ពលរដ្ឋបឹងកក់ស្វែងរកការអន្តរាគមន៍ពីកូនលោកនាយករដ្ឋមន្ត្រី
សកម្មភាពបូបខ្សាច់ពន្លិចផ្ទះប្រជាពលរដ្ឋអ្នកភូមិបឹងកក់នាពេលកន្លងមក
- Thursday, 10 January 2013
- ឃុត សុភចរិយា ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ប្រជាពលរដ្ឋប្រមាណ៣០នាក់មកពីសហគមន៍បឹងកក់ បាននាំគ្នាដាក់ញតិ្ដស្វែងរកការអន្តរាគមន៍ទៅលោកហ៊ុន ម៉ានិត អនុប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី ឲ្យជួយផ្ដល់ប័ណ្ណកម្មសិទ្ធិដល់ពួកគេ ប្រមាណ ៦១ គ្រួសារ ដែលសាលារាជធានីភ្នំពេញបានកាត់ចេញពីគម្រោងទទួលបានចំណែកដីទំហំ ១២,៤៤ហិកតា ដែលផ្ដល់ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ការ លើកគ្នាទៅដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីលោក ហ៊ុន ម៉ានិត ដែលជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីព្រឹកថ្ងៃម្សិលមិញនេះ បានធ្វើឡើងបន្ទាប់ពីក្រុមអ្នកភូមិទាំងនេះ ត្រឡប់ពីដាក់ញត្តិជូន ប្រធានធនាគារពិភពលោក ប្រចាំកម្ពុជាដើម្បីស្នើសុំជួយអន្តរាគមន៍ ឲ្យមានការដោះស្រាយរឿងដីរបស់ពួកគេឲ្យបានឆាប់។
នៅក្នុង ញត្តិ ដែលភ្ជាប់ជាមួយស្នាមមេដៃនិងស្ថិតិគ្រួសារ រួមទាំងទំហំដីរបស់គ្រួសារនីមួយៗនោះ ពួកអ្នកភូមិទាំងនោះ បានដាក់ការទាមទារបួនចំណុច រួមមានសុំប្លង់កម្មសិទ្ធិដីធ្លី បោះបង្គោលកំណត់ព្រំប្រទល់ដី១២,៤៤ហិកតាឲ្យបានច្បាស់លាស់ បញ្ឈប់ការបណ្ដេញចេញដោយបង្ខំ និង សុំឲ្យដោះលែងអ្នកស្រីយ៉ោម បុប្ផា ដែលជាសកម្មជនដីធ្លីរបស់ពួកគេឲ្យមានសេរីភាពឡើងវិញ។
អ្នក ស្រី ង៉ែត ឃុន អាយុ៧២ឆ្នាំ ដែលនៅមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនៅឡើយ និងដែលធ្លាប់ត្រូវបានអាជ្ញាធររាជធានីភ្នំពេញចាប់ដាក់គុក មួយខែបីថ្ងៃ ដោយព្រោះតែការតវ៉ារឿងដីធ្លី បាននិយាយថាអាជ្ញាធររាជធានីភ្នំពេញហាក់មានចេតនាចង់រឹបយកដី របស់ពួកគាត់ ព្រោះរហូតមកទល់ពេលនេះ ពួកគាត់នៅតែមិនត្រូវបានផ្ដល់ប័ណ្ណកម្មសិទ្ធិឲ្យនៅឡើយ។
អ្នក ស្រីថ្លែងថា៖«អាជ្ញាធរដឹងច្បាស់ណាស់ថាយើងខ្ញុំតវ៉ាចង់បានអ្វី ប៉ុន្តែគេមិនព្រមដោះស្រាយឲ្យ ហើយពេលដែល យើងដាក់ញតិ្តតវ៉ាសុំកិច្ចអន្តរាគមន៍ពីស្ថាប័ននានា ទាំងជាតិនិងអន្តរជាតិ បែរជាអាជ្ញាធរចោទពួកយើងថាបង្កភាពអនាធិបតេយ្យ ខូចសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ»។
អ្នកស្រីបានបន្តថា ក្រៅពីដាក់កម្លាំងសមត្ថកិច្ចឃ្លាំមើលនិងរារាំងដល់ការតវ៉ាទាមទារ របស់ពួកគាត់ក្នុងសហគមន៍បឹងកក់ អាជ្ញាធរមិនបានផ្ដល់ព័ត៌មានស្ដីពីវឌ្ឍនភាពនៃការស្វែងរក ដំណោះស្រាយសមស្របណាមួយជូនពួកគាត់ទេ។
នៅក្នុងការដាក់ញត្តិ នេះ គេសង្កេតឃើញចំនួនក្រុមសមត្ថកិច្ចនគរបាល និងស៊ីវិលមានប្រមាណជាបួនដងច្រើនជាងចំនួនអ្នកភូមិ បានដាក់ពង្រាយនៅតាមដងផ្លូវមុខវិមានសន្តិភាពរបស់រដ្ឋាភិបាល។ ទោះជាយ៉ាងណាក៏ដោយ នៅម៉ោងប្រមាណជាង១០ ព្រឹក លោក ប៉ាល់ ចន្ទតារា មេធាវីរាជរដ្ឋាភិបាលកម្ពុជា បានចេញមកទទួលយកញតិ្តពីអ្នកភូមិទាំងនោះ។
លោក ប៉ាល់ ចន្ទតារា មេធាវីរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងទៅកាន់ហ្វូងពលរដ្ឋដែលទាមទាររកការអន្តរាគមន៍នោះថា លោកនឹងនាំយកញតិ្តនោះដាក់ទៅឲ្យថ្នាក់លើ ដើម្បីពិនិត្យនឹងសម្រេច ប៉ុន្តែលោកព្យាយាមមិនប្រាប់ពីឈ្មោះរបស់ថ្នាក់លើនោះទេ។
លោក បាននិយាយថា៖ «ខ្ញុំនឹងនាំយកញត្តិនេះទៅឲ្យថ្នាក់លើដើម្បីពិនិត្យ យ៉ាងយូរពីរថ្ងៃទៀត ខ្ញុំនឹងប្រាប់ដំណឹងទៅឲ្យអ្នកភូមិវិញ បើសិនជាមានការសម្រេចពីថ្នាក់លើបែបណានោះ»។
កាលពីដើមខែ សីហា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចកាត់ដីចំនួនជាង១២ហិកតាចេញពីគម្រោងអភិវឌ្ឃន៍នៅតំបន់ បឹងកក់ ដើម្បីប្រគល់ឲ្យប្រជាពលរដ្ឋចំនួនជិត៨០០គ្រួសារដែលនៅសេសសល់ពីការ បណ្តេញចេញយ៉ាងបំពានពីអាជ្ញាធរក្រុងដើម្បីធ្វើការអភិវឌ្ឃសាងសង់ លំនៅដ្ឋានដោយខ្លួនឯង។ ប៉ុន្តែក្នុងចំណោមប្រជាពលរដ្ឋទាំងនោះមានចំនួន៦៤១គ្រួសារទៀតនៅ ក្នុងភូមិ១ ភូមិ៦ ភូមិ២២ និងភូមិ២៤ដែលបានអះអាងថា អាជ្ញាធរបានកាត់ចេញ មិនបានធ្វើប្លង់កម្មសិទ្ធដល់ពួកគេទេ។ នៅក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនេះ មានពលរដ្ឋម្នាក់កំពុងជាប់ឃុំនៅក្នុងពន្ធនាគារនៅឡើយ៕
No comments:
Post a Comment