Saturday, January 12, 2013


អ្នក​ភូមិ​មាន​ជម្លោះ​ដី​ធ្លី​ឡើង​មក​ភ្នំពេញ​បន្ទាប់​ពី​មាន​ការ​គំរាម​សម្លាប់

លោកសឿង យ៉ារ៉ាត ឈរ​នៅ​ក្បែ​រ​ផ្ទះ​អ្នក​ភូមិ​​ដែល​នៅ​ក្បែរ​ផ្ទះ​របស់​លោក​​។ រូបថត ជីវ័ន
រតនគិរីៈ ជន​ជាតិ​ដើម​ភាគ​តិច​ទំពូន ១២​ គ្រួសារ នៅ​ក្នុង​ឃុំ​កាឡែង ​ស្រុក​លំផាត់ ដែល​បាន​រត់​ចោល​ផ្ទះ​ បន្ទាប់​ពី​ត្រូវ​បាន​អ្នក​មាន​អំណាច បាន​គំរាម​សម្លាប់ បាន​ដាក់​ពាក្យ​ប្តឹង ទៅ​តុលាការ​ខេត្ត កាល​ពី​ថ្ងៃ​ពុធ ប្តឹង​អ្នក​ដែល​បាន​គំរាម​ពួក​គាត់។
លោក​សឿង យ៉ារ៉ាត អាយុ​៥០​ឆ្នាំ​តំណាង​ឲ្យ​ជន​ជាតិ​ទំពូន​ ពិការ​ជើង​ស្តាំ​នៅ​ក្នុង​ឆ្នាំ​២០០៩ ដោយ​សារ​ការ​បាញ់​ប្រហារ ពី​សំណាក់​បុគ្គលិក​ក្រុមហ៊ុន DM Group​ នៅ​ពេល​ដែល​គាត់​បដិសេធ​ពុំ​ព្រម​ទទួល​យក​សំណង​ បាន​ឲ្យ​ដឹង​ថា ពល​រដ្ឋ​របស់​លោក​បាន​រត់​ចោល​ផ្ទះ​សម្បែង​កាល​ពី​ថ្ងៃ​ពុធ​ដោយ​សារ​ភ័យ​ ខ្លាច​ ពី​សកម្មភាព​ប្រើប្រាស់​អាវុធ​គំរាម​សម្លាប់​ពី​សំ​ណាក់​កូន​ប្រុស​ ម្ចាស់​កសិដ្ឋាន។ លោក​ឲ្យ​ដឹង​ថា​៖ «ពួក​ខ្ញុំ​១២ គ្រួសារ​ភ័យ​ក៏​បាន​រត់​រប៉ាត់​រប៉ាយ​អស់​ហើយ អត់​មាន​នរណា​ហ៊ាន​នៅ​ទេ បើ​សិន​នៅ​គេ​អាច​បាញ់​សម្លាប់​ពួក​ខ្ញុំ»។ លោក​បាន​ដាក់​ពាក្យ​ប្តឹង​កូន​ម្ចាស់​កសិដ្ឋាន គឺ​លោក គុជជូ ច័ន្ទបូណាក់ ទៅ​តុលាការ​ខេត្ត​រតនគិរី ពី​បទ​បំផ្លាញ​ផល​ដំណាំ​និង​ប្រើប្រាស់ ​អាវុធ​គំរាម​បាញ់​សម្លាប់​អ្នក​ភូមិ។ លោក​បន្ត​ថា​៖ «កាល​ពី​មាន​ទំនាស់​ជា​មួយ​ក្រុមហ៊ុន​ DM Group គេ​បាន​យក​ដី​ខ្ញុំ​ហើយ​បាញ់​ខ្ញុំ​ឲ្យ​បាក់​ជើង​ម្តង​ហើយ​ តែ​ឥឡូវ មាន​អ្នក​ថ្មី​មក​គំរាម​បាញ់​សម្លាប់​ខ្ញុំ​ទៀត​ថា​ខ្ញុំ​រស់​នៅ​លើ​ដី​គេ​ តែ​តាម​ពិត​ដី​នោះ ​អាជ្ញាធរ​ឃុំ​បាន​ឲ្យ​ពួក​ខ្ញុំ​ចំនួន​១ ហិកតា​សម្រាប់​១២​គ្រួសារ​រស់​នៅ​បន្ទាប់​ពី​ដី​ពួក​ខ្ញុំ​គេ​យក​អស់​»។​ ដើម្បី​សុវត្ថិភាព អ្នក​ភូមិ​ទាំង​នេះ បាន​ឡើង​មក​ភ្នំពេញ​កាល​ពី​ម្សិល​មិញ​។
លោក​បន្ថែម​ថា «បើ​គេ​ចង់​បាញ់​ ឬ​ក៏​សម្លាប់​មក​សម្លាប់​ខ្ញុំ​ នៅ​ទីក្រុង​ភ្នំពេញ​មក​ដើម្បី​ឲ្យ​សម្តេច​នាយក​រដ្ឋ​មន្ត្រី​បាន​ដឹង​ផង»។​ បើ​តាម​អ្នក​ភូមិ ចាប់​តាំង​ពី​ចុង​ខែ​ធ្នូ​មក កូន​ប្រុស​ម្ចាស់​កសិដ្ឋាន​គឺ​លោក គុជជូ ច័ន្ទបូណាក់ និង​លោក គុជជូ ច័ន្ទ​គ្រឹ​ស្នា អម​ជាមួយ​កម្មករ​ដោយ​មាន​អាវុធ​មក​ជាមួយ បាន​មក​កាប់​រំលំ​ដើម​ឈើ​អ្នក​ភូមិ និង​គំរាម​បាញ់​សម្លាប់ បើ​សិន​អ្នក​ភូមិ​មិន​រុះរើ​លំនៅដ្ឋាន​ចេញ​ទេ​នោះ។

លោក រស់ សារាំ ព្រះរាជ​អាជ្ញា​រង​ខេត្ត​រតនគិរី​ បាន​ថ្លែង​ថា លោក​ពុំ​ទាន់​បាន​ទទួល​ពាក្យ​បណ្តឹង​នោះ​ទេ ប្រហែល​ស្ថិត​នៅ​ក្នុង​ដៃ​រដ្ឋបាល​ដើម្បី​ធ្វើ​ការ​ចុះ​បញ្ជី។​
លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក​បាន​មាន​ប្រសាសន៍​ថា អង្គ​ការ​អាដហុក បាន​សម្រេច​ផ្តល់​កន្លែង​ស្នាក់​អាស្រ័យ​បណ្ដោះ​អាសន្ន​ជូន​អ្នក​ភូមិ​នោះ។ លោក​បន្ត​ថា​៖« ពួក​គាត់​ភ័យ​ខ្លាច​នឹង​ការ​គំរាម​កំហែង​ដោយ​ឈ្មួញ​មាន​អាវុធ គាត់​ក៏​បាន​រត់​ចេញ​ពីផ្ទះ​ ដូច្នេះ​យើង​ជួយ​គាត់​ក្នុង​នាម​គាត់​ភៀស​ខ្លួន​ពី​ភូមិ​គាត់​»។ បើ​តាម​លោក​ប៉ែន ប៊ុណ្ណារ៍ អ្នក​ដែល​បាន​គំរាម​អាយុ​ជីវិត​ជន​ជាតិ​ភាគតិច​ទាំង​នោះ​ គឺ​ជា​មន្ត្រី​យោធា ធ្វើ​ការ​នៅ​ក្រសួង​ការពារ​ជាតិ​ពាក់​ស័ក្តិ ៤។ ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ បាន​ឲ្យ​ពលរដ្ឋ​ទាំង​នោះ ដាក់​ពាក្យ​បណ្តឹង​មក​ក្រសួង។ លោក​ប៉ែន ប៊ុណ្ណារ៍ បាន​ថ្លែង​ទៀត​ថា​៖ « រឿង​នេះ​វា​អយុត្តិធម៌​ណាស់​សម្រាប់​ពួក​គាត់​ ក្រុម​ហ៊ុន​មួយ បាន​យក​ដី​គាត់​ហើយ​បាញ់​គាត់​បាក់​ជើង ហើយ​ស្រាប់​តែ​ពេល​នេះ​ មាន​អ្នក​ផ្សេង​គេ​មក​គំរាម​យក​ដី​ពួក​គាត់​ទៀត​»។
មេ​ឃុំ​កាឡែង លោក ស៊ុត សុំ មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ការ​ចុះ​ទៅ​អង្កេត​មក​គឺ​រក​ឃើញ​ថា ​ពិត​ជា​មាន​ការ​គំរាម និង​កាប់​ផល​ដំណាំ​ប្រជា​ពលរដ្ឋ​មែន​ហើយ​សូម្បី​តែ​រូប​លោក​ ក៏​ទទួល​រង​នូវ​ការ​គំរាម​កំហែង​ពី​គ្រួសារ​ម្ចាស់​កសិដ្ឋាន​នោះ​ដែរ។ លោក​បន្ត​ថា​៖ «ខ្ញុំ​បាន​ប្រាប់​ប្រជា​ជន​ថា មិន​បាច់​ចេញ​ទៅ​ណា​ទេ​​ បើ​ទោះ​បីជា​គេ​កាប់​សម្លាប់​ក៏​ឲ្យ​សម្លាប់​នៅ​ក្នុង​ភូមិ​នេះ​ទៅ​»​។
លោក​គុជជូ ច័ន្ទបូណាក់​ពុំ​អាច​ទំនាក់​ទំនង​សុំ​ការ​អធិប្បាយ​បាន​ទេ​កាល​ពី​ថ្ងៃ​ម្សិល​មិញ។
ទំនាស់ ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ រវាង​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ទំពូន​១៣៦​ គ្រួសារ​ ជាមួយ​ក្រុមហ៊ុន DM Group លើ​ទំហំ​ដី​សរុប ២៦០​ហិកតា បាន​អូស​បន្លាយ​តាំង​ពី​ឆ្នាំ ២០០៥ មក រហូត​មក​​ដល់​ពេល​នេះ នៅ​មិន​ទាន់​បាន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នៅ​ឡើយ​ទេ​។ ជម្លោះ​ដីធ្លី​នេះ​​មាន​មនុស្ស​១៨ នាក់ ក្នុង​នោះ​មាន​មន្ត្រី​សិទ្ធិ​មនុស្ស​ ៣ នាក់​ និង​អ្នក​សារ​ពត៌មាន​ម្នាក់ បាន​ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​តុលាការ​តាម​បណ្តឹង​របស់​ក្រុមហ៊ុន​ តាំង​ពី​ឆ្នាំ​២០០៨​មក៕

No comments:

Post a Comment