អ្នកមានជម្លោះដីធ្លីនៅភ្នំពេញ ស្នើWB ដាក់សម្ពាធរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដំណោះស្រាយដីធ្លី
ដោយ ញឹម សុខន និង ស៊ុន ណារិន ថ្ងៃសុក្រ ទី11 មករា ឆ្នាំ2013 ម៉ោង11:53
មនុស្សប្រហែល៦០នាក់ មកពីសហគមន៍ពីរ នៅរាជធានីភ្នំពេញ ដែលមានជម្លោះដីធ្លី នៅថ្ងៃសុក្រនេះ បានដាក់ញត្តិទៅធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា សុំអន្តរាគមន៍ដាក់សម្ពាធទៅរាជរដ្ឋាភិបាល ស្វែងរកដំណោះស្រាយពីការបណ្តេញចេញ។សហគមន៍ទាំងនោះមកពីអតីតបុរីកីឡា និងសហគមន៍៣៤៧ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ ពួកគេបានឲ្យអ្នកសារព័ត៌មានដឹងបន្ទាប់ពីដាក់ញត្តិរួចថា ពលរដ្ឋនៅអតីតបុរីកីឡា ចំនួន១០៩គ្រួសារ បាត់បង់ផ្ទះសម្បែង និងកំពុងរស់នៅលើគំនរសំរាម តាមសំយ៉ាបផ្ទះអ្នកដទៃ អស់ជាងមួយឆ្នាំមកហើយ។ ពួកគេចោទថា ក្រុមហ៊ុនផានអ៊ីម៉ិច បានបណ្តេញពួកគេចេញទាំងបង្ខំកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២។
ស្តាប់សំឡេង៖
អ្នកភូមិបន្តថា មកដល់ពេលនេះ ក្រុមហ៊ុននោះ មិនទាន់ផ្តល់សំណងណាមួយជូនពួកគេនៅឡើយទេ បើទោះជាពួកគេ បានស្វែងរកជំនួយពីគ្រប់ស្ថាប័នជាតិធំៗ ដូចជារដ្ឋសភា ទីស្តីការគណៈរដ្ឋមន្ត្រី ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងស្ថាប័នមួយចំនួនទៀត ឲ្យជួយអន្តរាគមន៍ ប៉ុន្តែពួកគេថា គ្មានដំណោះស្រាយ ៖ "ពួកខ្ញុំពិបាកណាស់រស់នៅពិបាកជាស្លាប់ទៀត មនុស្សដែលអត់ផ្ទះ ដូចមនុស្សតែលតោល សូម្បីចាបក៏វាមានសម្បុកវាដែរ វាមានម៉ែ មានឳវាដែរ សម្រាប់ពួកខ្ញុំនេះ សូម្បីតែផ្ទះក៏អត់មានដែរ នៅរស់រាល់ថ្ងៃពីភ័យខ្លាច អត់មានទ្វារ មានជញ្ជាំង ពួកខ្ញុំវេទនាណាស់។"
ចំណែកសហគមន៍៣៤៧ បានឲ្យដឹងថា ពួកគេ៨៣គ្រួសារ ត្រូវចាកចេញបណ្តើរៗហើយ ដោយបានសំណងតិចតួច មិនអាចយកទៅធ្វើលំនៅឋានថ្មីបាន ទើបស្វែងរកអន្តរាគមន៍ពីស្ថាប័នជាតិនិងអន្តរជាតិ រហូតសព្វថ្ងៃនេះ ៖"អ្វីដែលគាត់ទទួលបានជាសំណង ក្នុងការដោះដូរលំនៅឋានរបស់គាត់បានត្រឹមតែទឹកប្រាក់ ៣លានរៀល។ សួរថា ៣លានរៀលលុយខ្មែរហ្នឹង សួរថា ៣លានរៀលហ្នឹងយកទៅធ្វើអី ៣លានរៀលហ្នឹង ជួសជុលតែបន្ទប់ទឹក ជួសជុលមិនចេញផងហ្នឹង។ ឥឡូវហ្នឹងកំពុងប្រឈមមុខដដែល ព្រោះពួកគាត់នៅតែបណ្តេញពួកខ្ញុំចេញដដែលហ្នឹង។"
VOD មិនអាចទាក់ទងមន្រ្តីធនាគារពិភពលោក ដើម្បីសុំអត្ថាធិប្បាយជុំវិញញត្តិរបស់អ្នកភូមិ និងក្រុមហ៊ុនផានអ៊ីម៉ិច បានទេនៅថ្ងៃសុក្រនេះ។ ចំណែកអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកឡុង ឌីម៉ង់ អះអាងថាកំពុងជាប់រវល់។
នាយកលេខាធិការនៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ហៅការដែលអ្នកមានជម្លោះដីធ្លី រកអន្តរាគមន៍ពីស្ថាប័នអន្តរជាតិបែបនេះ ទំនងជាសារ បង្ហាញថា ពលរដ្ឋដែលជាម្ចាស់ឆ្នោត អស់ជំនឿលើរាជរដ្ឋាភិបាលកម្ពុជា ៖ "សូម្បីតែអង្គការសហប្រជាជាតិនានា សហគមន៍អឺរ៉ុប រហូតដល់ប្រធានាធិបតីអាមេរិកទៀត ដែលគេជាបិតាពិភពលោក ខាងប្រជាធិបតេយ្យគេមើលឃើញចង់ជួយខ្មែរដែរ ក៏ប៉ុន្តែខ្ញុំសោកស្តាយដែលខ្មែរខ្លួនឯង មិនចង់ជួយខ្មែរខ្លួនឯង។"
ការចេញតវ៉ារឿងជម្លោះដីធ្លីនៅរាជធានីភ្នំពេញនេះ គេប្រទះឃើញស្ទើររាល់ថ្ងៃ ដែលសហគមន៍ទាំងនោះចេញតវ៉ា មានពេលខ្លះតំណាងត្រូវតុលាការចាប់ដាក់ពន្ធនាគារ តែហាក់មិនមានដំណោះស្រាយណាមួយឲ្យមានប្រសិទ្ធភាព បើទោះបីរដ្ឋាភិបាល ធ្វើកំណែទម្រង់ដីធ្លីនៅឆ្នាំ២០១២នេះ ក៏ដោយ៕
No comments:
Post a Comment