Tuesday, January 22, 2013


សកម្ម​ជន​ដីធ្លី​នៅ​ភ្នំ​ពេញ សម្រក់​ទឹក​ប៉ាកា​រៀប​រាប់​ទុក្ខ​លំបាក​ និង​ភាព​អយុត្តិ​ធម៌​ក្នុង​សង្គម​ខ្មែរ

បោះពុម្ព
yong-sophan-by-loun-sovath
អ្នកស្រី យ៉ោម បុប្ផា សកម្មជន​ដីធ្លីនៅ​តំបន់​បឹងកក់​ ដែល​ជាប់​ពន្ធនាគារ
បទ​ចម្រៀង «នេះ​ជា​កម្មអូន» ដែល​ប្រជាជន​កម្ពុជា​ទូទៅ ស្គាល់​ថា ជា​បទ «សាហាវ​​បំផុត ដុត​​មនុស្ស​​ទាំង​រស់» ច្រៀង​ដោយ​អ្នក​ស្រី​​ប៉ែន រ៉ន និង​លោក ស៊ិន ​ស៊ីសាមុត តាំង​​​ពី​ទស​វត្ស​រ៍​​ទី​៦០ ដែល​​រៀប​រាប់​ពីកា​រ​ធ្វើ​ទារុណ​កម្ម​លើ​ស្រ្តី​ម្នាក់ ដោយ​ការ​​ដុត​​នឹង​​ភ្លើង។ តែ​​បទ​​ចម្រៀង​​​នេះ ធ្វើ​ឲ្យ​​​សកម្មជន​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ​ម្នាក់ ដែល​ជួប​​ប្រទះ​​នឹង​​ការ​​រំលោភ​​យក​​​ដី និង​​​រង​​​ការ​​ចាប់​​ដាក់​ពន្ធនាគារ បាន​សម្រក់​ទឹក​ស្លា​ប៉ាកា រាប់​រយ​តំណក់ រៀប​រាប់​ពី​ទុក្ខ​លំបាក និង​​ភា​ព​​អយុត្តិ​​ធម៌ ​ដែល​កើត​ឡើង​ចំពោះ​ខ្លួន និង​គ្រួសារ តាម​លំនាំ​ភ្លេង​បទ​ចម្រៀង​នេះ។
បទចម្រៀងនេះ មានចំណងជើងថា «ឈឺចាប់​គ្មាន​យុត្តិ​ធម៌» និពន្ធ​ដោយ អ្នក​ស្រី យ៉ោម បុប្ឋា ជា​​សកម្ម​ជន​​ដីធ្លី​បឹង​កក់ ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​​នឹង​ការ​បណ្តេញ​ចេញ។ បទ​ចម្រៀង​នេះ ផ្តើម​​ដោយ​​ឈឺចាប់​អ្វី​ម្ល៉េះ ស្តាយ​ជាតិ​នេះ​អភ្វ័ព រស់​គ្មាន​យុត្តិ​ធម៌។
អត្ថ​​ន័យ​បទ​​ចម្រៀង ​ បង្កប់​​នូវ​​ក្តី​​ឈឺ​ចាប់ និង​ទុក្ខ​លំបាក​របស់​​សកម្ម​ជន​​ត​វ៉ា​​រឿង​​បញ្ហា​​ដី​ធ្លី​នៅ​​តំបន់​​​បឹង​​កក់ ដែល​​​​មាន​ជម្លោះ​ជាមួយ​ក្រុម​ហ៊ុន ស៊ូកា​កូអ៊ីន តាំង​ពី​ឆ្នាំ​២០០៧។
ស្តាប់សំឡេង៖     
អ្នក​​ស្រី​ យ៉ោម បុប្ផា ជាអ្នករងគ្រោះម្នាក់ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​​ផ្សេង​​ទៀត​ ដែល​មិន​ទាន់​ព្រម​ទទួល​សំណង​ពី​ក្រុម​ហ៊ុន។ អ្នក​ស្រី​​បាន​និ​ពន្ធ​បទ​​ចម្រៀង​ចំនួន​​៣​​បទ​​ ​ពេល​​ដែល​អ្នក​ស្រី​ជាប់​ឃុំឃាំង​ក្នុង​​ពន្ធនាគា​រ​ព្រៃ​ស​។ ចម្រៀង​បី​បទ​នោះ រួម​មាន ​ «ឈឺ​​ចាប់​​​គ្មា​ន​​​​យុត្តិ​ធម៌» «តើ​ថ្ងៃណា​ទៅ​ទើប​​មាន​​សេរី» និង ​«ជី​វិត​​ដូច​​ចាប​​ក្នុង​​ទ្រុង»។
បទ​ចម្រៀង​ទាំង​នេះ ត្រូវ​បាន​ប្រជាសហគមន៍​បឹង​​កក់ ច្រៀងនៅ​ថ្ងៃ​បុណ្យ​​សិទ្ធិ​​មនុស្ស​១០ធ្នូ កាល​​ពី​ឆ្នាំ២០១២ និង​​តវ៉ា​​ឲ្យ​ដោះ​លែង​​អ្នក​ស្រី យ៉ោម បុប្ឋា​ នៅ​មុខសាលា​ឧទ្ធរណ៍​។ តែ​ចម្រៀង​ប៉ុន្មានបទនេះ មិនបាន​បន្ទន់​ចិត្ត​មន្រ្តី​តុលាការ និងមន្រ្តីរដ្ឋាភិបាល ឲ្យ​ជួយ​​អន្ត​រា​គមន៍​​​អ្នក​ស្រី​ឲ្យរួចពីការឃុំឃាំងទេ។
វ័យ២៩​ឆ្នាំ អ្នក​ស្រី​ យ៉ោម បុប្ផា ជា​កូន​ទី​៣ នៅ​ក្នុង​គ្រួសា​ដែល​មាន​បង​ប្អូន​៤​នាក់។ អ្នក​ស្រី​មាន​​កូន​ប្រុស​ម្នាក់ឈ្មោះ​ លី​ ហួរ អាយុ​​​៨​ឆ្នាំ និង​​ស្វា​មីឈ្មោះ លួស សាខន។ បន្ទាប់​ពី​​អាជ្ញា​ធរ​​រាជធានី​ភ្នំ​ពេញ​ បាន​​ចាប់​ខ្លួន​សកម្មជន​​ដី​ធ្លី​នៅ​​តំ​បន់​​បឹង​កក់​​ចំនួន​១៥​​​នាក់​ ដាក់​​ពន្ធនាគារ​​កាល​​​​ពី​ថ្ងៃ​​ទី​២២ ខែ​​ឧសភា ឆ្នាំ​២០១២ អ្នក​ស្រី យ៉ោម ​បុប្ផា ដែល​មិន​សូវ​ចេញ​មុខ​​តតាំង​​ជា​មួយ​​អាជ្ញាធរ បាន​​ប្រ​មូល​ផ្តុំ​ប្រ​ជា​សហគមន៍ ស្វែង​​រក​អន្តរាគមន៍​ និង​ស្វែង​រក​ដំណោះ​ស្រាយ​ ដើម្បី​​​ឲ្យ​ដោះ​​​លែង​​តំណាង​​របស់​​គាត់​​មក​​វិញ។
លោក ​លួស សាខន វ័យ​៥៦​ឆ្នាំ ជា​​ប្តី​​របស់​​អ្នក​​ស្រី ​យ៉ោម បុប្ផា។ សុខ​ភាព​របស់​​លោក​​បច្ចុ​ប្បន្ន មិន​សូវ​ជា​ល្អ​ទេ។ លោក​មាន​ប្រសាសន៍​ថា ​កន្ល​ង​​មក ប្រ​ពន្ធ​​របស់​​គាត់​ជា​​ស្រ្តី​​ម្នាក់​ ដែល​​មិន​​សូវ​​ក្លា​ហាន ចេញ​​មុខ​​ត​វ៉ា​ តែ​​គាត់​​បាន​ផ្លាស់​​ប្តូរ​​​នៅ​​ពេល​​ជួប​​បញ្ហា​ការ​បណ្តេញ​ចេញ​នៅ​​តំបន់​​បឹង​​កក់។ លោកបានរៀបរាប់បន្តថា ការ​ជាប់​ពន្ធនាគារ​របស់​​ប្រ​ពន្ធ​​គាត់ មិន​មែន​ដោយ​សារ​​​មាន​​ជម្លោះ​​ជា​មួយ​​អ្នក​រត់​ម៉ូតូ​ឌុប​នោះ​ទេ គឺ​ដោយ​សារ​តែ​គាត់​​តវ៉ា​​ប្រ​ឆាំង​​នឹង​​មន្រ្តី​​រដ្ឋាភិ​បា​ល ទាមទារ​ឲ្យ​​ដោះ​លែង​​អ្នក​​បឹង​កក់​​ទាំង​​១៣​នាក់​ ឲ្យ​មាន​​សេ​រី​ភាព​​មក​​វិញ ៖ "ខ្ញុំ​យល់តែម្ត​ង​ក្នុង​រឿង​ការនេះ​គឺ​ដោយ​សារ​ប្រពន្ធខ្ញុំ​គឺជា​សម្ម​ជនដីធ្លី តវ៉ា​នៅ​ក្នុង​តំបន់​បឹង​កក់​​​គេស្អប់​ដើម្បី​រក​លេស​នេះ​ លេស​​នោះដើម្បី​ចាប់ប្រពន្ធខ្ញុំ​ដាក់​ពន្ធ​នាគារ​ ដើម្បីព្រមាន​ដល់​អ្នក​ភូមិ​បឹង​កក់​ ក្រោយៗ​ទៀត​លែង​ហ៊ាន​​​តវ៉ា​​"។​
អង្គុយលើគ្រែ រនាបឬស្សី ពេលព្រឹកម៉ោង​ប្រមាណ​ជាប្រាំបី អ្នក​ស្រី សាបូ សុត វ័យ​៥៩​​ឆ្នាំ ជា​ម្តាយ​​​របស់​អ្នក​ស្រី​​យ៉ោម​ បុប្ផា។ អ្នក​ស្រី ដំណាលខ្សាវៗ​ពីកូន​ស្រី​​ជាមួយ​ទឹកភ្នែក​ផង​នោះ​ថា តាំង​ពីតូច​​ដល់​ធំ​​មិន​​ដែល​​មាន​​បញ្ហា​​ជា​មួយ​​អ្នក​ណា​​នោះ​ទេ។ អ្នក​ស្រី​​បន្ត​​ថា ការ​​ចាប់​កូន​ស្រី​របស់​​​គាត់​​ពិត​​ជា​អយុត្តិ​ធម៌​​បំ​ផុត ព្រោះ​កូន​របស់​គាត់​ជា​​មនុស្ស​ស្រី​ទន់​ខ្សោយ មិន​អាច​ទៅ​វាយ​ធ្វើ​បាប​គេ​នោះទេ ៖ "កូន​ស្រីខ្ញុំ​​ អត់​បានធ្វើ​កំហុស​អី​ ទាស់​ខុសទេ គឺ​នេះ​ជាគោល​គំនិត​របស់អាជ្ញាធរ​ដែន​ដី​ ដើម្បី​ធ្វើ​បាប​គាត់​​​កូ​ន​ស្រីខ្ញុំ ព្រោះ​​កូន​ស្រី​ខ្ញុំជាសកម្ម​ជន​ដីធ្លី​ ចេញ​មុខ​ចេញ​មាត់​ដើម្បី​តវ៉ា​រឿង​ដីធ្លី​"។
អ្នក​ស្រី​ យ៉ោម បុប្ផា​ ត្រូវ​កម្លាំង​រដ្ឋាភិបាល​ចាប់​ខ្លួន​ នៅ​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១២ ដោយ​ចោទ​ពី​បទ​​​ប្រើ​​ហិង្សា​ដោយ​​ចេតនា​ ​មាន​ស្ថាន​ទម្ងន់​ទោស និង​ត្រូវបានកាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​​រយៈ​​ពេល​៣​ឆ្នាំ ដោយ​ពិ​ន័យ​ជា​ប្រាក់​ចំនួន ១០លានរៀល។ បន្ទាប់​ពី​នោះ​​មក ​ប្រ​ជា​សហ​គមន៍​​នៅ​ក្នុង​តំបន់​បឹងកក់ បាន​ស្វែង​រក​អន្តរា​គមន៍​ពី​ស្ថា​ប័ន​ជាតិ​ និង​​អន្តរ​ជាតិ ឲ្យ​ដោះ​​លែង អ្នក​ស្រី ​យ៉ោម បុប្ផា មក​វិញ ៖ "ចាប់​ប្រជា​ពលរដ្ឋ​មក​ដាក់​គុក ដែល​គ្មាន​កំហុស​ ប្រព័ន្ធ​តុលាការ​ត្រូវ​តែ​កែ​ប្រែ​ឡើង​វិញ​"។
កាល​ពីថ្ងៃទី​២០​ខែធ្នូ​ ឆ្នាំ២០១២​ អង្គ​ការ​លើក​លែង​ទោស​អន្តរ​ជាតិ ​(Amnesty International) ​អំពាវ​នាវ​ជា​លើក​ទីពីរ​ឲ្យ​កម្ពុជា​ដោះ​លែង​អ្នកស្រី​យ៉ោម បុប្ឋា និងសកម្មជនបុរីកីឡា អ្នកស្រី ទឹម សាក់មុន្នី ជា​បន្ទាន់​​ និង​គ្មាន​​លក្ខ​ខណ្ឌ។ អង្គការ​លើកលែង​ទោស​​​អន្តរ​ជាតិ​ និយាយ​ថា ​សកម្ម​ជន​​ដីធ្លី​​ពីរ​​នាក់​នោះ​ ត្រូវ​​តែ​​ដោះ​​លែង​​ជា​​បន្ទាន់​ និង​​គ្មាន​​លក្ខ​​ខណ្ឌ។​ អង្គ​ការ​នោះ​ បន្ត​ថា ​អាជ្ញាធរ​​កម្ពុជា​​ព្យា​យាម​បំបិទ​សំឡេង​​​សកម្ម​ជន​ដីធ្លី​ទាំង​ពីរ​​នាក់​ ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​សម្រាប់​សហគមន៍​របស់​ពួកគេ។​
កន្លង​មកកូន​ប្រុស​របស់​អ្នក​ស្រី​ យ៉ោម ​បុប្ផា កុមា​រា លីហួរ អាយុ​៨ឆ្នាំ បាន​យំ​រហូត​​ដល់​​សន្លប់ ពេល​តុ​លាការ​​សម្រេច​​កាត់​ទោស​ម្តាយ​​របស់​​គេ។ កុមារា ដែលកំពុងស្ថិតក្នុងវ័យសិក្សានេះ ទទូច​​ទៅ​តុ​លាការ​​ឲ្យ​​ដោះ​​លែង​​ម្តាយ​​របស់​​គេ​​មក​​វិញ ៖ "ខ្ញុំចង់​ឲ្យ​ម៉ាក់​ខ្ញុំ​មក​​វិញ​ ខ្ញុំ​សុំ​ឲ្យ​តុលាការ​ដោះលែង​ម៉ាក់​ខ្ញុំ​ឲ្យ​លឿន​​បំផុត ព្រោះ​ខ្ញុំ​អត់​ម៉ាក់​ខ្ញុំ​អត់​បាន​ទេ​ ខ្ញុំ​ត្រូវ​ការ​ម៉ាក់​"។
សកម្មជន​​ដី​ធ្លី អ្នក​​ស្រី ​ទេព វន្នី ដែល​ជា​អ្នក​ចេញ​មុខ​តវ៉ា ជាមួយ​អ្នក​ស្រី​យ៉ោម បុប្ឋា ដែរ​នោះ មាន​​​ប្រ​សាសន៍​​ថា ពេល​​គាត់​ទទួល​​បាន​​បទ​​ចម្រៀង​នេះ ពួក​គាត់​​មាន​​ការ​​ឈឺ​​ចាប់ និង​​អាណិត​​អ្នក​​ស្រី​ យ៉ោម​ បុប្ផា។ អ្នក​ស្រី​ថា មាន​តែ​ភាព​អយុតិ្ត​ធម៌​ និង​​ការ​ឈឺ​​ចាប់​ទេ ដែល​​ធ្វើ​​ឲ្យ​​គាត់​អាច​​​និ​ពន្ធ​​​បទ​​ចម្រៀង​នេះ។ ទោះ​​ជា​​យ៉ាង​​ណា ​អ្នក​​ស្រី​ថា អ្នក​ស្រី​​នឹង​​បន្ត​​ស្វែង​​រក​​អន្ត​រា​គមន៍​​​​​រហូត​មាន​​ដំណោះ​​ស្រាយ​ និងការដោះលែង ៖ "តម្លាភាព​ក្នុង​ការ​អភិវឌ្ឍន៍ប្រទេស​ជាតិ​ និ​ងការ​​គោរព​សិទ្ធិរ​ស់រាន​មានជីវិត​របស់ពួក​យើង​ សិទ្ធិ​លំនៅឋាន​​ពួកយើង​ ហើយ​ដល់​ពេល​ចូលពន្ធនាគារ​​ចឹង​ អ្នក​ដែល​គេ​ប្រព្រឹត្ត​បទល្មើសគេ​អត់​ចូល បែរ​ជាចូល​ពួកខ្ញុំ​ អញ្ចឹង​​​​ខ្ញុំ​មាន​ការ​ឈឺចាប់​ណាស់​"។
ក្នុង​នាម​ជា​ប្តី ដែល​ទទួល​បន្ទុក​លើកូន​ប្រុស​តែ​ម្នាក់​ឯង ដោយ​គ្មាន​ភរិយា​នៅ​ជាមួយ លោក លួស សាខន មាន​ប្រសាសន៍​ថា ប្រពន្ធ​របស់​គាត់​ប្តេជ្ញា​ហើយ​ថា​គាត់​នឹង​រស់​នៅ​បន្ត​ទៀត ដើម្បី​ចាំ​មើល​ភាពយុ​ត្តិ​ធម៌​នៅ​ក្នុង​សង្គម​កម្ពុជា។ លោក​ថា ប្រពន្ធ​របស់​គាត់​កំពុង​បន្ត​និពន្ធ​បទ​ចម្រៀង​បន្ថែម​ទៀត​នៅ​ក្នុង​ពន្ធនាគារ៕

No comments:

Post a Comment