថា ៖ «គ្រួសារពលរដ្ឋប៉ះពាល់ជាច្រើនពើបប្រទះនឹងផលអាក្រក់ និងការធ្លាក់ចុះនៃកម្រិតជីវភាពរស់នៅ ដោយសារតែការមិនអនុវត្តទៅតាមគោលនយោបាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ស្តីពីការរុះរើចេញដោយស្ម័គ្រចិត្ត។ ផលអាក្រក់ដែលកើតឡើងនេះ ក៏អាចមានតម្លៃស្មើនឹងការបំពានសិទ្ធិមនុស្សអន្តរជាតិ»។ របាយការណ៍នោះក៏អំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ការផ្លាស់ប្តូរលំនៅដ្ឋាន រហូតដល់កាតព្វកិច្ចសិទ្ធិអន្តរជាតិ និងគោលនយោបាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវបានប្រកាន់ខ្ជាប់ ពិនិត្យមើលសំណងឡើងវិញ និងធានាផ្តល់ឲ្យនូវហេដ្ឋារចនាសម្ព័ន្ធនានា ដល់ទីតាំងថ្មីត្រូវរើទៅរស់នៅទាំងនោះ។
ក្រុមមន្ត្រីមកពីក្រសួងសាធារណការ និងដឹកជញ្ជូនមិនអាចទាក់ទងសុំការបំភ្លឺបានទេ ពីថ្ងៃចន្ទ។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃក៏មិនអាចទាក់ទងបានដែរ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងថា លោកពុំបានដឹងអ្វី ដែលកំពុងកើតឡើងជាមួយបញ្ហារុះរើលំនៅដ្ឋាននេះឡើយ។
ធនាគារអភិវឌ្ឍន៍អាស៊ីបានថ្លែងក្នុងសេចក្តីថ្លែងការណ៍តាមសារ អេឡិចត្រូនិកថា បញ្ហាទាំងនេះកំពុងត្រូវបានដោះស្រាយដើម្បីធានាថា នៅទីបញ្ចប់នៃដំណើរការនេះ គ្រួសារទាំងអស់ដែលប៉ះពាល់ដោយសារការរុះរើលំនៅដ្ឋាននឹងមាន ភាពប្រសើរជាងស្ថានភាពគេពីមុន។សារនេះបន្តថា គ្រួសារដែលបានរើលំនៅដ្ឋាននឹងទទួលបានកម្មសិទ្ធិស្របច្បាប់លើដីនោះ ក្រោយពីរស់នៅ៥ឆ្នាំ ហើយសេវាមូលដ្ឋាន អគ្គិសនី និងទឹកស្អាតនៅទីតាំងថ្មីនោះ កំពុងតែបង្កើតឡើង។
អ្នកនាំពាក្យស្ថានទូតអូស្ត្រាលីប្រចាំនៅភ្នំពេញបានថ្លែងតាមសារ អេឡិចត្រូនិកថា តាំងពីចុងឆ្នាំ ២០១០ មក គេឃើញមានភាពប្រសើរឡើងជាច្រើន លើផ្នែកសេវាកម្ម នៅទីតាំងថ្មីទាំងនោះ សំណង ការសម្តែងទុក្ខលំបាក និងការជួយជាប្រាក់សម្រាប់ការរកចំណូល។
អ្នកស្រី ឡុង វណ្ណី អាយុ ៥៣ ឆ្នាំដែលបានរើពីភូមិទួលសង្កែទៅកាន់ភូមិត្រពាំងអញ្ចាញក្នុងខណ្ឌដង្កោ បានប្រាប់ថា ទីតាំងថ្មីប្រសើរជាងទីកន្លែងរស់នៅចាស់គាត់ ប៉ុន្តែ គាត់ជាប់បំណុលអ្នកជិតខាងមួយពាន់ដុល្លារពីការសង់ផ្ទះ និងបើកកន្លែងលក់ដូរកំប៉ិកកំប៉ុក។ គាត់ថា គាត់បានដីឡូតិ៍ធំជាងមុន មានទឹក អគ្គិសនី និងបន្ទប់ទឹក ព្រមទាំងប្រាក់សំណងជាង ៩០០ដុល្លារ ប៉ុន្តែទីតាំងថ្មីនេះឆ្ងាយពីសាលារៀន និងមណ្ឌលសុខភាព ផ្លូវថ្នល់ក៏លំបាកធ្វើដំណើរ ហើយគាត់ក៏បានឲ្យកូនស្រីឈប់ទៅរៀនហើយ៕ CR
No comments:
Post a Comment